ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ សូមថែរក្សានិងការពារយើងខ្ញុំដែលពឹងផ្អែកតែលើធម៌មេត្តាករុណារបស់ ព្រះអង្គ។ ដោយព្រះអង្គអត់ទោសយើងខ្ញុំឱ្យរួចផុតពីបាបនានា យើងខ្ញុំនឹងកាន់កិរិយា ដ៏វិសុទ្ធដែលគាប់ព្រះហប្ញព្រះអង្គ។
សូមថ្លែងព្រះគម្ពីរកំណើត កណ ១៧,៣-៩
លោកអប្រាហាំក្រាបចុះឱនមុខដល់ដី ហើយព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នកដូចតទៅ គឺអ្នកនឹងទៅជាឪពុករបស់ប្រជាជាតិជាច្រើន។ តាំងពីពេលនេះតទៅគេលែងហៅអ្នកថា “អប្រាម” ទៀតហើយ គឺអ្នកនឹងមានឈ្មោះថា “អប្រាហាំ” វិញ ដ្បិតយើងនឹងធ្វើឱ្យអ្នកទៅជាឪពុករបស់ប្រជាជាតិជាច្រើន។ យើងនឹងធ្វើឱ្យអ្នកមានកូនចៅច្រើនអនេក យើងនឹងធ្វើឱ្យអ្នកបង្កើតប្រជាជាតិជាច្រើន ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សអ្នកដែលកើតមកតាមក្រោយ គ្រប់តំណតរៀងទៅ។ សម្ពន្ធមេត្រីនេះនឹងស្ថិតស្ថេរនៅជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក និងជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។ យើងនឹងប្រគល់ស្រុកដែលអ្នកមកស្នាក់នៅនេះ គឺស្រុកកាណានទាំងមូលឱ្យអ្នក និងឱ្យពូជពង្សអ្នកដែលកើតមកតាមក្រោយ ទុកជាកេរមត៌ករហូតតរៀងទៅ ហើយយើងនឹងធ្វើជាព្រះរបស់ពូជពង្សអ្នក។ចំណែកឯអ្នកវិញ អ្នកត្រូវគោរពតាមសម្ពន្ធមេត្រីរបស់យើង គឺទាំងអ្នក ទាំងពូជពង្សអ្នកដែលកើតតាមក្រោយ ត្រូវគោរពតាមគ្រប់តំណរតរៀងទៅ»។
ទំនុកតម្កើងលេខ ១០៥ (១០៤), ៤-៩ បទកាកគតិ
៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
ស្វែងរកព្រះភក្ត្រ | របស់ព្រះអង្គ | កុំនៅរេរង់ | |
ឈប់ឈរសោះឡើយ | ។ | ||
៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | និងការវិនិច្ឆ័យ | |
ដែលទ្រង់សម្រេច | ។ | ||
៦ | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច | |
ជ្រើសយកយូរហើយ | ។ | ||
៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
កុំនៅបង្អស់ | រេរង់តោះតើយ | គឺព្រះនោះហើយ | |
គ្រប់គ្រងផែនដី | ។ | ||
៨ | ព្រះអង្គតែងខ្វាល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ | |
មួយពាន់តំណរ | ។ | ||
៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ | |
នឹងលោកអ៊ីសាក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
គ | នៅថ្ងៃនេះ យើងមិនត្រូវមានចិត្តរឹងរូសឡើយ! ត្រូវតែស្តាប់ព្រះសូរសៀងព្រះអម្ចាស់វិញ។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,៥១-៥៩
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។ ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះយើងដឹងច្បាស់ហើយថា លោកពិជាមានអារក្ខចូលមែន។ លោកអប្រាហាំ និងពួកព្យាការីបានទទួលមរណភាពទៅហើយ រីឯលោកវិញលោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់ឡើយ។ តើលោកមានឋានៈធំជាងលោកអប្រាហាំ ជាបុព្វបុរសរបស់យើងដែលទទួលមរភាពទៅហើយនោះឬ? រីឯពួកព្យាការីក៏ទទួលមរណភាពទៅដែរ ចុះលោក លោកតាំងខ្លួនជាអ្វី?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតាខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា “ព្រះរបស់យើង”។ អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ រីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គ។ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្តែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។ លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នា មានចិត្តត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែន ហើយត្រេកអរសប្បាយ»។ ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្តេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមកខ្ញុំស្ថិតនៅហើយ»។ ពេលនោះ ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារបាត់ទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូបានបូជាព្រះជន្មដើម្បីលើកលែងទោសយើងខ្ញុំ និងសង្គ្រោះមនុស្សលោក។ យើងខ្ញុំនាំគ្នារំឭកសក្ការបូជានេះ។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមប្រែចិត្តគំនិតយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ត ធ្វើជាអាហារផ្តល់កម្លាំងឱ្យយើងខ្ញុំ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ។ យើងខ្ញុំសូមពឹងផ្អែកលើព្រះហប្ញទ័យអាណិតមេត្តារបស់ព្រះអង្គ។ សូមប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។