អត្ថបទព្រះកម្ពីរ ថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ជារៀងរាល់ឆ្នាំ ព្រះអង្គពង្រីកព្រះសហគមន៍ដោយមានអ្នកជឿទៅលើព្រះគ្រីស្តថ្មីៗទទួលអគ្គសញ្ញាជ្រមុជទឹក។ សូមទ្រង់ព្រះមេត្តាប្រោសបុត្រធីតារបស់ព្រះអង្គឱ្យរស់នៅស្របតាមអគ្គសញ្ញាដែលខ្លួនបានទទួលនោះ និងមានជំនឿកាន់តែមាំមួនផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១៤.២២-៣២

នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់បណ្តាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្តាប់ពាក្យរបស់ខ្ញុំ។ ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូជាអ្នកភូមិណាសារ៉ែតនៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗនៅកណ្តាលចំណោមបងប្អូនតាមរយៈលោក ដូចបងប្អូនជ្រាបស្រាប់ហើយ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឱ្យជនពាលឥតសាសនាឆ្កាងលោក ដូចព្រះជាម្ចាស់ទ្រង់ញាណ ហើយបានកំណត់ទុក។ ព្រះជាម្ចាស់បានប្រោសលោកឱ្យក្រោកឈរឡើង ដោយ​ដោះលែងលោកឱ្យរួចពីទុក្ខលំបាកនៃសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់មិនអាចឃុំលោកទុកបានឡើយ។ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា “ទូលបង្គំបានឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ មិនឱ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ហេតុនេះហើយ បានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំក៏នឹងសម្រាកដោយសេចក្តីសង្ឃឹមដែរ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង​ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឱ្យសពអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ​ត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញឱ្យទូលបង្គំស្គាល់ផ្លូវឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឱ្យទូលបង្គំមានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ”។ បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឱ្យបានច្បាស់អំពីព្រះបាទដាវីឌជាបុព្វបុរសរបស់យើងនោះថា ទ្រង់សោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការី ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយព្រះអង្គថានឹងប្រទានឱ្យព្រះរាជវង្សមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រីស្តមានព្រះជន្មថ្មី គឺទ្រង់មានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រីស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឱ្យព្រះសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឱ្យមានជីវិតថ្មីឡើង យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំដូចបងប្អូនបានឃើញ បានឮស្រាប់»។

ទំនុកតម្កើងលេខ ១៦(១៥), ១.៥.៧-១១ បទពាក្យ ៧

ឱ!ព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឱ្យសុខសាន្ត
ដ្បិតទូលបង្គំសុំផ្ញើប្រាណ ជ្រកក្រោមទីស្ថានម្លប់បារមី
បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំសូមតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ ទោះយប់ងងឹតក៏តឿនដែរ
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល
១០ ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ឱ្យរងទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល សពបម្រើផ្ទាល់ស្អុយរលួយ
១១ ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,២៤

អាលេលូយ៉ា! អាលេលូយ៉ា! នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៨,៨-១៥

ស្រីៗឮទេវទូតមានប្រសាសន៍ ហើយប្រញាប់ប្រញាល់ចេញពីផ្នូរទាំងភ័យទាំងអរយ៉ាងខ្លាំង នាំដំណឹងរត់ទៅជម្រាបក្រុមសាវ័ក។ ពេលនោះ ស្រាប់តែព្រះយេស៊ូយាងមកជួបពួកនាង ព្រះអង្គមានព្រះបន្ទូលថា៖ «ជម្រាបសួរនាង!»។ នាងទាំងនោះក៏ចូលមកឱបព្រះបាទា ហើយក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំភ័យខ្លាចអ្វីឡើយ! សុំទៅប្រាប់បងប្អូនខ្ញុំឱ្យទៅស្រុកកាលីឡេទៅ គេនឹងបានឃើញខ្ញុំនៅទីនោះ»។ កាលស្ត្រីៗទាំងនោះកំពុងធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកនាយកបូជាចារ្យអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមានឡើង។ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឱ្យប្រាក់យ៉ាងច្រើនដល់ពួកទាហានទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួច​យកសពទៅទាំងយប់”។ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឱ្យអ្នករាល់គ្នាមានទោស»។ ពួកទាហានទទួលយកប្រាក់ ហើយធ្វើតាមសេចក្តីដែលគេបានបង្គាប់។ រឿងនេះក៏ឮសុសសាយក្នុងចំណោមជនជាតិយូដារហូតមកទល់សព្វថ្ងៃ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំគ្មានអ្វីថ្វាយចំពោះព្រះអង្គក្រៅពីកាយ វាចា ចិត្ត។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ។ យើងខ្ញុំដែលបានទទួលជីវិតថ្មីដោយសារជំនឿ និងអគ្គសញ្ញាជ្រមុជទឹក សូមចូលរួមជាមួយព្រះបុត្រាដែលបានបូជាព្រះជន្ម គឺព្រះបុត្រាដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រទានជីវិតថ្មីឱ្យយើងខ្ញុំ។ ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏បានប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតារបស់ព្រះអង្គដែរ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn