ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំ និងគាំទ្រព្រះសហគមន៍ឱ្យលូតលាស់ជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រទានជំនឿឱ្យយើងខ្ញុំ កុំឱ្យយើងខ្ញុំអស់សង្ឃឹមនៅគ្រាពិបាក សូមឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៨,១-៨
តាំងពីថ្ងៃដែលជនជាតិយូដាប្រហារជីវិតលោកស្ទេផានមក ព្រះសហគមន៍នៅក្រុងយេរូសាឡឹមត្រូវគេបៀតបៀនជាខ្លាំង អ្នកជឿទាំងប៉ុន្មាន លើកលែងតែក្រុមគ្រីស្តទូតចេញបាក់បែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ នាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ រីឯលោកសូលវិញ លោកខំប្រឹងរំលាយព្រះសហគមន៍ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់អ្នកជឿទាំងប្រុស ទាំងស្រីយកទៅឃុំឃាំង។ ក្រុមសាវ័កដែលបែកខ្ញែកគ្នានោះធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងនាំដំណឹងល្អអំពីព្រះបន្ទូល។ លោកភីលីពធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រីស្ត។ មហាជនរួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យដែលលោកធ្វើ គឺមានខ្មោចជាច្រើនចេញពីមនុស្សទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់។
ទំនុកតម្កើងលេខ ៦៦(៦៥), ១-៧ បទកាកគតិ
១ | ប្រជាប្រុសស្រី | នៅលើផែនដី | ទាំងអស់គ្នាអើយ |
នាំគ្នាអបអរ | កុំបីកន្តើយ | អបអរសប្បាយ | |
សាទរព្រះម្ចាស់ | ។ | ||
២ | ចូរច្រៀងតម្កើង | សិរីរុងរឿង | ព្រះនាមរបស់ |
ព្រះម្ចាស់នៃយើង | បារមីខ្ពង់ខ្ពស់ | តម្កើងថ្កើងយស | |
ថ្វាយដល់ព្រះអង្គ | ។ | ||
៣ | ចូរទូលទ្រង់ថា | បពិត្រព្រះជា | អម្ចាស់នៃយើង |
គ្រប់ស្នាព្រះហស្ត | វិសេសថ្កុំថ្កើង | យើងសូមលើកឡើង | |
ឱ្យខ្ពស់ដរាប | ។ | ||
ពួកខ្មាំងសត្រូវ | ព្រះអង្គចាំនៅ | នាំគ្នាលុតក្រាប | |
ដោយឃើញចេស្តា | ឫទ្ធានុភាព | ព្រះអង្គរៀងរាប | |
ធំធេងកន្លង | ។ | ||
៤ | មនុស្សម្នាលើដី | ទាំងប្រុសទាំងស្រី | ក្រាបថ្វាយព្រះអង្គ |
គេនាំគ្នាច្រៀង | លើកសិរីផង | ច្រៀងបទតម្កើង | |
ព្រះនាមល្បាញល្បី | ។ | ||
៥ | ចូរយើងនាំគ្នា | ពីគ្រប់ទិសា | កុំនៅធ្វើហី |
មើលស្នាព្រះហស្ត | សុទ្ធតែប្រពៃ | ដែលទ្រង់លកលៃ | |
ធ្វើមកមនុស្សលោក | ។ | ||
៦ | ទ្រង់ធ្វើឱ្យទឹក | សមុទ្រគគ្រឹក | ប្រែជារីងគោក |
ឱ្យប្រជាជន | ដើរឆ្លងទៅមក | យើងផុតទុក្ខសោក | |
ប្រែជាសប្បាយ | ។ | ||
៧ | ព្រះអង្គគ្រប់គ្រង | អស់កល្បយូរលង់ | ដោយឫទ្ធិបារមី |
ទ្រង់ត្រួតពិនិត្យ | ប្រជាប្រុសស្រី | កុំឱ្យគ្រប់កាយ | |
ក្រោកប្រឆាំងបាន | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ តាម រម ៦,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តមានសិរីរុងរឿងហើយ! ព្រះអង្គលែងសោយទិវង្គតហើយ! មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៣៥-៤០
ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជន ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឱ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះ ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ក្នុងបណ្តាលអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យឱ្យខ្ញុំប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឱ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ ខ្ញុំក៏នឹងប្រោសអ្នកនោះឱ្យមានជីវិតដ៏ពេញលេញនៅថ្ងៃចុងក្រោយបំផុតផង»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត និងជាព្រះបិតាយើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង គឺព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គដល់អស់អ្នកដែលជឿសង្ឃឹមលើព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យសុខចិត្តថ្វាយខ្លួនទៅព្រះអង្គ ដោយរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានប្រទានជំនឿលើព្រះយេស៊ូជាព្រះបុត្រាឱ្យយើងខ្ញុំ។ ព្រះយេស៊ូក៏មិនបោះបង់ចោលអ្នកណាដែលមករកព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានជំនឿកាន់តែមាំមួនឡើង ព្រមទាំងប្រព្រឹត្តតាមជំនឿនេះផង។