អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតទី២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៣,៤-១១

បងប្អូនជាទីស្រឡាញ់!
យើងមានសេចក្តីទុកចិត្តដ៏មុតមាំនៅចំពោះព្រះជាម្ចាស់ ព្រោះតែព្រះគ្រីស្ត យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះ ដែលប្រទានឱ្យយើង​មានសមត្ថភាពអាចនឹងធ្វើបាន។ ព្រះអង្គក៏ប្រទានឱ្យយើងមានសមត្ថភាពធ្វើជាអ្នក​បម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងក្រងឡើងដោយសរសេរជា​លាយ លក្ខណ៍អក្សរនោះទេ គឺចងក្រងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតវិន័យដែល​សរសេរជាលាយលក្ខណ៍អក្សរបណ្តាលឱ្យស្លាប់ រីឯព្រះវិញ្ញាណទ្រង់ប្រទានជីវិត។ វិន័យដែលចារឹកលើផ្ទាំងសិលា មានសិរីរុងរឿងយ៉ាងខ្លាំង រហូតដល់ទៅជនជាតិអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខលោកម៉ូសេបាន ព្រោះតែសិរីរុងរឿងភ្លឺចាំងពីផ្ទៃមុខលោកនោះ ជាសិរីរុងរឿងស្ថិតនៅតែមួយរយៈក៏ដោយ។ ប្រសិនបើមុខងារបម្រើធម្មវិន័យដែលបណ្តាលឱ្យស្លាប់នេះ មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ តើនឹងមានសិរីរុងរឿងលើសនេះយ៉ាងណាទៅទៀត?។ ប្រសិន​បើមុខងារដែលធ្វើឱ្យមនុស្សទទួលទោស មានសិរីរុងរឿងយ៉ាងហ្នឹងទៅហើយ ចុះ​ទម្រាំ​បើមុខងារដែលធ្វើឱ្យមនុស្សបានសុចរិតវិញ តើនឹងរឹងរឹតតែមានសិរីរុងរឿង​ប្រសើរលើសលប់យ៉ាងណាទៅទៀត?។ ប្រសិនបើយើងប្រៀបធៀបសិរីរុងរឿងពីសម័យដើម និងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតនាបច្ចុប្បន្នកាលនេះ យើងនឹងឃើញថា សិរីរុងរឿងពីដើម ដូចជាមិនរុងរឿងទាល់តែសោះ។ ដូច្នេះ ប្រសិនបើអ្វីៗដែលមិនស្ថិតស្ថេរមានសិរីរុងរឿងទៅហើយ ចុះទម្រាំបើអ្វីៗដែលនៅស្ថិតស្ថេរវិញ តើនឹង​រឹតតែមានសិរីរុងរឿងយ៉ាងណាទៅ?។

ទំនុកតម្កើងលោកតូប៊ីត ៩៩ (៩៨),៥-៩ បទពាក្យ ៧

ចូរលើកតម្កើងព្រះអម្ចាស់ ព្រះអង្គជាព្រះយើងមិនដែល
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែល ព្រះអ៊ីស្រាអែលព្រះវិសុទ្ធ
លោកម៉ូសេជាបូជាចារ្យ ដែលមកត្រៀបត្រាពេញជុំជិត
អរ៉ុនជាបូជាចារ្យពិត ចំណោមអ្នកសិ្នទ្ធនឹងព្រះអង្គ
លោកសាម៉ូអែលជាមនុស្សម្នាក់ ក្នុងចំណោមអ្នកអង្វរទ្រង់
ទាំងអស់គ្នាទូលថ្វាយព្រះអង្គ នោះទ្រង់តែងឆ្លើយមិនរារែក
ព្រះអង្គមានព្រះបន្ទូលមក ពីក្នុងពពកខ្មៅអនេក
លោកក៏កាន់តាមមិនអល់អែក ឥតមានប្រកែកច្បាប់ព្រះអង្គ
បពិត្រព្រះម្ចាស់ព្រះរបស់ យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង្គ
ព្រះអង្គតបឆ្លើយមិនបង្អង់ ទោះបីជាទ្រង់ដាក់ទោសក្តី
ព្រោះតែកំហុសលោកប្រព្រឹត្ត មានពីអតីតមិនថាអី
ព្រះអង្គតែងមានព្រះហឫទ័យ អត់ធ្មត់ខន្តីលោកជានិច្ច
ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់យើងកុំភ្លេច
ចូរក្រាបបង្គំកុំកែគេច តម្រង់ជានិច្ចភ្នំវិសុទ្ធ
ដ្បិតព្រះអម្ចាស់គឺជាព្រះ នៃយើងទាំងអស់ខ្ពស់បំផុត
ជាម្ចាស់ផែនដីមេឃសមុទ្រ អស់ទាំងសព្វសត្វលើលោកា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៩,៣

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះម្ចាស់អើយ! សូមបង្ហាញឱ្យខ្ញុំចេះកាន់ធម្មវិន័យរបស់ព្រះអង្គ សូមឱ្យខ្ញុំកាន់តាមដោយចិត្តស្មោះផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៧-១៩

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬសេចក្តីប្រៀនប្រដៅរបស់ព្យាការី​ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញ​លក្ខណៈទៅវិញ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា៖«ដរាបណាផ្ទៃមេឃ និង​ផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវរលុប​បាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញតិ​តូចមួយ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុង​ព្រះរាជ្យនៃស្ថានបរមសុខ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ»។

Facebook
Twitter
LinkedIn