អត្ថបទព្រះគម្ពីរ​ ថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០២៥

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសព្រះយេស៊ូទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យមានកិត្តិយសជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។ សូមប្រោសយើងខ្ញុំអាចឱ្យរស់នៅតាមឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,២៧-៣២.៤០-៤១

ក្រុមគ្រីស្តទូតឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យ​សួរក្រុមគ្រីស្តទូតថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឱ្យបង្រៀនប្រជា​ជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀន​គេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។
លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងស្តាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឱ្យ​ភ្ញាក់ឡើង។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងដោយឫទ្ធិបារមីរបស់ព្រះ​អង្គ ហើយតែងតាំងលោកជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះដើម្បីប្រោសប្រ​ទានឱ្យប្រជារាស្រ្តអុីស្រាអែលកែប្រែចិត្តគំនិត និងលើកលែងទោស​ឱ្យគេ​បានរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្តាប់បង្គាប់ព្រះអង្គទ្រង់ក៏ជា​សាក្សីដែរ»។ គេហាមប្រាមមិនឱ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឱ្យត្រឡប់​ទៅវិញ។ ក្រុមគ្រីស្តទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិត​ព្រះជាម្ចាស់បានប្រទានឱ្យគេមានកិត្តិយសរងទុក្ខទោសព្រោះតែព្រះនាម​ព្រះយេស៊ូ។

ទំនុកតម្កើងលេខ ៣០(២៩), ២-៦.១២-១៣ បទពាក្យ ៧​​​

បពិត្រព្រះម្ចាស់ដ៏ឧត្តម ទូលបង្គំសូមលើកតម្កើង  
  ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង មិនឱ្យពួកខ្មាំងលេងសើចបាន
ឱព្រះអម្ចាស់ដែលជាព្រះ ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន  
  ខ្ញុំអង្វរសុំក្តីសុខសាន្ត ហើយទ្រង់ប្រោសប្រាណឱ្យបានជា
បពិត្រព្រះម្ចាស់ដ៏ឧត្តម ស្រង់ទូលបង្គំផុតវេទនា  
  ចេញពីរណ្តៅជនមរណា ប្រទានជីវ៉ារស់ជាថ្មី
ឱ!អ្នករាល់គ្នាដែលជារាស្រ្ត របស់ព្រះម្ចាស់ដ៏ប្រពៃ  
  ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ វិសុទ្ធពេកក្រៃនៃព្រះអង្គ
ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ ប្រណីសន្តោសមនុស្សទាំងពួង  
  ពេលល្ងាចគេយំចិត្តមួរហ្មង ព្រលឹមស្រាងឡើងអរសប្បាយ
១២ ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខ អាប់អួរសព្វមុខមិនមានហ្មង  
  ឥតមានកាន់ទុក្ខរីករាយម្តង ខោអាវល្អផងពាក់សប្បាយ
១៣ ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង ស្មូតបទតម្កើងមិនជិនណាយ  
  ឱ!ព្រះម្ចាស់អើយខ្ញុំឱនកាយ បង្គំថ្វាត់ថ្វាយតម្កើងផង

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ៥,១១-១៤

ខ្ញុំយ៉ូហាន និមិត្តឃើញហើយឮសូរសំឡេងទេវទូតយ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វលោកដែលមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវទូតទាំងនោះមានចំនួនរាប់ម៉ឺន រាប់សែនច្រើនអនេកអនន្ត នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ មហិទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។
ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅលើមេឃ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះបន្លឺសំឡេងឡើងថា៖ «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀមទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្តា អស់កល្បជាអង្វែងតរៀងទៅ!»។ បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា៖”អាម៉ែន!” ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយ​បង្គំ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តមានព្រះជន្មគង់នៅ។ ព្រះអង្គបានបង្កើតពិភពលោក។ ព្រះអង្គសង្គ្រោះមនុស្សលោក! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,១-១៩ (ឬយ៉ាងខ្លី ២១,១-១៤)

ព្រះយេស៊ូបានបង្ហាញខ្លួនឱ្យក្រុមសាវ័កឃើញម្តងទៀត នៅមាត់សមុទ្រ​ទីបេរីយ៉ាដ គឺព្រះអង្គបង្ហាញឱ្យគេឃើញដូចតទៅ៖
លោកសិលា លោកថូម៉ាស ហៅឌីឌីម លោកណាថាណាអែលពីភូមិកាណាក្នុងស្រុកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និងសាវ័ករបស់ព្រះយេស៊ូពីរ​នាក់ទៀតនៅជុំគ្នា។ លោកសិលានិយាយទៅកាន់សាវ័កឯទៀតៗថា៖ «ខ្ញុំទៅ​រកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំ​គ្នា​ចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែនៅយប់នោះគេឥតបានត្រីសោះ។ ព្រលឹមឡើង ព្រះ​យេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែក្រុមសាវ័កមិនដឹង​ថាជាព្រះ​អង្គទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ! មានអ្វីបរិភោគ​ឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ ​«ចូរទម្លាក់អួនខាងស្តាំទូកទៅ មុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយ​ពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។ ពេលនោះសាវ័ក​ដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកសិលាថា៖ ​«ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនសិលាឮថា៖ “ព្រះអម្ចាស់” ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់​នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។ សាវ័កឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រាំង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយ​ពីច្រាំង​ប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។ គេឡើងទៅលើគោក ឃើញ​រងើក​ភ្លើងមានដាក់ត្រី និងនំប័ុងអាំងពីលើផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។ លោក​ស៊ីម៉ូន​ សិលា ចុះទៅក្នុងទូកទាញ​អួនដែលមានត្រីពេញមកដាក់លើគោក គឺ​មានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសាវ័កណាម្នាក់ហ៊ានសួរព្រះអង្គថា៖ “លោកជានរណា” ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។ ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់​យកនំប័ុងមកប្រទានឱ្យគេ ហើយយកត្រីមកប្រទានឱ្យគេដែរ។
តាំងពីព្រះអង្គតើនឡើងពីចំណោមមនុស្សស្លាប់មក នេះជាលើកទីបីហើយដែលព្រះយេស៊ូសម្តែងព្រះអង្គឱ្យក្រុមសាវ័កឃើញ។

ប្រសិនបើអានយ៉ាងខ្លីសូមឈប់ត្រឹមនេះ

លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកសិលាថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រ​ឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់​ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំ​ថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរ​ថា៖ «ស៊ីម៉ូនកូនលោកយ៉ូហាន អើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖ «ព្រះអម្ចាស់ព្រះអង្គជ្រាបស្រាប់ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះ​អង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្ត ព្រោះព្រះអង្គសួរគាត់ដល់​ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ? ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់​ហើយថា ខ្ញុំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅ​ណាតាម​តែចិត្ត​អ្នក​ចង់។ ​​លុះដល់អ្នក​ចាស់ អ្នកនឹងលើកដៃឡើង  ហើយមានម្នាក់ទៀតក្រវាត់ចង្កេះ​ឱ្យអ្នក ទាំងនាំ​អ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ព្រះអង្គមានព្រះបន្ទូល​ដូច្នេះបង្ហាញអំពីរបៀបដែលលោកសិលាស្លាប់ ដើម្បីសម្តែងសិរីរុងរឿងរបស់​ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមក​តាមខ្ញុំ!»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីព្រះសហគមន៍។ ព្រះអង្គបានប្រោសឱ្យយើងខ្ញុំរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលបូជាព្រះជន្ម សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គនៅស្ថានបរមសុខអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មីដោយសារជំនឿ និងដោយសារអគ្គសញ្ញានានា។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំជានិច្ច ឱ្យសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូគ្រីស្តគ្រប់ពេលវេលា សូមណែនាំយើងខ្ញុំឱ្យបានសិរីរុងរឿងរួមជាមួយព្រះអង្គផង។

Facebook
Twitter
LinkedIn