ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើម ព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើសាក្សីអំពីសេចក្តីពិតរហូតដល់បូជាជីវិត ដូចព្រះយេស៊ូ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទដែលកើតជាថ្មីដោយទឹក និងព្រះវិញ្ញាណ មានជំនឿមាំមួន និងសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាននោះផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៧,៥១-៨,១
លោកស្ទេផានមានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «អស់លោកចិត្តរឹងរូសអើយ! អស់លោកមានចិត្ត មានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!។ គ្មានព្យាការីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា អ្នកដ៏សុចរិតនឹងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឱ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ អស់លោកបានទទួលធម្មវិន័យរបស់ព្រះជាម្ចាស់តាមរយៈទេវទូត តែអស់លោកពុំបានប្រព្រឹត្តតាមធម្មវិន័យនោះសោះ!»។
កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្តាំព្រះអង្គ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្តេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុកនៅក្បែរជើងយុវជនម្នាក់ ឈ្មោះសូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ឱ!ព្រះអម្ចាស់យេស៊ូអើយ! សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ឱ!ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។ លោកសូលយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។
ទំនុកតម្កើងលេខ ៣១ (៣០), ៣-៤.៦.៨.១៧.២១ បទកាកគតិ
៣ | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង | |
សង្គ្រោះរូបខ្ញុំ | ។ | ||
៤ | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ | |
ដោយយល់ព្រះនាម | ។ | ||
៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន | |||
៨ | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា | ។ | ||
១៧ | សូមបែរព្រះភ័ក្រ្ត | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
ប្រណីករុណា | |||
២១ | ព្រះអង្គទ្រង់លាក់ | គេនៅក្បែរភក្រ្ត | ឱ្យផុតពីព្រួយ |
ពីមនុស្សទុច្ចរិត | ព្រះអង្គតែងជួយ | ឱ្យនៅជាមួយ | |
ក្នុងព្រះពន្លា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គជាអាហារដ៏ពិតប្រាកដដែលផ្តល់ជីវិត។ អ្នកណាទៅរកព្រះអង្គ អ្នកនោះមិនស្រេកឃ្លានទៀតឡើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៣០-៣៥
ក្រោយពីព្រះយេស៊ូប្រទាននំប៉័ងឱ្យបណ្តាជន មានគេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឱ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅវាលរហោស្ថាន ដូចមានសេចក្តីចែងទុកក្នុងគម្ពីរថា “លោកបានផ្តល់ឱ្យគេបរិភោគនំប៉័ងដែលធ្លាក់ពីស្ថានបរមសុខមក”»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាបានដឹងច្បាស់ថា មិនមែនលោកម៉ូសេទេដែលបានផ្តល់អាហាពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឱ្យនោះ គឺអាហារដែលចុះពីស្ថានបរមសុខមក ហើយដែលផ្តល់ជីវិតឱ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់! សូមលោកប្រទានអាហារនោះឱ្យយើងខ្ញុំជារៀងរាល់ថ្ងៃ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយអ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែប្រទានអាហារសម្រាប់ចិញ្ចឹមជីវិតយើងខ្ញុំ។ ក្នុងអភិបូជានេះ យើងខ្ញុំយកអាហារខ្លះមកថ្វាយព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសឱ្យនំ និងស្រានេះ បានទៅជាព្រះកាយព្រះគ្រីស្ត ជាអាហារដ៏ពិតប្រាកដ ដែលចុះពីស្ថានបរមសុខមក។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គបានប្រទានទាំងព្រះបន្ទូល ទាំងព្រះកាយព្រះគ្រីស្តធ្វើជាអាហារដ៏ពិតប្រាកដ ដែលចុះពីស្ថានបរមសុខមកឱ្យយើងខ្ញុំសូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំស្រេកឃ្លានអាហារនេះជាដរាបផង។