ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏បានប្រោសឱ្យយើងខ្ញុំមានជីវិតថ្មីទៅជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំជាប្រជាជនរបស់ព្រះអង្គមានសេរីភាពពេញទីខាងផ្លូវចិត្ត ដើម្បីឱ្យថ្ងៃណាមួយ យើងខ្ញុំបានអំណរយ៉ាងពេញលេញ ដោយចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ២,១៤.៣៦-៤១
នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់បណ្តាជនថា៖ «សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូដែលបងប្អូនបានឆ្កាងនេះ ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្តហើយ»។ កាលបណ្តាជនបានឮសេចក្តីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកសិលា និងគ្រីស្តទូតឯទៀតៗថា៖ «បងប្អូនអើយ! តើឱ្យយើងខ្ញុំធ្វើដូចម្តេច?»។ លោកសិលាមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឱ្យរួចពីបាប។ បងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកសិលាបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះឱ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសាវ័ក។
ទំនុកតម្កើងលេខ ៣៣(៣២),៤-៥.១៨-២២ បទព្រហ្មគីតិ
៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ | |
ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | ||
ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
អ្នកពឹងលើអម្ចាស់ | ដ៏សប្បុរសមានមេត្តា | ។ | |
១៩ | ព្រះអង្គបានសង្រ្គោះ | ឱ្យគេរស់មានសង្ខារ | |
ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ | |
២០ | យើងសូមផ្ញើជីវិត | លើព្រះពិតមិនខកខាន | |
ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ | |
២១ | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ | |
សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត | ។ | |
២២ | សូមព្រះជាអម្ចាស់ | សម្តែងព្រះទ័យវិសុទ្ធ | |
មេត្តាខ្ពស់បំផុត | កាយជីវិតផ្ញើព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១១-១៨
នៅគ្រានោះ នាងម៉ារីឈរយំនៅខាងក្រៅក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ «នាងអើយ! ម្តេចក៏នាងយំ?»។ នាងឆ្លើយទៅទេវទូតវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូសួរនាងថា៖ «នាង! ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ។ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឱ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាប៊ូនី!” (ពាក្យនេះប្រែថា ព្រះគ្រូ)។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបក្រុមសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូយាងឡើងទៅឯព្រះអង្គ ទាំងនាំយើងខ្ញុំទៅជាមួយដែរ សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំ និងបងែ្វរចិត្តរបស់យើងខ្ញុំឱ្យភ្ជាប់នឹងព្រះអង្គជានិច្ចផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យប្រោសយើងខ្ញុំដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ! ព្រះអង្គក៏បានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំថែមទៀតផង។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។