អត្ថបទព្រះគម្គីរ​ ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥

បពិត្រព្រះជាម្ចាស់ប្រកបដោយធម៌មេត្តាករុណាដ៏ក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យសង្គ្រោះមនុស្សលោកគ្រប់ពេលវេលា ជាពិសេស ព្រះអង្គប្រទានព្រះពរយ៉ាងបរិបូណ៌ឱ្យប្រជារាស្ត្រព្រះអង្គក្នុងរដូវអប់រំពិសេសនេះ។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ ជាបុត្រធីតារបស់ព្រះអង្គ សូមថែរក្សាការពារយើងខ្ញុំដែលទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយ សូមណែនាំអ្នកដែលទើបនឹងចាប់ផ្តើមដើរតាមព្រះយេស៊ូផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេស៊េគីអែល អគ ៣៧,២១-២៨

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរប្រាប់ប្រជាជនថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងនឹងយកជនជាតិអ៊ីស្រាអែលចេញពីចំណោមប្រជាជាតិនានាដែលពួកគេទៅរស់នៅ។ យើងនឹងប្រមូលពួកគេពីគ្រប់ទិសទី ហើយនាំពួកគេវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ។ យើងនឹងបង្រួបបង្រួមគេជាប្រជាជាតិតែមួយនៅក្នុងស្រុក និងនៅលើភ្នំនៃស្រុកអ៊ីស្រាអែល។ ពេលនោះ ពួកគេទាំងអស់គ្នានឹងមានស្តេចតែមួយ គឺពួកគេលែងជាប្រជាជាតិពីរ ហើយក៏លែងបាក់បែកគ្នាជារាជាណាចក្រពីរទៀតដែរ។ ពួកគេនឹងលែងប្រព្រឹត្តអំពើសៅហ្មងដោយគោរពព្រះក្លែងក្លាយគួរស្អប់ខ្ពើម និងលែងបះបោរប្រឆាំងនឹងយើងទៀតហើយ។ យើងនឹងរំដោះពួកគេឱ្យចេញផុតពីគ្រប់កន្លែងដែលពួកគេរស់នៅ និងជាកន្លែងដែលពួកគេបានប្រព្រឹត្តអំពើបាប។ យើងនឹងជម្រះពួកគេឱ្យបានបរិសុទ្ធ ពួកគេនឹងទៅជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងទៅជាព្រះរបស់ពួកគេ។ ពេលនោះ ដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រងរាជ្យលើពួក​គេ ហើយពួកគេនឹងមានគង្វាលតែមួយគត់។ ពួកគេនឹងប្រព្រឹត្តតាមវិន័យរបស់យើង ពួកគេនឹងគោរព ហើយប្រតិបត្តិតាមដំបូន្មានរបស់យើងទៀតផង។ ពួកគេនឹងរស់នៅក្នុងស្រុកដែលយើងបានប្រគល់ឱ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង គឺជាស្រុកដែលដូនតារបស់ពួកគេធ្លាប់រស់នៅកាលពីដើម។ ពួកគេព្រមទាំងកូនចៅរបស់ពួកគេនឹងរស់នៅក្នុងស្រុកនោះរហូត ហើយដាវីឌជាអ្នកបម្រើរបស់យើងនឹងគ្រប់គ្រងលើពួកគេតរៀងទៅ។ យើងនឹងចងសម្ពន្ធមេត្រីដែលផ្តល់សេចក្តីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឱ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឱ្យពួកគេកើនចំនួនច្រើនឡើង យើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។ ដំណាក់របស់យើងនឹងស្ថិតនៅជាមួយពួកគេ យើងនឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេទៅជាប្រជារាស្ត្ររបស់យើង។ ពេលដែលទីសក្ការៈរបស់យើងស្ថិតនៅជាមួយពួកគេរហូតតទៅនោះ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលបានប្រោសជនជាតិអ៊ីស្រាអែលឱ្យទៅជាប្រជាជនដ៏វិសុទ្ធ»។

ទំនុកតម្កើងរបស់ព្យាការីយេរេមី ៣១,១០-១៣ បទព្រហ្មគីតិ

១០ ប្រជាជាតិទាំងឡាយ សូមខ្វល់ខ្វាយនាំគ្នាស្តាប់
បន្ទូលព្រះផ្សាយផ្សព្វ ទៅដល់សព្វកោះនៅឆ្ងាយ
ចូរអ្នកប្រកាសថា៖ «ព្រះដែលជាអ្នកកម្ចាយ
អ៊ីស្រាអែលឱ្យទៅឆ្ងាយ តែពេលក្រោយទ្រង់ប្រមូល
ព្រះអង្គថែរក្សា ឱ្យគ្រប់គ្នាជុំត្រកូល
ដូចគង្វាលប្រមូល ចៀមមកមូលមិនឱ្យបាត់»
១១ ព្រះអម្ចាស់បានលោះ ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់
រំដោះឱ្យរួចផុត ពួកទុច្ចរិតដែលខ្លាំងក្លា
១២ ពួកគេត្រឡប់វិញ គ្មានទោម្នេញស្រែកខ្ញៀវខ្ញារ
ហើយគេគ្រប់កាយា ចាំត្រៀបត្រាទទួលទ្រព្យ
ដែលព្រះម្ចាស់ប្រទាន គេឱ្យមានលែងអភ័ព
មានស្រូវស្រាល្អគាប់ ប្រេងក្រអូបទាំងចៀមគោ
ចិត្តពួកគេប្រៀបបាន សួនឧទ្យានមានទឹកហូរ
ស្រោចស្រពឡើងជន់ជោរ គេលែងថ្ងូរលែងហេវហត់
១៣ គ្រានោះស្រីក្រមុំ ចូលមករាំតាមបែបបទ
ក្មេងចាស់មិនកំណត់ គេមិនហត់រាំសប្បាយ
យើងប្រែទុក្ខវេទនា គេទៅជាសើចក្អាកក្អាយ
ឱ្យពួកគេសប្បាយ គេរីករាយលែងលំបាក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ១៨,៣១

បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គពិតជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរឈប់ប្រព្រឹត្តអំពើអាក្រក់ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី!»។
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គពិតជាសេចក្តីពិត ធម្មវិន័យរបស់ព្រះអង្គរំដោះយើងខ្ញុំ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១១,៤៥-៥៧

ពេលព្រះយេស៊ូប្រោសលោកឡាសារឱ្យមានជីវិតថ្មី ជនជាតិយូដាជាច្រើននាក់ដែលមកផ្ទះនាងម៉ារី បានឃើញកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើ ហើយនាំគ្នាជឿលើព្រះអង្គ។ ប៉ុន្តែមានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ីរៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ពេលនោះ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ី បានកោះ​ហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្តេច? ប្រសិនបើយើងបណ្តោយឱ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែនឹងជឿទៅ​លើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូមុាំងនឹងមកបំផ្លាញព្រះវិហារ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ នៅក្នុងចំណោមពួកគេមានលោកម្នាក់ឈ្មោះ កៃផាស ដែលជាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឱ្យជាតិទាំងមូលត្រូវវិនាស!»។ លោកមានប្រសាសន៍ដូច្នេះមិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថាព្រះយេស៊ូត្រូវសោយទិវង្គតដើម្បីជាប្រយោជន៍ដល់សាសន៍យូដា។ មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឱ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីសម្រេចធ្វើគុតព្រះយេស៊ូ។ ហេតុដូច្នេះហើយ បានជាព្រះអង្គមិនយាងទៅមកដោយចេញមុខឱ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិត​វាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយទ្រង់ស្នាក់នៅភូមិនោះជាមួយក្រុមសាវ័ក។ ពេលនោះ ជិតដល់ថ្ងៃបុណ្យចម្លងរបស់ជនជាតិយូដាហើយ។ អ្នកស្រុកជាច្រើននាំគ្នាឡើងទៅក្រុងយេរូសាឡឹមមុនថ្ងៃបុណ្យ ដើម្បីធ្វើពិធីជម្រះកាយឱ្យបានបរិសុទ្ធ។ គេនាំគ្នារកព្រះយេស៊ូ ហើយនិយាយគ្នាទៅវិញទៅមកក្នុងព្រះវិហារថា៖ «អ្នកគិតដូចម្តេច? លោកមិនហ៊ានមកបុណ្យទេមើលទៅ!»។ ពួកនាយកបូជាចារ្យ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើនរណាដឹងថាព្រះអង្គគង់នៅឯណា ត្រូវប្រាប់ពួកគេដើម្បីឱ្យពួកគេចាប់ព្រះអង្គ។

បពិត្រព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយដែលមានតេជានុភាពសព្វប្រការ! ព្រះអង្គប្រទានជីវិតថ្មីឱ្យអស់អ្នកដែលមានជំនឿ ហើយទទួលអគ្គសញ្ញាជ្រមុជទឹក។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយ និងពាក្យអង្វររបស់យើងខ្ញុំដោយអនុគ្រោះ។ យើងខ្ញុំជឿសង្ឃឹមលើព្រះអង្គ សូមលើកលែងទោសឱ្យយើងខ្ញុំផង។

បពិត្រព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត យើងខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូ​គ្រីស្ត ឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។

Facebook
Twitter
LinkedIn