អភិបូជាប្រសិទ្ធិពរលើប្រេង
នៅព្រះសហគមន៍សន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី
ភ្នំពេញថ្មី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥
“បូជាចារ្យ! ព្រះយេស៊ូគ្រីស្តជាសេចក្តីសង្ឃឹមរបស់យើង”
អត្ថបទទី១៖ ជំរឿនប្រជាជន ២១,៤-៩
ព្រះអម្ចាស់ក៏ធ្វើឱ្យមានពស់ភ្លើងមកចឹកពួកគេ។ ជរ ២១,៦ ដំណឹងល្អ៖ យ៉ូហាន ៨,២១-៣០ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ថា “ខ្ញុំស្ថិតនៅ” ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន។ យហ ៨,២៤ |
លោកអភិបាល លោកឪពុក បងប្អូនជាទីស្រឡាញ់!
ឆ្នាំ២០២៥ ជាឆ្នាំព្រះមហាករុណាទិគុណ ជាឆ្នាំពិសេសសម្រាប់ព្រះសហគមន៍របស់យើង។ តាំងពីថ្ងៃដែលយើងបានបើកឆ្នាំព្រះមហាករុណាទិគុណ ពីមួយថ្ងៃទៅមួយថ្ងៃយើងជាគ្រីស្តបរិស័ទ បងប្រុសបងស្រី លោកបូជាចារ្យ យើងឆ្លងតាមទ្វារដ៏វិសុទ្ធ។ យើងទៅកន្លែងសក្ការ ដើម្បីធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម និងដើម្បីនឹករលឹកដល់ជីវិតរបស់យើងទៅមុខ ដោយសារយើងមានព្រះជាម្ចាស់ដែលជាសេចក្ដីសង្ឃឹមរបស់យើង។ ប៉ុន្តែ ឆ្នាំនេះដែលជាឆ្នាំ២០២៥ ជាឆ្នាំដែលយើងត្រូវការនឹករលឹក៥០ឆ្នាំដែលខ្មែរក្រហមបានចូលនៅក្នុងទីក្រុងភ្នំពេញ ណែនាំឲ្យប្រទេសយើងចូលនៅក្នុងទុក្ខលំបាក ជាការនឹករលឹកដែលណែនាំឲ្យយើងឈឺចិត្ត និងពិបាកចិត្តដែរ។ ប៉ុន្តែ ឆ្នាំនេះយើងអាចនឹករលឹកដល់លោកអភិបាល ឆ្មារ សាឡាស់ ដែលបានទទួលអគ្គសញ្ញាតែងតាំងជាអភិបាល នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៥ គឺថ្ងៃនេះ៥០ឆ្នាំមុនដែលយើងមានកូនខ្មែរមួយរូបមុនគេបង្អស់ បានក្លាយទៅជាលោកអភិបាលនៅក្នុងព្រះសហគមន៍កាតូលិក។ អភិបាលពិសេស អភិបាលប្លែក ប៉ុន្តែជាអភិបាលដែលបានធ្វើស្រែ ដែលបានធ្វើការយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលតែពីរឆ្នាំជាអភិបាល។ ប៉ុន្តែ ជាអភិបាលដែលបានភ្ជាប់ជាមួយប្រជារាស្រ្តដែលព្រះជាម្ចាស់ប្រទានឲ្យគាត់។
សម្រាប់ការអធិដ្ឋានរបស់ខ្ញុំថ្ងៃនេះ និងជាអ្វីដែលខ្ញុំចង់ចែករំលែកជាមួយលោកឪពុក ក៏ដូចជាជាមួយបងប្អូនគ្រីស្តបរិស័ទរបស់យើងដែរ គឺយើងធ្វើដូចម្ដេចដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីសង្ឃឹមដែលព្រះជាម្ចាស់បានប្រទាននៅក្នុងជីវិតរបស់យើងជាបូជាចារ្យ នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ ប៉ុន្តែ មុនគិតអំពីសេចក្ដីសង្ឃឹមដែលយើងត្រូវតែផ្ដល់សក្ខីភាពជាប្រចាំតាមរយៈជីវិតរបស់យើង តាមរយៈបេសកកម្មរបស់យើងនៅក្នុងព្រះសហគមន៍ និងនៅក្នុងពិភពលោក ខ្ញុំមានសំណួរមួយសម្រាប់បងប្អូនដែលជាគ្រីស្តបរិស័ទ តើយើងសង្ឃឹមអ្វីខ្លះអំពីបូជាចារ្យរបស់យើង? តើយើងចង់មានបូជាចារ្យដូចម្ដេច? ខ្ញុំជឿថា យើងចង់មានបូជាចារ្យដែលជាបូជាចារ្យដ៏វិសុទ្ធ យើងចង់មានបូជាចារ្យដែលជាបូជាចារ្យល្អឥតខ្ចោះ ល្អបំផុត យើងចង់មានបូជាចារ្យដែលស្រឡាញ់យើង ដែលស្ដាប់យើង ដែលយល់ចិត្តយើង ដែលលើកលែងទោសឲ្យយើងជានិច្ច។ យើងចង់មានបូជាចារ្យដែលមានពេលទំនេរ២៤ម៉ោងលើ២៤ម៉ោងពេញមួយឆ្នាំ យើងចង់មានបូជាចារ្យដែលចេះតែញញឹម ដែលចេះតែលើកទឹកចិត្តយើងចង់មានបូជាចារ្យដែលចេះទេសនាល្អ។ យើងចង់មានបូជាចារ្យដែលចេះនិយាយភាសាខ្មែរច្បាស់លាស់ យើងចង់មានបូជាចារ្យដែលចេះឆ្លើយតបគ្រប់សេចក្ដីត្រូវការដែលយើងមាន យើងចង់មានបូជាចារ្យដែលសួរសុខទុក្ខអ្នកជំងឺ ដែលជួយអ្នកក្រីក្រ ដែលអធិដ្ឋានជានិច្ច។ ខ្ញុំអាចបន្តច្រើនទៀត ប្រហែលយើងមិនខ្វះសេចក្ដីសង្ឃឹមរបស់បងប្អូនលើយើងជាបូជាចារ្យច្រើនណាស់។
ប៉ុន្តែ ឥលូវនេះខ្ញុំសួរដល់លោកឪពុក តើលោកឪពុកមានសេចក្ដីសង្ឃឹមអ្វីខ្លះអំពីបងប្អូនគ្រីស្តបរិស័ទដែលយើងបម្រើ? សង្ឃឹមថាគ្រីស្តបរិស័ទទទួលស្វាគមន៍យើងយ៉ាងរាក់ទាក់ ពោរពេញដោយអំណរសប្បាយនៅពេលយើងចូលនៅក្នុងព្រះវិហារថ្មី។ យើងសង្ឃឹមលើគ្រីស្តបរិស័ទគោរពយើង ដែលចូលក្នុងអភិបូជាគ្រប់ពេលវេលា ដែលចូលនៅក្នុងគ្រប់សកម្មភាពនៅក្នុងព្រះសហគមន៍ ដែលឲ្យលុយច្រើននៅពេលយើងប្រមូលលុយតង្វាយ ដែលចេះប្រកាសដំណឹងល្អ ដែលណែនាំឲ្យបងប្អូនថ្មីៗចូលនៅក្នុងព្រះវិហារយើងយ៉ាងច្រើន ដែលរស់នៅជាបងប្អូនបង្កើតមិនមែនជាសត្រូវ ដែលមានចិត្តច្រណែន ដែលរិះគន់ជាដើម។
សំណួរទី៣ តើយើងសង្ឃឹមអ្វីខ្លះពីលោកអភិបាល? ខ្ញុំមិនឆ្លើយទេ ទុកឲ្យគិតខ្លួនឯងទៅ? ពេលយើងស្ដាប់សេចក្ដីសង្ឃឹមរបស់យើងចំពោះគ្រីស្តបរិស័ទផង ចំពោះបូជាចារ្យផង ប្រហែលមានច្រើនជាងនេះទៀត។ ប៉ុន្តែ អ្វីដែលសំខាន់គឺឆន្ទៈរបស់យើង គំនិតរបស់យើង សេចក្ដីសង្ឃឹមរបស់យើង ដើម្បីឆ្លើយតបការត្រាស់ហៅដែលយើងមានទៅជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត ទៅជាគ្រីស្តបរិស័ទរបស់ព្រះសហគមន៍កាតូលិក ដែលខិតខំដើរនៅលើផ្លូវដ៏វិសុទ្ធដែលយើងបានទទួលនៅក្នុងពិធីជ្រមុជទឹក ដែលយើងបានទទួលនៅពេលយើងទទួលអគ្គសញ្ញាជាបូជាចារ្យ។ ប៉ុន្តែ ដោយដឹងថាមិនមែនដោយសារពិធីជ្រមុជទឹក មិនមែនអគ្គសញ្ញាជាបូជាចារ្យ យើងជាមនុស្សបរិសុទ្ធ យើងជាមនុស្សពិសេសឥតខ្ចោះបំផុតនោះទេ។ យើងជាមនុស្សដែលកំពុងធ្វើដំណើរ ប៉ុន្តែយើងជាមនុស្សដែលកំពុងធ្វើដំណើរឆ្ពោះទៅសេចក្ដីសង្ឃឹម យើងជាមនុស្ស ជាបូជាចារ្យក្ដី ជាគ្រីស្តបរិស័ទក្ដី ដែលធ្វើដំណើររួមជាមួយព្រះយេស៊ូគ្រីស្តដែលជាសេចក្ដីសង្ឃឹមរបស់យើង។ ព្រះយេស៊ូដែលមានព្រះបន្ទូលម្ដងទៀតនៅក្នុងគម្ពីរដំណឹងល្អ “ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ មានន័យថាអ្នកដែលខ្វាក់បានមើលឃើញ អ្នកដែលជាប់ឃុំឃាំងមានសេរីភាព អ្នកពិការអាចដើរបាន អ្នកក្រីក្រស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចជារូបរាងនៅថ្ងៃនេះ”។ ពិតមែន មិនមែនតែថ្ងៃនេះ២០០០ឆ្នាំមុន ប៉ុន្តែថ្ងៃនេះនៅក្នុងជីវិតយើងផ្ទាល់ នៅក្នុងដួងចិត្តរបស់យើងផ្ទាល់ នៅក្នុងព្រះសហគមន៍របស់យើងផ្ទាល់។
បន្តិចទៀតយើងសុំព្រះជាម្ចាស់ប្រទានពរលើប្រេង ប្រេងនេះជាសញ្ញាសម្គាល់យ៉ាងជាក់ស្ដែងអំពីសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ចំពោះយើង។ តាមរយៈអគ្គសញ្ញាដែលយើងឲ្យដល់បងប្អូន តាមរយៈជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃយើងអាចចូលរួមយ៉ាងជ្រៅថែមទៀតនៅក្នុងផ្លូវដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់យើងរៀងៗខ្លួន។ ផ្លូវរបស់យើងខុសៗគ្នា មានខ្លះរត់លឿន មានខ្លះហត់ មានខ្លះបត់ស្ដាំ បត់ឆ្វេង មានខ្លះចុះ មានខ្លះឡើង ប៉ុន្តែយើងដឹងថាយើងមានផ្លូវដ៏វិសុទ្ធរបស់យើងផ្ទាល់។ ផ្លូវនេះសម្រាប់យើង មិនត្រូវការមើលផ្លូវគេ គឺផ្លូវរបស់ខ្ញុំផ្ទាល់ ផ្លូវនេះព្រះជាម្ចាស់បានត្រៀមហើយដើម្បីឲ្យខ្ញុំមានសេចក្ដីសុខ ដើម្បីឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំបម្រើព្រះសហគមន៍តាមការត្រាស់ដែលខ្ញុំបានទទួល។
លោកឪពុកជាទីស្រឡាញ់ បន្តិចទៀតយើងប្រកាសសាជាថ្មីអំពីពាក្យសច្ចារបស់យើង ពីថ្ងៃដែលយើងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដើម្បីឲ្យយើងបន្តល្អទៅៗឲ្យភ្ជាប់ជាមួយព្រះហឫទ័យស្រឡាញ់របស់ព្រះយេស៊ូ ដែលជាព្រះមហាក្សត្រ ដែលជាមហាបូជាចារ្យ ដែលជាព្យាការីដែលណែនាំឲ្យជីវិតរបស់យើងអាចភ្ជាប់ជាមួយការត្រាស់ហៅដែលយើងបានទទួលពីដើម។ ហេតុនេះហើយ ទោះបីជីវិតរបស់យើងមានកាលៈទេសៈ កាលៈទេសៈនៃប្រវត្តិសាស្ត្រដែល ឆ្មារ សាឡាស់ បានទទួលខ្ញុំជឿថា លោកមិនសង្ឃឹមជាលោកអភិបាលរបៀបហ្នឹង។ ប៉ុន្តែ ទោះបីយើងមានទុក្ខលំបាក ទោះបីយើងមានអំពើបាបនៅក្នុងជីវិតរបស់យើង ទោះបីយើងមានភាពទន់ខ្សោយនៅក្នុងជីវិតរបស់យើង យើងជឿថាព្រះជាម្ចាស់បានជ្រើសរើសយើង ដើម្បីស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូន និងដើម្បីបម្រើព្រះអង្គ និងបម្រើបងប្អូន និងដើម្បីណែនាំឲ្យមនុស្សយ៉ាងច្រើនអាចស្រឡាញ់ព្រះជាម្ចាស់ដែលជាព្រះបិតារបស់យើង ដែលជាសេចក្ដីសង្ឃឹមរបស់យើង។ នេះជាសេចក្ដីសង្ឃឹមរបស់យើង ដែលជាបូជាចារ្យ នេះជាកម្លាំងដែលយើងមាន ទោះបីមានឧបសគ្គណាក៏ដោយ ទោះបីមានភាពទន់ខ្សោយណាក៏ដោយ ដើម្បីបម្រើថែមទៀត ដោយយកចិត្តទុកដាក់ ដោយមានចិត្តក្លាហាន ដោយមានចិត្តក្ដៅដែលពោរពេញដោយសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ និងសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់ កុំទន្ទឹងរង់ចាំលោកបូជាចារ្យដែលជាមនុស្សអស្ចារ្យបំផុត ដែលជាវីរៈ បុរស។ លោកឪពុកជាទីស្រឡាញ់ កុំសង្ឃឹមទៅគ្រីស្តបរិស័ទដែលជាព្រះសហគមន៍ដ៏ពិសេសអស្ចារ្យ ដែលយើងសុបិន្តដូចនៅទីក្រុងយេរូសាឡឹមនៅស្ថានបរមសុខ។ មានតែព្រះជាម្ចាស់ដែលជាព្រះដ៏វិសុទ្ធ មានតែព្រះជាម្ចាស់ដែលជាល្អបំផុត ឥតខ្ចោះ ប៉ុន្តែយើងត្រូវការថែរក្សាសេចក្ដីសង្ឃឹមដែលយើងមានទៅលើព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលចាប់កំណើតជាមនុស្ស មិនមែនដើម្បីកាត់ក្ដីយើង មិនមែនដើម្បីវិនិច្ឆ័យយើង ប៉ុន្តែដើម្បីណែនាំឲ្យយើងមានជីវិតអស់កល្បជានិច្ច ដើម្បីសង្គ្រោះយើង។ ហេតុនេះហើយ នៅក្នុងឆ្នាំខាងមុននេះដែល ជាឆ្នាំព្រះមហាករុណាទិគុណរួមជាមួយប្រេងដែលបន្តិចទៀតយើងសុំព្រះជាម្ចាស់ប្រទានពរ។ យើងនឹងចែកតាមព្រះសហគមន៍នីមួយៗ ដោយសារប្រេងនេះយើងអាចទៅជាប្រេងអភិសេក អភិសេកដើម្បីទៅជាសញ្ញាសម្គាល់នៃសេចក្ដីសង្ឃឹមរបស់យើង គឺព្រះជាម្ចាស់គង់នៅជាមួយយើង និងព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង ដើម្បីស្រឡាញ់ថែមទៀត ដើម្បីបម្រើថែមទៀត។ ពិតមែនសេចក្ដីសង្ឃឹម គឺជាអ្វីដែលអស្ចារ្យដែលកសាងព្រះសហគមន៍របស់យើងជាង២០០០ឆ្នាំមកហើយ និងសព្វថ្ងៃយើងជាសាក្សីនៃសេចក្ដីសង្ឃឹមនេះសម្រាប់ព្រះសហគមន៍កាតូលិកកម្ពុជា។ ពិតមែនសេចក្ដីសង្ឃឹម គឺជាអ្វីដែលអស្ចារ្យ ដែលអញ្ជើញយើងឱ្យយើងអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក សម្រាប់អភិបាល សម្រាប់លោកឪពុក សម្រាប់បងប្រុសបងស្រី សម្រាប់គ្រីស្តបរិស័ទ សម្រាប់បងប្អូនដែលកំពុករកផ្លូវនៅក្នុងជីវិត។ ជាសេចក្ដីសង្ឃឹម ដែលណែនាំឲ្យយើងបន្តអធិដ្ឋាន ដើម្បីបង្កើតក្រុមគ្រួសារមួយដែលជាបងប្អូនពិតមែននៅក្នុងព្រះយេស៊ូគ្រីស្ត។ ពិតមែនសេចក្ដីសង្ឃឹមជាអ្វីដ៏អស្ចារ្យ ដែលណែនាំឲ្យយើងពោរពេញដោយអំណរសប្បាយ ដែលពោរពេញដោយអំណរដែលបានមកពីព្រះជាម្ចាស់ ដើម្បីបន្តបម្រើបងប្អូនឯទៀតៗ។ ពិតមែនសេចក្ដីសង្ឃឹម ជាអ្វីដែលអស្ចារ្យនិងថ្ងៃនេះមានព្រះបន្ទូលដល់យើង “មិត្តសម្លាញ់អើយ! សូមទទួលសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ
08-04-2025-បូជាចារ្យ-ព្រះយេស៊ូគ្រីស្តជាសេចក្តីសង្ឃឹមរបស់យើង