អត្ថបតព្រះគម្ពីរ ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥

បុណ្យចម្លង ព្រះយេស៊ូទទួលព្រះជន្មថ្មី​ដ៏រុងរឿង
បុណ្យឱឡារិកឧត្តមបំផុត

អាលេលូយ៉ា! ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញហើយ! ព្រះវិញ្ញាណបានប្រទានឱ្យព្រះយេស៊ូមានជីវិតបែបថ្មី និងស្ថិននៅជាមួយអស់អ្នកជឿ។ ថ្ងៃនេះគ្រីស្តបរិស័ទនាំគ្នាលើកតម្កើងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិត។

បពិត្រព្រះអម្ចាស់! នៅថ្ងៃនេះ ព្រះអង្គប្រោសព្រះយេស៊ូជាព្រះបុត្រាឱ្យមានជ័យជម្នះលើសេចក្តីស្លាប់ និងមានព្រះជន្មរស់ឡើងវិញ។ សូមព្រះអង្គប្រោសប្រទានឱ្យព្រះវិញ្ញាណយាងមកសណ្ឋិតក្នុងយើងខ្ញុំជាអ្នកជឿសង្ឃឹមលើព្រះអង្គ។ សូមឱ្យយើងខ្ញុំរស់នៅតាមរបៀបថ្មី រួមជាមួយព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ១០,៣៤.៣៧-៤៣

ពេលនោះ លោកសិលាទៅដល់ក្រុងសេសារេ ចូលផ្ទះនាយទាហានរ៉ូមុាំង។ លោកមានប្រសាសន៍ថា៖ «បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលចាប់ផ្តើមនៅស្រុកកាលីឡេ បន្ទាប់ពីពេលដែលលោក​យ៉ូហានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក គឺថា ព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ និងប្ញទ្ធានុភាពមកអភិសេកលោកយេស៊ូ ជាអ្នកស្រុកណាសារ៉ែត។ បងប្អូនជ្រាបដែរថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់នៅជាមួយព្រះអង្គ។ យើងជាសាក្សីអំពីកិច្ចការទាំងអស់ដែលព្រះអង្គបានធ្វើនៅក្នុងដែនដីរបស់ជនជាតិយូដា និងនៅក្រុងយេរូសាឡឹម។ ពួកគេបាននាំគ្នាធ្វើគុតព្រះអង្គ ដោយព្យួរនៅលើឈើ។ ព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មថ្មីនៅថ្ងៃទីបី និងប្រោសប្រទានឱ្យព្រះអង្គបង្ហាញខ្លួនដល់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើសជាមុន ឱ្យធ្វើជាសាក្សីបានឃើញ គឺយើងហ្នឹងហើយជាសាក្សី យើងដែលបានបរិភោគជា​មួយព្រះអង្គ ក្រោយពេលព្រះអង្គមានព្រះជន្មថ្មី។ ព្រះជាម្ចាស់ពុំបានឱ្យព្រះយេស៊ូបង្ហាញខ្លួនឱ្យប្រជារាស្ត្រទាំងមូលឃើញទេ។ ព្រះយេស៊ូបានបញ្ជាឱ្យយើងធ្វើជាសាក្សីប្រកាសប្រាប់ប្រជាជនថា ព្រះជាម្ចាស់បានតែងតាំងព្រះអង្គឱ្យវិនិច្ឆ័យមនុស្សរស់ និងមនុស្សស្លាប់។ ព្យាការីទាំងប៉ុន្មានសុទ្ធ​តែបានផ្តល់សក្ខីភាពអំពីព្រះយេស៊ូថា អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលការលើកលែងទោសឱ្យរួចពីបាប ដោយសារព្រះនាមព្រះអង្គ»។

ទំនុកតម្កើងលេខ ១១៨(១១៧),១.៤.១៦-១៧.២២-២៣ បទពាក្យ ៧​​​

សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ
សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
អស់អ្នកគោរពកោតខ្លាចព្រះ ក៏ត្រូវប្រកាសឱ្យក្តែងៗ
ដូចអ៊ីស្រាអែលកុំបីក្រែង ហប្ញទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
១៦ ព្រះអង្គសម្តែងបារមីខ្ពស់ ប្រសើរលើសលប់មិនទន់ទាប
ព្រះអង្គបង្ហាញឱ្យគេជ្រាប ប្ញទ្ធានុភាពអស្ចារ្យក្រៃ
១៧ ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍
ដើម្បីរៀបរាប់ពីសេចក្តី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
២២ ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់
ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ ព្រះអង្គសម្រេចការអស្ចារ្យ ដោយប្ញទ្ធិថ្លៃថ្លានៃអម្ចាស់
អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូឡូស កូឡ ៣,១-៤

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន ចូរស្វែងរកអ្វីៗនៅស្ថានលើជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះវិញ។ ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនបានស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏បានកប់ទុកជាមួយព្រះគ្រីស្តក្នុងព្រះជាម្ចាស់ដែរ។ ពេលព្រះគ្រីស្ត​ដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយព្រះគ្រីស្តប្រកបដោយសិរីរុងរឿងដែរ។

ឬសូមអានអត្ថបទខាងក្រោមនេះ

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១ករ ៥,៦ខ-៨

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបច្បាស់ថា មេតែបន្តិច អាចធ្វើឱ្យម្សៅទាំងអស់ដោរឡើង!។ សូមបងប្អូនជម្រះខ្លួនឱ្យបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះ ដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មីដែលគ្មានមេ ដ្បិតព្រះគ្រីស្តដែលជាយញ្ញបូជារបស់យើងក្នុងឱកាសបុណ្យចម្លង បានបូជាព្រះជន្មរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លងដោយប្រើនំប័ុងឥតមេ ជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង មិនប្រើនំប័ុងដែលមានមេម្សៅចាស់ ឬដែលមានមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ករ ៥,៧-៨

អាលេលូយ៉ា! អាលេលូយ៉ា! ព្រះគ្រីស្តដែលជាយញ្ញបូជារបស់យើងក្នុងឱកាសបុណ្យចម្លង បានបូជាព្រះជន្មរួចស្រេចទៅហើយ!។ យើងនាំគ្នាបរិភោគយ៉ាងសប្បាយនៅពិធីជប់លៀងរបស់ព្រះអម្ចាស់! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១-៩

នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មពីមាត់ផ្នូរផុតទៅហើយ។ នាងក៏រត់​មកជម្រាបលោកស៊ីម៉ូនសិលា និងសាវ័កម្នាក់ទៀតដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកដាក់នៅឯណាទេ!»។ លោកសិលា និងសាវ័កម្នាក់ទៀតនោះក៏ចេញទៅផ្នូរ។ សាវ័កទាំងពីររត់ទៅជាមួយគ្នា តែសាវ័កមា្នក់នោះរត់លឿនជាងលោកសិលាទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើល​ទៅឃើញសំពត់ស្នប តែគាត់មិនបានចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនសិលារត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គមូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សាវ័កដែលទៅដល់ផ្នូរមុនក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ ។ កាលណោះ ក្រុមសាវ័កពុំទាន់យល់អត្ថន័យគម្ពីរដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។

លុះ​ផុត​ថ្ងៃ​សប្ប័ទហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារីជា​ម្ដាយ​យ៉ាកុប និង​នាង​សាឡូ‌មេ បាន​ទិញ​គ្រឿង​ក្រអូបយក​ទៅ​អប់​ព្រះ‌សព​ព្រះ‌យេស៊ូ។ ព្រលឹម​ឡើង​ថ្ងៃ​អាទិត្យ​ នាង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នូរនៅ​ពេល​ថ្ងៃ​រះ។ ពួក​នាង​និយាយ​គ្នា​ថា៖ «តើ​បាន​នរណា​ជួយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ឱ្យយើង?»។ ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។ នាង​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។អ្នក​នោះ​ពោល​មក​កាន់​នាង​ថា៖ «កុំ​ភ័យ​ស្រឡាំង‌កាំង​ធ្វើ​អ្វី! នាង​នាំ​គ្នា​មក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យមាន​ព្រះ‌ជន្ម​រស់​ឡើង​វិញហើយ ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ មើល​ចុះ ទី​នេះ​ហើយ​ដែល​គេ​បាន​ដាក់​ព្រះ‌សព​ព្រះ‌អង្គ។ ចូរ​នាង​ទៅ​ប្រាប់​សាវ័ក​របស់​ព្រះ‌អង្គ ព្រម​ទាំង​លោក​សិលា​ផង​ថា “ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់”»។

នៅ​ថ្ងៃ​ដដែល​នោះ មាន​សាវ័ក​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ា‌អ៊ូស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ គេ​និយាយ​គ្នា​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា ព្រះ‌យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ គេ​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ ម្នាក់​ឈ្មោះ​ក្លេអូ‌ប៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រជាជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹមដឹង​ហេតុ‌ការណ៍ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។ ព្រះ‌អង្គ​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ទូល‌ឆ្លើយ​ថា៖ «គឺ​រឿង​លោក​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ ព្រះ‌ជាម្ចាស់ និង​ប្រជាជន​ទាំង​មូលទទួល​ស្គាល់​ថា លោក​ជា​ព្យាការីមាន​ឫទ្ធា‌នុភាព​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​លោក​បាន​ធ្វើ និង​គ្រប់​ពាក្យ​សម្ដី​ដែល​លោក​បាន​ថ្លែង។ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​មន្ត្រី​របស់​យើង បាន​បញ្ជូន​លោក​ទៅ​ឱ្យគេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​លោក​ផង។ យើង​បាន​សង្ឃឹម​ថា លោក​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន​ជាតិ​អ៊ីស្រា‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ​។ មាន​ស្ត្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើងបាន​ធ្វើ​ឱ្យយើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម តែ​មិន​បាន​ឃើញ​សព​លោក​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប‌រាប់​ថា នាង​បាន​ឃើញ​ទេវទូត​មក​ប្រាប់​ថា លោក​មាន​ជីវិត​រស់។ មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ត្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​លោក​សោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ព្យាការី​បាន​ថ្លែង​សោះ!។ ព្រះ‌គ្រីស្ដត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុកអំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់។ លុះ​មក​ជិត​ដល់​ភូមិ​ដែល​សាវ័ក​ទាំង​ពីរ​បម្រុង​នឹង​ទៅ ព្រះ‌យេស៊ូ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បន្ដ​ទៅ​មុខ​ទៀត។ គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» ព្រះ‌យេស៊ូ​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ ព្រះ‌អង្គ​គង់​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​កាច់​ប្រទាន​ឱ្យគេ។ ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​ព្រះ‌អង្គ​ស្គាល់ ប៉ុន្តែ ព្រះ‌អង្គ​បាត់​ពី​មុខ​គេ​ទៅ។ គេ​និយាយ​គ្នា​ថា៖ «កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឱ្យយើង​ស្ដាប់ នៅ​តាម​ផ្លូវ យើង​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង!»។ គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សាវ័កទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា​ជា​មួយ​ពួក​គេ​ឯ​ទៀតៗ គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញពិត​ប្រាកដ​មែន ហើយ​ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឱ្យស៊ីម៉ូន​ឃើញ!»។ សាវ័ក​ទាំង​ពីរ​នាក់​រៀប‌រាប់​ហេតុ‌ការណ៍ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ដោយរីករាយ រួមជាមួយព្រះបុត្រា ដែលបានបូជាព្រះជន្ម និងមានព្រះជន្មរស់ឡើងវិញ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានជីវិតថ្មីដល់យើងខ្ញុំ ជាព្រះសហគមន៍ព្រះអង្គផង។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គនៅតែរក្សាព្រះសហគមន៍ព្រះអង្គគ្រប់ពេលវេលា។ ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គបានរំដោះយើងខ្ញុំឱ្យរួចពីបាប និងប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំប្រតិបត្តិតាមបែបសមរម្យក្នុងឋានៈជាបុត្រធីតាព្រះអង្គផង។

Facebook
Twitter
LinkedIn