អត្ថបទព្រះគម្គីរ​ ថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥

ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក

ថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម “សប្តាហ៍ពិសិដ្ឋ” គឺសប្តាហ៍មួយដ៏ប្រសើរបំផុត។ ក្នុងសប្តាហ៍នេះ គ្រីស្តបរិស័ទនាំគ្នានឹករឭកពេលព្រះយេស៊ូបូជាព្រះជន្ម និងទទួលព្រះជន្មថ្មីពេញលេញ។ ក្នុងសប្តាហ៍នេះមាន ៤ ដំណាក់កាលគឺ៖

  • ថ្ងៃអាទិត្យលើកតម្កើងទុក្ខលំបាករបស់ព្រះយេស៊ូ។ នៅថ្ងៃអាទិត្យនេះ យើងនាំគ្នារឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា “ព្រះគ្រីស្ត” គឺជាស្តេចមួយអង្គ ដែលប្រទានសុភមង្គលដ៏ពេញលេញឱ្យមនុស្សលោកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ដោយយើងអានគម្ពីរស្តីអំពីព្រះយេស៊ូរងទុក្ខលំបាក យើងសន្មត​ហៅថ្ងៃអាទិត្យនេះថា “ថ្ងៃអាទិត្យលើកតម្កើងព្រះយេស៊ូរងទុក្ខលំបាក”។
  • ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ គឺក្នុងពិធីជប់លៀង ព្រះយេស៊ូយកនំប័ុង និងស្រាមកបែងចែងឱ្យសាវ័កបរិភោគ ទុកជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះអង្គសព្វព្រះហប្ញទ័យបូជាព្រះជន្មដោយគ្មាននរណាបង្ខំ។ ព្រះយេស៊ូមានធម៌មេត្តាករុណាហួសពីការស្មានរបស់មនុស្ស។
  • ថ្ងៃសុក្រពិសិដ្ឋ ព្រះយេស៊ូសោយទិវង្គត។ ព្រះអង្គសព្វព្រះហប្ញទ័យធ្វើតាមព្រះបញ្ជារបស់ព្រះបិតារហូតដល់បូជាព្រះជន្ម។ ព្រះអង្គប្រៀបបីដូចជាកូនចៀម ដែល​ជនជាតិអ៊ីស្រាអែលធ្លាប់បូជាថ្វាយព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង។
  • រាត្រីថ្ងៃសៅរ៍ គឺបុណ្យចម្លង។ ខាងគ្រីស្តសាសនាយើង បុណ្យចម្លងនេះសំខាន់ជាងបុណ្យឯទៀតៗទាំងអស់ គឺយើងអបអរសាទរព្រះបិតាដែលប្រោសលោកយេស៊ូឱ្យមានជីវិតថ្មីដ៏ពេញលេញ។ ព្រះអង្គគង់នៅជាមួយយើងសព្វថ្ងៃ ទ្រង់ប្រទានជីវិតថ្មីនោះដល់អស់អ្នកដែលផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គ។

ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹមក្នុងឋានៈជា ”ព្រះគ្រីស្ត” គឺស្តេចដែលមករំដោះស្រុកគេ។ យើងជាគ្រីស្តបរិស័ទទទួលព្រះអង្គ ពុំគ្រាន់តែដោយគ្រវីមែកឈើដូចជនជាតិអ៊ីស្រាអែលពីដើមប៉ុណ្ណោះទេ គឺចង់ប្រកាសជំនឿលើព្រះអង្គផង។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំអបអរសាទរ ទទួលព្រះយេស៊ូដែល​យាងមករកយើងខ្ញុំក្នុងនាមព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ ជាពិសេសនៅពេលយើងខ្ញុំកើតទុក្ខលំបាក។ សូម
ឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតតាមព្រះយេស៊ូ មុននឹងទទួលសិរីរុងរឿងរួមជាមួយព្រះគ្រីស្ត ដែលមានព្រះជន្មថ្មី ហើយដែលសោយោរាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,២៨-៤០

ព្រះយេស៊ូយាងនាំមុខក្រុមសាវ័ក ឡើងទៅក្រុងយេរូសាឡឹម។ លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេថានីដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីរនាក់ឱ្យទៅមុនដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា” »។ សាវ័កទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» សាវ័កឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ បន្ទាប់មក អ្នកទាំងពីរនាក់ដឹកកូនលាមកថ្វាយព្រះយេស៊ូ ហើយដោះអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយនាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់ អំពីការអស្ចារ្យទាំងប៉ុន្មានដែលគេបានឃើញ។ គេពោលថា៖ «សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រដែលយាងមកក្នុងព្រះនាមព្រះជាអម្ចាស់! សូមសេចក្តីសុខសាន្តកើតពីស្ថានបរមសុខមក សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ មានអ្នកខាងគណៈផារីស៊ីខ្លះ ដែលនៅក្នុងចំណោមបណ្តាជនទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមឃាត់សិស្សរបស់លោកឱ្យនៅស្ងៀមផង!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។

ពិធីរំឭកទុក្ខលំបាករបស់ព្រះយេស៊ូ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គសព្វព្រះហប្ញទ័យរងទុក្ខលំបាក និងសោយទិវង្គតយ៉ាងសែនអាម៉ាស់ ដើម្បីសង្គ្រោះមនុស្សលោកឱ្យរួចពីបាប។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់អំពី គម្រោងការដ៏អស្ចារ្យរបស់ព្រះអង្គ។ សូមឱ្យយើងខ្ញុំសុខចិត្តធ្វើតាមព្រះយេស៊ូផង។

អត្ថបទទី ១

ព្រះយេស៊ូពិតជា “អ្នកបម្រើរបស់ព្រះអម្ចាស់” ស្របតាមពាក្យទំនាយរបស់ព្យាការីអេសាយ។ ព្រះអង្គធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ប្រការទាំងអស់រហូតដល់បូជាព្រះជន្ម។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៧

អ្នកបម្រើរបស់ព្រះជាម្ចាស់មានប្រសាសន៍ថា៖ «ព្រះជាម្ចាស់បង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ។ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹកព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ ដូចសាវ័កស្តាប់ពាក្យគ្រូ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់។ រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង ឬដកខ្លួនថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ ហើយពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែលព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ»។

ទំនុកតម្កើងលេខ ២២ (២១),៨-៩.១៧-២០.២២-២៤ បទកាកគតិ​​​

អស់អ្នកឃើញខ្ញុំ ឡកឡឺយដាក់ចំ គ្មានត្រាប្រណី
គេពេបជ្រាយដាក់ ឥតមានគិតអ្វី ហើយមិនចេញស្តី
គ្រវីក្បាលដាក់
គេពោលពាក្យថា គាត់ផ្ញើវាសនា ព្រះជាម្ចាស់ជាក់
ឱ្យព្រះអង្គជួយ រំដោះគ្រោះថ្នាក់ បើព្រះអង្គជាក់
ពិតជាស្ម័គ្រស្មោះ
១៧ ពួកឆ្កែព័ទ្ធខ្ញុំ មានជនមួយក្រុម វាមកញាំញី
ជាជនទុរយ​ស ក្រវែលគ្រប់ទី ទម្លុះជីវី
ជើងដៃខ្លួនប្រាណ
១៨ រូបខ្ញុំអាចរាប់ ឆ្អឹងជំនីរគ្រប់ មានទាំងប៉ុន្មាន
សត្រូវទុរយស ចិត្តដូចតិរច្ឆាន សម្លក់រំខាន
សម្លឹងមកខ្ញុំ
១៩ ពួកគេដោះយក ខោអាវខ្ញុំមក ចែកចាយគ្នាជុំ
នាំគ្នាចាប់ឆ្នោត យកខោអាវខ្ញុំ ធ្វើដោយមិនសម
ជាល្បែងសប្បាយ
២០ ឱព្រះម្ចាស់អើយ កុំនៅកន្តើយ ឱ្យខ្ញុំឃ្លាតឆ្ងាយ
ទ្រង់ជាកម្លាំង គាំទ្ររាងកាយ សូមយាងមកអាយ
សង្គ្រោះប្រញាប់
២២ សូមសង្គ្រោះខ្ញុំ ឱ្យផុតទុក្ខធំ ពីមាត់សិង្ហដែរ
ឱ្យផុតពីស្នែង សូមជួយបំបែរ ឆ្លើយតបកុំល្ហែ
មកទូលបង្គំ
២៣ ខ្ញុំនឹងថ្លាថ្លែង ព្រះនាមស្ញប់ស្ញែង ឱ្យបងប្អូនខ្ញុំ
បានស្គាល់ព្រះអង្គ ខ្ពង់ខ្ពស់ឧត្តម ក្នុងអង្គប្រជុំ
សូមលើកតម្កើង
២៤ អ្នករាល់គ្នាអើយ កុំនៅកន្តើយ នាំគ្នាក្រោកឡើង
សរសើរព្រះអង្គ ថ្លាថ្លៃរុងរឿង ឱ្យលើកតម្កើង
អម្ចាស់ក្សត្រា
អស់អ្នកដែលជា ពូជពង្សសោភា យ៉ាកុបថ្លៃថ្លា
ព្រមទាំងអស់ពូជ អ៊ីស្រាអែលផងណា កុំនៅរួញរា
ស្ញែងខ្លាចព្រះអង្គ

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព ភីល ២,៦-១១

ព្រះយេស៊ូគ្រីស្តដែលមានឋានៈជាព្រះជាម្ចាស់ ក៏ពុំមានបំណងទាមទារឱ្យបានស្មើនឹងព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់ ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅលើមេឃ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំគោរពព្រះនាមព្រះយេស៊ូ និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ។
ព្រោះតែយើង ព្រះគ្រីស្តដាក់ខ្លួនធ្វើតាមបញ្ជារហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ ហេតុនេះហើយបានជាព្រះជាម្ចាស់លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមដ៏ប្រសើរលើសអ្វីៗទាំងអស់។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ដើម្បីអានអត្ថបទគម្ពីរខាងក្រោមនេះឱ្យបានស្រួល ត្រូវមានគ្នា ៣ នាក់គឺ៖
អ . អ្នកអានសាច់រឿង
យ. អ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូ
ឆ . អ្នកអានពាក្យសម្តីសាវ័ក ឬអ្នកស្រុក

សូមថ្លែងព្រះគម្ពីរស្តីអំពីទុក្ខលំបាករបស់ព្រះយេស៊ូជាអម្ចាស់តាមសន្តលូកា លក ២២,១៤-២៣,៥៦

ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមត្រឹមឃ្លាខាងក្រោម៖ ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមត្រង់នេះ

អ- ដល់ពេលកំណត់ធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លងហើយ ព្រះយេស៊ូរួមតុជាមួយក្រុមសាវ័ក ព្រមទាំងមានព្រះបន្ទូលថា៖
យ- «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លងនេះជាមួយអ្នករាល់គ្នាណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាពិធីបុណ្យនេះបានសម្រេចសព្វគ្រប់នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។
អ- ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចមានព្រះបន្ទូលថា៖
យ- «ចូរយកទៅចែកគ្នាពិសាចុះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះជាម្ចាស់មកដល់»។
អ- បន្ទាប់មក ព្រះអង្គយកនំប័ុងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឱ្យគេទាំងមានព្រះបន្ទូលថា៖
យ- «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះដើម្បីនឹករំឭកដល់ខ្ញុំ»។
អ- លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមរបៀបដដែលទ្រង់យក​ពែងមកកាន់ទាំងមានព្រះបន្ទូលថា៖
យ- នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើងដោយសារលោហិតខ្ញុំដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែតោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ បុត្រមនុស្សត្រូវតែស្លាប់តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្ស មុខជាត្រូវវេទនាពុំខាន»។
អ- ពេលនោះ ក្រុមសាវ័កសួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។


អ- ខណៈនោះ ក្រុមសាវ័កជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖
យ- «ស្តេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ត្រ ហើយអ្នកកាន់អំណាចតែងឱ្យគេហៅខ្លួនថា អ្នកមានគុណ។ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតាអ្នកអង្គុយតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្តាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើវិញ។ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យឱ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឱ្យខ្ញុំដែរ។ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ពន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំងបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។
ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឱ្យអ្នកបាត់ជំនឿឡើង។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឱ្យមានជំនឿមាំមួនផង»។
អ- លោកសិលាទូលព្រះអង្គថា៖
ឆ- «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ក៏ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។
អ- ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖
យ- «សិលាអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះមុនមាន់រងាវអ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
អ- បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសាវ័កថា៖
យ- «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។
អ- គេទូលថា៖
ឆ- «យើងខ្ញុំគ្មានខ្វះខាតអ្វីឡើយ»។
អ- ព្រះអង្គមានព្រះបន្ទូលទៀតថា៖
យ- «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាមក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួនយកប្រាក់ទៅទិញដាវមួយទៅ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា “គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមានស្របតាមគម្ពីរ»។
អ- ក្រុមសាវ័កទូលព្រះអង្គថា៖
ឆ- «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។
អ- ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖
យ- «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
អ- ព្រះយេស៊ូយាងចេញពីផ្ទះនោះឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ។ សាវ័កក៏នាំគ្នាតាមព្រះអង្គទៅដែរ។ កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «ចូរអធិដ្ឋាន កុំឱ្យចាញ់ការល្បួងឡើយ»។
អ- បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីក្រុមសាវ័ក ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះ ទូលអង្វរថា៖
យ- «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហប្ញទ័យ សូមដកពែងនៃទុក្ខលំបាកនេះចេញឱ្យឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឱ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺសូមឱ្យបានសម្រេចតាមព្រះហប្ញទ័យរបស់ព្រះអង្គវិញ»។
អ- ពេលនោះមានទេវទូតមួយរូបចុះពីស្ថានបរមសុខមកឱ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ កាលព្រះអង្គទូលអង្វររួចហើយ ទ្រង់ក្រោកឡើងត្រឡប់ទៅរកក្រុមសាវ័កឃើញគេកំពុងដេកលក់ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
យ- «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិដ្ឋានកុំឱ្យចាញ់ការល្បួង»។


អ- នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្តាជនមកដល់នាំមុខដោយឈ្មោះយូដាស ជាសាវ័កម្នាក់ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូរមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖
យ- «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្សឬអ្វី?»។
អ- ពួកអ្នកនៅជាមួយព្រះយេស៊ូ ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖
ឆ- «ព្រះអម្ចាស់! តើឱ្យខ្ញុំហូតដាវកាប់គេឬ?»។
អ- សាវ័កម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យមួយដាវដាច់ស្លឹកត្រចៀកស្តាំ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «ប៉ុណ្ណឹងបានហើយ!»។
អ- ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឱ្យបានជាដូចដើមវិញ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យដែលមកចាប់ព្រះអង្គថា៖
យ- «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ ខ្ញុំនៅក្នុងព្រះវិហារជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្តីងងឹតបញ្ចេញអំណាច»។


អ- ពួកគេចាប់ព្រះយេស៊ូ បណ្តើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ។ គេបានដុតភ្លើងនៅកណ្តាលទីលានហើយអង្គុយជុំវិញ លោកសិលាក៏អង្គុយនៅកណ្តាលចំណោមពួកគេដែរ។ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង ក៏សម្លឹងមើលគាត់ហើយពោលថា៖
ឆ- «ម្នាក់នេះនៅជាមួយយេស៊ូ!»។
អ- លោកសិលាប្រកែកថា៖
ឆ- «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។
អ- មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ក៏ពោលថា៖
ឆ- «ទេ! មិនមែនខ្ញុំទេ!»។
អ- ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖
ឆ- «អ្នកពិតជានៅជាមួយយេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។
អ- លោកសិលាឆ្លើយថា៖
យ- «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។
អ- គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ព្រះជាម្ចាស់បែរព្រះភក្ត្រទតមកលោកសិលា។ លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា “យប់នេះ មុនមាត់រងាវអ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។ លោកសិលាចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។ គេយកក្រណាត់គ្របព្រះភក្ត្រព្រះអង្គហើយសួរថា៖
ឆ- «ទាយមើល៍! អ្នកណាវាយឯង?»។
អ- រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។


អ- លុះព្រឹកឡើង ពួកព្រឹទ្ធាចារ្យរបស់ប្រជាជន ពួកនាយបូជាចារ្យ និងពួកធម្មាចារ្យជួបជុំគ្នាបង្គាប់ឱ្យគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់របស់គេ។ ពួកគេសួរព្រះអង្គថា៖
ឆ- «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រីស្តឬ?»។
អ- ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖
យ- «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ប៉ុន្តែអំណើះតទៅ បុត្រមនុស្សនឹងអង្គុយនៅខាងស្តាំព្រះជាម្ចាស់ដ៏មានប្ញទ្ធានុភាព»។
អ- ពេលនោះគេសួរព្រមគ្នាឡើងថា៖
ឆ- «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។
អ- ព្រះអង្គមានព្រះបន្ទូលតបទៅថា៖
យ- «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។
អ- គេក៏និយាយឡើងថា៖
ឆ- «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្តង!»។

ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមត្រង់នេះ
អ- ក្រុមប្រឹក្សាជាន់ខ្ពស់ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។ គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖
ឆ- «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ត្រយើង គឺហាមគេមិនឱ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថាជាព្រះគ្រីស្ត គឺ “ជាស្តេច”»។
អ- លោកពីឡាតសួរព្រះអង្គថា៖
ឆ- «តើអ្នកជាស្តេចសាសន៍យូដាមែនឬ?។
អ- ព្រះយេស៊ូមានព្រះបន្ទូលតបថា៖
យ- «គឺលោកទេតើដែលមានប្រសាសន៍ដូច្នេះ»។
អ- លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ និងបណ្តាជនថា៖
ឆ- «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ»។
អ- ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖
ឆ- «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។


អ- លោកពីឡាតឮដូច្នោះក៏សួរថា៖
ឆ- «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។
អ- កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហប្ញទ័យក្រៃលែង ដ្បិតទ្រង់ចង់ជួបព្រះយេស៊ូតាំងពីរយូណាស់មកហើយ ព្រោះទ្រង់តែងឮគេនិយាយអំពីព្រះអង្គ ហើយសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ ទ្រង់ទូលសួរសំនួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ ពួកមហាបូជា​ចារ្យ និងពួកធម្មាចារ្យក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។ ព្រះបាទហេរ៉ូដ និងពួកទាហានចំអកដាក់ព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើល​ងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឱ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ កាលពីមុន ព្រះបាទហេរ៉ូដ និងលោកពីឡាតជាសត្រូវនឹងគ្នា។ ប៉ុន្តែចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសម្លាញ់នឹងគ្នាវិញ។


អ- លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ លោកមានប្រសាសន៍ថា៖
ឆ- «អស់លោកបាននាំបុរសនោះមកឱ្យខ្ញុំកាត់ទោសដោយចោទប្រកាន់ថា គាត់បំបះបំបោរប្រជារាស្ត្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដែរ ហេតុនេះហើយបានជាទ្រង់បញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វីគួរឱ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឱ្យគេវាយប្រដៅគាត់ រួចលែងគាត់ឱ្យទៅវិញ»។
អ- គេស្រែកឡើងព្រមគ្នាថា៖
ឆ- «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឱ្យយើងខ្ញុំវិញ!»។
អ- ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្តងទៀត។ ប៉ុន្តែគេស្រែកឡើងថា៖
ឆ- «ឆ្កាងទៅ! ឆ្កាងទៅ!»។
អ- លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖
ឆ- «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វីគួរឱ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឱ្យគេវាយប្រដៅគាត់ រួចលែងគាត់ឱ្យទៅវិញ»។
អ- ប៉ុន្តែគេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឱ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ។ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំងមកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឱ្យគេយកទៅធ្វើតាមអំពើចិត្ត។


អ- នៅពេលបណ្តើរព្រះយេស៊ូទៅ គេជួបបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកស្រុកគីរេនដែលត្រឡប់មកពីចម្ការ។ គេចាប់បង្ខំគាត់ឱ្យលីឈើឆ្កាង ដើរតាមក្រោយព្រះយេស៊ូ។ ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូងយំសោកអាណិតព្រះអង្គផង។ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្រ្តីនោះថា៖
យ- «ស្រ្តីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា ស្រ្តីណាឥតកូន ស្រ្តីណាមិនបង្កើតកូន និងស្រ្តីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន។ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!។ បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។
អ- គេនាំអ្នកទោសពីរនាក់ទៀតមកសម្លាក់ជាមួយព្រះយេស៊ូដែរ។ លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្តាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «ឱ! ព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឱ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។
អ- គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖
ឆ- «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្តរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឱ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។
អ- ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ទាំងពោលថា៖
ឆ- «បើអ្នកជាស្តេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។
អ- នៅពីលើព្រះអង្គមានសរសេរអក្សរថា «អ្នកនេះជាស្តេចជនជាតិយូដា»។ អ្នកទោសម្នាក់ដែលជាប់ឆ្កាង ពោលប្រមាថព្រះយេស៊ូថា៖
ឆ- «បើអ្នកជាព្រះគ្រីស្តមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។
អ- ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្តីឱ្យអ្នកនោះថា៖
ឆ- «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោក គេធ្វើទោសយើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។
អ- បន្ទាប់មក គាត់ទូលព្រះអង្គថា៖
ឆ- «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។
អ- ព្រះយេស៊ូមានព្រះបន្ទូលថា៖
យ- «ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅស្ថានបរមសុខជាមួយខ្ញុំ»។


អ- ពេលនោះប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហាររហែកជាពីរចំពាក់កណ្តាល។ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖
យ- «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តព្រះអង្គវិញ»។
អ- ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។

សូមផ្អាកមួយស្របក់ ទុកឱ្យគ្រីស្តបរិស័ទស្មឹងស្មាធិ៍
អ- នាយទាហានរ៉ូមុាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖
ឆ- «បុរសនេះពិតជាសុចរិតមែន!»។
អ- រីឯបណ្តាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញទាំងគក់ទ្រូង។ អ្នកជិត
ដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រីដែលដើរតាមព្រះអង្គតាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។

ប្រសិនបើអានយ៉ាងខ្លី សូមចប់ត្រឹមនេះ
អ- មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ម្នាក់ ឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអារីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សសុចរិតដែលមានចិត្តល្អ ហើយទន្ទឹងរង់ចាំព្រះរាជ្យរបស់ព្រះជាម្ចាស់។ លោកពុំបានយល់ស្របជាមួយគេលើការសម្រេចចិត្តធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្តនោះដែរ​។ លោកបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ ថ្ងៃនោះ ជាថ្ងៃរៀបចំបុណ្យចម្លង ហើយថ្ងៃសប្ប័ទជិតមកដល់។ ពួកស្ត្រីៗដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។ បន្ទាប់មកស្ត្រីទាំងនោះ វិលត្រឡប់ទៅវិញរៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃសប្ប័ទនាងនាំគ្នាឈប់សម្រាកតាមធម្មវិន័យចែងទុកមក។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅពេលព្រះយេស៊ូជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក និងសោយទិវង្គត ទ្រង់បានសម្តែងសេចក្តីស្រឡាញ់ចំពោះព្រះបិតាក្នុងនាមយើងខ្ញុំទាំងអស់គ្នា ហួសពីរការយល់ឃើញរបស់មនុស្ស។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គទេ។ យើងខ្ញុំគ្រាន់តែយកកាយ វាចា ចិត្ត ថ្វាយរួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម គឺព្រះអង្គមានព្រះជន្មគង់នៅ និងសោយ​រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តមានឋានៈជាព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យលះបង់ឋានៈព្រះអង្គមកកើតជាមនុស្សដូចយើងខ្ញុំ។ ទោះបីព្រះបុត្រាគ្មានទោសអ្វីក្តី ក៏ទ្រង់សព្វព្រះហប្ញទ័យទទួលទោសរួមជាមួយអ្នកបាប ហើយរងទុក្ខលំបាកដូចទាសករដែរ។ ទ្រង់យកសេចក្តីស្រឡាញ់យ៉ាងលើសលប់អស្ចារ្យ មកផ្ទាញ់សេចក្តីឃោឃៅរបស់អ្នកបាប ហើយបំផ្លាញ់បាបរបស់ មនុស្សលោក។ ទ្រង់ក៏ប្រោសមនុស្សលោកឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គផង។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គបូជាព្រះជន្ម ព្រះអង្គសម្តែងសេចក្តីស្រឡាញ់ហួសកម្រិតចំពោះមនុស្សលោក!។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ!។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំសុខចិត្តបូជាជីវិតរួមជាមួយព្រះយេស៊ូ នោះយើងខ្ញុំមានសង្ឃឹមថា នឹងទទួលសិរីរុងរឿងជាមួយព្រះអង្គផង។

Facebook
Twitter
LinkedIn