អត្ថបទព្រះគម្គីរ​ ថ្ងៃពុធពិសិដ្ឋ ទី១៦ ខែមេសា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យព្រះបុត្រាសោយទិវង្គតលើឈើឆ្កាង ដើម្បីរំដោះយើងខ្ញុំឱ្យរួចពីអំណាចរបស់មារ។ សព្វថ្ងៃ យើងខ្ញុំរួមទុក្ខជាមួយព្រះយេស៊ូដែលរងទុក្ខយ៉ាងណា សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះបុត្រាដែលទទួលព្រះជន្មថ្មីនៅថ្ងៃណាមួយមិនខាន គឺព្រះបុត្រាដែលសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងររៀងទៅ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥០,៤-៩

ព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ បានបង្រៀនខ្ញុំអំពីសេចក្តីដែលខ្ញុំត្រូវនិយាយ ព្រះអង្គប្រទានឱ្យខ្ញុំចេះពោលពាក្យលើកទឹកចិត្តមនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយបង្រៀនខ្ញុំឱ្យចេះស្តាប់ដូចសាវ័កស្តាប់គ្រូ។ ព្រះជាអម្ចាស់បានប្រៀនប្រដៅខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់។ ឯខ្ញុំវិញ ខ្ញុំមិនបះបោរប្រឆាំង ឬដកខ្លួន​ថយក្រោយឡើយ។ ខ្ញុំបានបែរខ្នងទៅឱ្យអ្នកដែលចង់វាយខ្ញុំ ខ្ញុំបានបែរមុខទៅឱ្យអ្នកដែលចង់បោចពុកមាត់ខ្ញុំ។ ពេលគេប្រមាថមើលងាយ និងស្តោះទឹកមាត់ដាក់ខ្ញុំ ខ្ញុំមិនបានគេចមុខចេញឡើយ។ ព្រះជាអម្ចាស់ជួយខ្ញុំ ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ ខ្ញុំនៅតែរក្សាទឹកមុខរឹងប៉ឹងដដែល ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។ ព្រះអង្គដែលរកយុត្តិធម៌ឱ្យខ្ញុំ ទ្រង់គង់នៅក្បែរខ្ញុំ។ បើនរណាចង់ប្តឹងខ្ញុំ សុំអញ្ជើញមកយើងទៅតុលាការជាមួយគ្នា! នរណាចង់ចោទប្រកាន់ សុំអញ្ជើញមកជួបខ្ញុំ។ មែនហើយ! ព្រះអម្ចាស់យាងមកជួយខ្ញុំ តើនរណាអាចផ្តន្ទាទោសខ្ញុំបាន?​

ទំនុកតម្កើងលេខ ៦៩ (៦៨),៨-១០.២១-២២.៣១.៣៣-៣៤ បទកាកគតិ

ខ្ញុំទ្រាំឱ្យគេ ប្រមាថដៀលជេរ មើលងាយពេកក្រៃ
ព្រោះតែព្រះអង្គ ខ្មាសគេស្ទើរក្ស័យ អាប់ឱនសិរី
ព្រោះតែព្រះអង្គ
ញាតិទូលបង្គំ មិនរាប់អានខ្ញុំ ពួកគេបោះបង់
បងប្អូនបង្កើត ក៏មិនស្មោះត្រង់ ចាត់ទុកខ្ញុំហ្នឹង
ដូចជនបរទេស
១០ នោះមកពីខ្ញុំ ចិត្តនៅមូលផ្តុំ ស្រឡាញ់ខ្លាំងណាស់
ដំណាក់ព្រះអង្គ គេតិះដៀលត្មះ តែពាក្យទាំងនោះ
ត្រូវធ្លាក់លើខ្ញុំ
២១ ពាក្យត្មះតិះដៀល ចាក់រុកឆឹ្កះឆ្កៀល ឈឺស្មើទាត់ធាក់
ចិត្តខ្ញុំខ្លោចផ្សា ឈឺចុកញ័រញាក់ គិតថាមានម្នាក់
នឹងអាណិតខ្ញុំ
ក្រែងមានអ្នកជួយ តែឥតមានមួយ ខ្ញុំកើតទុក្ខធំ
សង្ឃឹមថាមាន គេមកលួងលោម រំលែកទុក្ខខ្ញុំ
តែរកមិនបាន
២២ ខ្ញុំឃ្លានបរិភោគ គេមិនបានយក អាហារល្អថ្កាន
បែរយកថ្នាំពុល ឱ្យខ្ញុំក្ស័យប្រាណ ទោះស្រេកពុំបាន
ស្គាល់រស់ជាតិទឹក
៣១ ខ្ញុំនឹងច្រៀងកោត សរសើរបំផុត ព្រះនាមព្រះអង្គ
ប្រកាសពីភាព ថ្កុំថ្កើងរឿងរុង របស់ព្រះអង្គ
បម្រើគោរព
៣៣ អស់អ្នកទុគ៌ត វេទនាក្រខ្សត់ ចិត្តគេសប្បាយ
គេមានអំណរ ឥតមានខ្វល់ខ្វាយ នឹងរស់វែងឆ្ងាយ
អាយុយឺនយូរ
៣៤ ដ្បិតទ្រង់សណ្តាប់ ពាក្យអ្នកសុភាព និយាយទូលថ្ងូរ
ទ្រង់មិនលះបង់ អ្នកជាប់ឃុំយូរ ឱ្យទួញទ្រហោរ
នៅឯកោទេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
សូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ មានតែព្រះអង្គទេដែលអាណិតអាសូរយើងខ្ញុំ ជាអ្នកវង្វេងឆ្ងាយពីព្រះអង្គ។
បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៦,១៤-២៥

ពេលនោះ សាវ័កម្នាក់ក្នុងក្រុមសាវ័កទាំងដប់ពីរនាក់ ឈ្មោះយូដាសអ៊ីស្ការីយ៉ុតទៅជួបពួកនាយកបូជាចារ្យជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឱ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឱ្យគាត់សាមសិបស្លឹង។ ចាប់ពីពេលនោះមក យូដាសរកឱកាសដើម្បីនាំគេទៅចាប់ព្រះយេស៊ូ។ នៅថ្ងៃដំបូងនៃពិធីបុណ្យនំប័ុងឥតមេ សាវ័កនាំគ្នាមកគាល់ព្រះយេស៊ូទូលថា៖ «តើព្រះគ្រូចង់ឱ្យយើងខ្ញុំរៀបចំជប់លៀងជូនក្នុងឱកាសបុណ្យចម្លងនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុងប្រាប់គាត់ថា លោកគ្រូមានប្រសាសន៍ថា ពេលកំណត់របស់ខ្ញុំជិតមកដល់ហើយ ខ្ញុំនឹងធ្វើបុណ្យចម្លងជាមួយសិស្សខ្ញុំនៅក្នុងផ្ទះអ្នក»។ សាវ័កនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ លុះដល់ល្ងាច ព្រះអង្គរួមតុជាមួយសាវ័កទាំងដប់ពីរនាក់។ នៅពេលបរិភោគ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។ ក្រុមសាវ័កព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំ​ឬ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ ​«អ្នកណាជ្រលក់នំប័ុងក្នុងចានជាមួយខ្ញុំ គឺអ្នកនោះហើយដែលនាំគេមកចាប់ខ្ញុំ។ បុត្រមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់។ ប៉ុន្តែ អ្នកដែលនាំគេមកចាប់បុត្រមនុស្សនឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង!»។ យូដាសជាអ្នកក្បត់ព្រះអង្គទូលសួរថា៖ «ព្រះគ្រូ! តើខ្ញុំ​ឬ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនិយាយដូច្នេះ ត្រូវហើយ!»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទទួលសក្ការបូជារបស់យើងខ្ញុំដោយអនុគ្រោះ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំដែលនាំគ្នាគោរពព្រះយេស៊ូសោយទុក្ខលំបាក ឱ្យសុខចិត្តចូលរួមក្នុងគម្រោងការដ៏អស្ចារ្យនៃធម៌មេត្តាករុណារបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿយ៉ាងជាក់ថា ដោយព្រះបុត្រាព្រះអង្គសោយទិវង្គត ព្រះអង្គប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមប្រោសឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn