អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសម្តែងឫទ្ធានុភាពយ៉ាងអស្ចារ្យ ដោយប្រោសព្រះយេ​ស៊ូឱ្យមាន​ព្រះជន្មរស់​ឡើងវិញ។ ព្រះអង្គក៏បានប្រោសឱ្យសាវ័កអាចប្រព្រឹត្តការអស្ចារ្យបានក្នុងនាមព្រះយេស៊ូដែរ។ សូមទ្រង់​ព្រះមេត្តា​ប្រោសយើងខ្ញុំឱ្យមានជំនឿ​មាំមួន និងបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,៣១-៤២

ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុក​សាម៉ារី។ ព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។ លោកសិលាធ្វើដំណើរទៅគ្រប់ទីកន្លែង។ លោកចុះទៅសួរសុខទុក្ខប្រជាជនដ៏វិសុទ្ធនៅក្រុងលីដា។ នៅក្រុងនោះ លោកឃើញបុរសម្នាក់ឈ្មោះ អេណេ ឈឺក្រោកមិនរួច គាត់ដេកជាប់នឹងគ្រែប្រាំបីឆ្នាំមកហើយ។ លោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «អេណេអើយ! ព្រះយេស៊ូគ្រីស្តប្រោសអ្នកឱ្យបានជាហើយ ចូរ​ក្រោក​ឡើងរៀបចំគ្រែអ្នកទៅ!»។ លោកអេណេក៏ក្រោកឡើងភ្លាម។ អ្នកក្រុងលីដាទាំងអស់ និងអ្នកស្រុកនៅ​តំបន់​សារ៉ូនឃើញគាត់ជាដូច្នេះ ក៏បែរចិត្តគំនិតទៅរកព្រះអម្ចាស់។ នៅក្រុងយ៉ុបប៉េ មានស្ត្រីម្នាក់ឈ្មោះនាងតាប៊ីថា (ពាក្យនេះមានន័យថា “ក្តាន់ញី”)។ នាងក៏ជាសាវ័កដែរ នាងតែងប្រព្រឹត្តអំពើល្អ និងធ្វើទានជាច្រើន។ នៅគ្រានោះ នាងមានជំងឺ ហើយស្លាប់ គេលាងសពរបស់នាងតម្កល់ទុកនៅបន្ទប់ខាងលើ។ ក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ។ កាលក្រុមសាវ័កឮដំណឹងថា លោកសិលាស្ថិតនៅឯក្រុងលីដា នោះគេចាត់បុរសពីរនាក់ឱ្យទៅអញ្ជើញលោកថា៖ «សូមលោកមេត្តាប្រញាប់ធ្វើដំណើរបង្ហួសទៅកន្លែងយើងខ្ញុំផង»។ លោកសិលាក៏ចេញដំណើរមកជាមួយអ្នកទាំងពីរនោះភ្លាម។ ពេលលោកមកដល់ គេអញ្ជើញលោកឡើងទៅបន្ទប់ខាងលើ។ ស្ត្រីមេម៉ាយទាំងប៉ុន្មាននាំគ្នាចូលមកជិតលោកទាំងយំសោក និងបង្ហាញអាវវែង អាវក្រៅដែលនាងតាប៊ីថាធ្លាប់ដេរកាលនាងរស់នៅជាមួយគេនៅឡើយ។ លោកសិលាសុំឱ្យគេចេញទៅក្រៅទាំងអស់គ្នា រួចលោកលុតជង្គង់អធិដ្ឋាន។ បន្ទាប់មក លោកបែរទៅរកសព ហើយមានប្រសាសន៍ថា៖ «តាប៊ីថាអើយ! ក្រោកឡើង!»។ ពេលនោះ នាងក៏បើកភ្នែក។ កាលនាងឃើញលោកសិលា នាងក្រោកអង្គុយ។ លោកចាប់ដៃនាងឱ្យក្រោកឈរ ហើយហៅពួកអ្នកជឿ និងស្ត្រីមេម៉ាយឱ្យចូលមកបង្ហាញនាងតាប៊ីថាដែលមានជីវិតឱ្យគេឃើញ។ អ្នកក្រុងយ៉ុបប៉េទាំងប៉ុន្មានបានដឹងរឿងនេះ ហើយមានច្រើននាក់ជឿលើព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១១៦ (១១៥), ១២-១៧ បទព្រហ្មគីតិ

១២ ព្រះគុណព្រះអង្គថ្លៃ ទោះយកអ្វីក៏មិនបាន
ប្រសើរឱ្យស្មើបាន ត្រូវតបស្នងឱ្យសមរម្យ
១៣ គឺខ្ញុំត្រូវលើកពែង ទាំងសម្តែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំ ដោយស្រែករកព្រះជាម្ចាស់
១៤ ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះ នៅចំពោះមុខប្រជា
១៥ ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តសូន្យសង្ខារ
ទោះជនវិសុទ្ធណា ទ្រង់មិនចង់ឱ្យស្លាប់ឡើយ
១៦ ឱ!ព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយ រំដោះខ្ញុំរួចពីស្លាប់
១៧ ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយគួរគាប់
អង្វររកនាមជាប់ នាមព្រះអង្គខ្ពស់ពេកពន់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៦,៦៣.៦៨

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះបន្ទូលព្រះអង្គសុទ្ធ​តែចេញមកពីព្រះវិញ្ញាណ​ដែល​ផ្តល់​ជីវិត។ ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៦០-៦៩

នៅធម្មសាលាក្រុងកាផានុម ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច»។ ក្រោយពីបានស្តាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ មានគ្នាច្រើនក្នុងចំណោមសាវ័កពោលថា៖​ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្តាប់បាន?»។ ព្រះយេស៊ូឈ្វេងយល់ថា ក្រុមសាវ័ករអ៊ូរទាំអំពីពាក្យទាំងនេះ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំឱ្យអ្នករាល់គ្នារវាតចិត្តបាត់ជំនឿឬ? ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្សឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្តអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។ មានតែព្រះវិញ្ញាណទេដែលផ្តល់ជីវិត និស្ស័យលោកីយ៍មិនអាចផ្តល់ជីវិតបានឡើយ។ រីឯសេចក្តី​ដែល​ខ្ញុំ​បាននិយាយប្រាប់អ្នករាល់គ្នាទាំងប៉ុន្មាន សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្តល់ជីវិត។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ មានអ្នកខ្លះមិនជឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលមិនជឿ ព្រមទាំងស្គាល់អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គរួចស្រេចទៅហើយ។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះហើយ បានជាខ្ញុំប្រាប់អ្នករាល់គ្នារួច​មក​ហើយ​ថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេនោះ គ្មាននរណាអាចមករកខ្ញុំបានឡើយ»។ ចាប់ពីពេល​នោះ​មក​ មានគ្នាច្រើនក្នុងចំណោមសាវ័កដកខ្លួនថយឈប់តាមព្រះអង្គទៀត។ ព្រះយេស៊ូក៏មានព្រះបន្ទូល​សួរក្រុម​សាវ័កទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ លោកស៊ីម៉ូនសិលា​ទូលព្រះ​អង្គ​ថា៖ ​«បពិត្រព្រះអម្ចាស់! តើឱ្យយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្តល់ជីវិតអស់កល្បជានិច្ច។ ចំពោះយើងខ្ញុំ យើងខ្ញុំជឿ ហើយដឹងថា ព្រះអង្គពិត​ជាអ្នក​ដ៏វិសុទ្ធ​ដែលព្រះជាម្ចាស់ចាត់ឱ្យមកមែន»។

បពិត្រព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់! យើងខ្ញុំជឿថា ព្រះគ្រីស្តពិតជាមានព្រះបន្ទូលដែលផ្តល់​ជីវិត​អស់​កល្បជានិច្ច ព្រះយេស៊ូក៏ពិតជាអ្នកដ៏វិសុទ្ធ ដែលព្រះបិតាបានចាត់ឱ្យមកមែន!។ សូមទ្រង់​ព្រះមេត្តា​ពង្រឹង​ជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់ រួមរស់ ជាមួយព្រះគ្រីស្ត ដូចយើង​ខ្ញុំប្រកាស​ក្នុង​អភិបូជា​នេះ​ស្រាប់។

​បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គទាក់ទាញ​ចិត្ត​យើង​ខ្ញុំ​ឱ្យ​ទៅ​រកព្រះគ្រីស្ត ដែលមានព្រះបន្ទូលផ្តល់ជីវិតអស់កល្បជានិច្ច។ ព្រះអង្គក៏បានប្រទាន​ព្រះកាយ និងព្រះលោហិត​របស់​ព្រះ​គ្រីស្ត​ឱ្យយើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំជាប់​ចិត្តនឹង​ព្រះគ្រីស្ត​ជា​និច្ច​​ផង។

Facebook
Twitter
LinkedIn