ផ្នែកទី ចន្ទ – ស្វ – ថ្ងៃចន្ទពិសិដ្ឋ
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះយេស៊ូ ជាព្រះបុត្រាព្រះអង្គរងទុក្ខលំបាក ដើម្បីសង្គ្រោះមនុស្សលោក។ ពេលយើងខ្ញុំជាមនុស្សទន់ខ្សោយ ភ្លាត់ប្រព្រឹត្តអំពើបាប សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំមានជីវិតថ្មី ដោយយល់ដល់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គផង។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤២,១-៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើងខ្ញុំ។ យើងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺសម្លេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ លោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ។ ប្រាកដមែនហើយ! លោកនឹងបង្ហាញការវិនិច្ឆ័យរបស់យើង។ លោកនឹងមិនខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឱ្យការវិនិច្ឆ័យរបស់យើងបានសម្រេចនៅលើផែនដី។ មនុស្សនៅទីដាច់ស្រយាលនៃផែនដីក៏រង់ចាំទទួលការប្រៀនប្រដៅពីលោកដែរ»។ ព្រះជាអម្ចាស់ដែលបានបង្កើត និងលាតត្រដាងផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឱ្យមានអ្វីៗទាំងអស់ដុះឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឱ្យសត្វលោកទាំងអស់រស់នៅផែនដី ហើយប្រទានជីវិតឱ្យអស់អ្នកដែលដើរទៅមកនៅលើផែនដីនេះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែកពីគេ ហើយតែងតាំងអ្នកធ្វើជាសម្ព័ន្ធមេត្រីជាមួយប្រជាជនឱ្យអ្នកធ្វើពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា អ្នកនឹងប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំពួកឈ្លើយសឹកសង្គ្រាមចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបានចេញរួចផង។
ទំនុកតម្កើងរបស់ព្យាការីយេរេមី ២៧(២៦),១-៣.១៣-១៤ បទពាក្យ ៧
១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
២ | ពេលពួកជនពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
៣ | ទោះមានទ័ពច្រើនមករោមរិត | ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល | |
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល | ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | សូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ។ មានតែព្រះអង្គទេដែលអាណិតអាសូរយើងខ្ញុំដែលវង្វេងឆ្ងាយពីព្រះអង្គ។ |
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,១-១១
ប្រាំមួយថ្ងៃមុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេថានី ជាភូមិរបស់លោកឡាសារដែលព្រះអង្គបានប្រោសឱ្យរស់ឡើងវិញ។ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេពិ្វរូសុទ្ធដ៏មានតម្លៃលើសលប់មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ពេលនោះសាវ័កម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុតដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ «ម្តេចក៏មិនយកប្រេងក្រអូបដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឱ្យជនក្រីក្រវិញ?»។ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឱ្យរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យបានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ ហើយមកជឿលើព្រះយេស៊ូ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យព្រះបុត្រាបូជាព្រះជន្មដើម្បីរំដោះមនុស្សលោកឱ្យរួចពីបាប។ សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ សូមប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្តជានិច្ច និងបង្កើតផលដែលនៅស្ថិតស្ថេរផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ ព្រះអង្គប្រោសយើងខ្ញុំឱ្យបានវិសុទ្ធ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលបានបូជាព្រះជន្ម។ សូមព្រះអង្គទ្រង់ព្រះមេត្តាសណ្ឋិតនៅជាមួយប្រជារាស្ត្រព្រះអង្គជានិច្ច សូមបំភ្លឺចិត្តគំនិតយើងខ្ញុំកុំឱ្យបដិសេធព្រះគ្រីស្តឡើយ។
ផ្នែកទី១ ស – បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី យើងជាគ្រីស្តបរិស័ទនាំគ្នាធ្វើបុណ្យរួមសប្បាយជាមួយជនជាតិខ្មែរទាំងមូល។ យើងលើកតម្កើងព្រះជាម្ចាស់ដែលថែរក្សាមនុស្សលោក សូមព្រះអង្គប្រោសប្រទានសេចក្តីសុខសាន្តដល់មាតុភូមិ សូមព្រះអង្គប្រោសប្រទានភោជផលយ៉ាងបរិបូរណ៍ ព្រោះព្រះអង្គពិតជាព្រះជាម្ចាស់លើអ្វីៗទាំងអស់។ យើងជាគ្រីស្តបរិស័ទក៏នាំគ្នានឹកដល់ដូនតាដែលនៅស្ថានបរមសុខរួមជាមួយព្រះជាម្ចាស់ដែរ?
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាប្រះបិតា! ព្រះអង្គមានព្រះហឫទ័យស្រលាញ់មនុស្សគ្រប់ជាតិសាសន៍ ព្រះអង្គបាន បង្កើតមនុស្សលោកដើម្បីឲ្យមានសេចក្តីសុខ! នៅថ្ងៃចូលឆ្នាំនេះ យើងខ្ញុំសូមព្រះអង្គទ្រង់ព្រះមេត្តាប្រទានពរ ដល់យើងខ្ញុំនិងប្រជានជនខ្មែរទាំងមូល។ សូមប្រោសប្រទានឲ្យយើងខ្ញុំបានប្រកបដោយសេចក្តីសុខសាន្ត ដោយីគ្មានជំងឺព្យាធិមកបៀតបៀនឡើយ! សូមឲ្យប្រជាជនកម្ពុជាទាំងមូលបានសប្បូរណ៍សប្បាយ មិនខ្វះខាត អ្វីឡើយ! សូមពង្រឹងជំនឿ សេចក្តីសង្ឈឹម មិនសេចក្តីស្រលាញ់របស់យើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរជំរឿងប្រជាជន ជរ ៦,២២-២៧
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អរ៉ុន និងកូនចៅរបស់គាត់ឱ្យជូនពរជនជាតិអ៊ីស្រាអែលដូចតទៅ: “សូមព្រះអម្ចាស់ប្រទានពរ និងថែរក្សាអ្នក។ សូមព្រះអម្ចាស់ទតមកអ្នក ដោយព្រះហឫទ័យមេត្តាករុណាសូមព្រះអង្គប្រណីសន្ដោសអ្នក សូមព្រះអម្ចាស់សម្ដែងព្រះហឫទ័យសប្បុរសចំពោះអ្នក និងប្រទានឱ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត”។ ពេលពួកបូជាចារ្យឱ្យពរជនជាតិអ៊ីស្រាអែលក្នុងនាមយើងដូច្នេះ យើងនឹងឱ្យពរពួកគេ»។
ទំនុកតម្កើងលេខ ៦៧(៦៦),៣.៥-៦.៨ បទពាក្យ ៧
៣ | ដូច្នេះមនុស្សលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ | |
៥ | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ | |
៦ | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ | |
៧ | ផែនដីបង្កើតនូវភោគផល | មិនឱ្យយើងខ្វល់ពីអន្តរាយ | |
ព្រះម្ចាស់ជាព្រះយើងទាំងឡាយ | ប្រទានពរឱ្យសុខគ្រប់គ្រា | ||
៨ | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២
ព្រះយេស៊ូទតឃើញមហាជនទាំងនេះ ព្រះអង្គយាងឡើងទៅលើភ្នំ រួចព្រះអង្គគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ ព្រះអង្គក៏មានព្រះបន្ទូលបង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខ! អ្នកណាសោកសៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! អ្នកណាមានចិត្តស្លូតបូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែនដីទុកជាមត៌ក! អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យពួកគេបានឆ្អែត! អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្ដែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ! អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់! អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះជាម្ចាស់! អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្ដីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតគេបានទទួលក្នុងព្រះរាជ្យនៃស្ថានបរមសុខ! ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាង បង្ខូចឈ្មោះអ្នករាល់គ្នា ព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ! ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! មុនព្រះយេស៊ូសោយទីវង្គត ទ្រង់ថ្វាយព្រះជន្មទៅព្រះបិតាទុកជាសក្ការៈបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។ នៅថ្ងៃចូលឆ្នាំនេះ យើងខ្ញុំសូមថ្វាយខ្លួនទាំងស្រុងទៅព្រះអង្គ គឺថ្វាយកាយវាចាចិត្ត ព្រមទាំងថ្វាយកិច្ចការ កង្វល់ អំណរសប្បាយគ្រប់យ៉ាងប្រចាំឆ្នាំនេះទុកជាមុន សូមទ្រង់មេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តពិតជាខាងដើម និងខាងចុងបំផុតនៃអ្វីៗទាំងអស់។ ព្រះអង្គពិតជាម្ចាស់នៃពេលវេលា ព្រះអង្គក៏យាងមកប្រមែប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះអម្ចាស់តែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរូមជាមួយទេវទូត និង សន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យត្រាស់ហៅយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរស់នៅអស់មួយឆ្នាំយ៉ាងសមគួរនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គ។ សូមពង្រឹងជំនឿ សេចក្តីសង្ឈឹម និងសេចក្តីស្រលាញ់របស់យើងខ្ញុំ។ សូមប្រោសប្រទានឱ្យប្រទេសកម្ពុជាយើងបានប្រកបដោយសេចក្តីសុខសាន្តផង។