អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៣,៧-១៤

ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលក្នុងទំនុកតម្កើងមួយថា៖«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គនៅវាលរហោស្ថាននោះឡើយ! បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង។ គេបានឃើញកិច្ចការដែលយើងបានធ្វើក្នុងអំឡុងពេលសែសិបឆ្នាំ។ ហេតុនេះហើយ បានជាយើងទាស់ចិត្តនឹងមនុស្សនៅជំនាន់នោះណាស់ ហើយយើងពោលថា ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ បងប្អូនអើយ! ដូច្នេះ ចូលប្រយ័ត្ន! ក្រែងលោ​នរណាម្នាក់ក្នុងចំណោមបងប្អូនបែជាមានចិត្ដអាក្រក់លែងជឿរហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា «ថ្ងៃនេះ!» នៅឡើយដើម្បីកុំឱ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកមេនៃអំពីបាប។ ប្រសិនបើយើងរក្សាជំហររឹងប៉ឹងដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងពិតជាបានចូលរួមជាមួយព្រះគ្រីស្តហើយ។

ទំនុកតម្កើងលេខ ៩៥ (៩៤), ៦-១១ បទកាកគតិ

ចូរនាំគ្នីគ្នា គោរពវន្ទា ក្រាបថ្វាយព្រះអង្គ
យើងក្រាបចំពោះ ព្រះភ័ក្រ្តផូរផង់ បារមីត្រចង់
ទ្រង់បង្កើតយើង
ព្រះអង្គជាព្រះ នៃយើងទាំងអស់ បារមីថ្កុំថ្កើង
ទ្រង់ជាគង្វាល ដឹកនាំពួកយើង ថ្ងៃនេះព្រះអង្គ
បន្លឺសូរសៀង
អ្នកកុំធ្វើផ្តាស ដូចដូនតាចាស់ ល្បងលព្រះអង្គ
នៅមេរីបា ក្នុងគ្រាកន្លង នៅម៉ាសាផង
ក្នុងរហោស្ថាន
គឺបុព្វបុរស នៃអ្នកទាំងអស់ ចិត្តគេសាមាន្យ
គេបានល្បងល ទោះបីគេបាន ឃើញកិច្ចប៉ុន្មាន
យើងបានប្រព្រឹត្ត
១០ ក្នុងអំឡុងពេល សែសិបឆ្នាំដែល យើងចាំមិនបាត់
មនុស្សជំនាន់នោះ ឱ្យយើងឆ្អែតចិត្ត គេធ្វើទុច្ចរិត
ឱ្យយើងពោលថា
ពួកគេទាំងនេះ ជាប្រជារាស្រ្ត មានចិត្តប្ញស្យា
ជាមនុស្សវង្វេង មិនស្គាល់មាគ៌ា ពួកគេគ្រប់គ្នា
មិនស្តាប់យើងឡើយ
១១ ហេតុនេះយើងខឹង ពួកគេយ៉ាងខ្លាំង ឥតមានល្ហែល្ហើយ
យើងប្តេជ្ញាចិត្ត មិនជួយគេឡើយ ព្រមទាំងមិនឱ្យ
គេចូលក្នុងស្រុក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៤០-៤៥

មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖«ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ត​ទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញ​ទៅភ្លាមទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖«ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោក​បូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជា​សក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។

Facebook
Twitter
LinkedIn