សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១,១-៦
នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរសយើងជាច្រើនលើកច្រើសាដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី។ នៅគ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើង តាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឱ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឱ្យបានបរិសុទ្ធ ផុតពីបាប រួចហើយទ្រង់ក៏គង់នៅខាងស្តាំព្រះដ៏ឧត្តុងឧត្តមឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវទូតយ៉ាងណា ទ្រង់ក៏បានទទួលឋានៈប្រសើរជាងពួកទេវទូតយ៉ាងនេះដែរ ។
ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា “ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ” ឬមានព្រះបន្ទូលថា “យើងនឹងធ្វើជាបិតារបស់ព្រះអង្គ ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង” សោះឡើយ។ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឱ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា “ទេវទូតទាំងអស់របស់ព្រះជាម្ចាស់ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា”។
ទំនុកតម្កើងលេខ ៩៧ (៩៦),១-២.៦-៩ បទពាក្យ ៧
១. | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ | |
ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ | ។ | |
២. | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធជុំជិតព្រះម្ចាស់ថ្លៃ | |
ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ | |
៦. | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន | |
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ | |
៧. | អស់អ្នកដែលថ្វាយបង្គំព្រះ | ក្លែងក្លាយទាំងអស់នឹងកង្វល់ | |
អួតអាងពីការគោរពដល់ | ព្រះឥតបានផលត្រូវអាម៉ាស់ | ។ | |
ឱព្រះទាំងឡាយមានគរគោគ | ច្រើននៅលើលោកចូររូតរះ | ||
ក្រាបថ្វាយបង្គំព្រះអម្ចាស់ | គឺទ្រង់ជាព្រះលើលោកា | ។ | |
៨. | បពិត្រព្រះម្ចាស់ពេលដែលក្រុង | ស៊ីយ៉ូនបានដឹងដំណឹងថា | |
ព្រះអង្គវិនិច្ឆ័យដូច្នេះណា | អ្នកក្រុងយូដាសប្បាយក្រៃ | ។ | |
៩. | បពិត្រព្រះជាអម្ចាស់ខ្ញុំ | ព្រះអង្គឧត្តមផុតផែនដី | |
ប្រសើរលើសអស់ព្រះដទៃ | ទោះព្រះផ្សេងក្តីមិនស្មើផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,១៤-២០
ក្រោយពេលគេចាប់លោកយ៉ូហានបាទីស្តយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។ ព្រះអង្គមានព្រះបន្ទូលថា ៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យរបស់ព្រះជាម្ចាស់ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។ កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអន់ដ្រេជាប្អូនរបស់គាត់កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឱ្យនេសាទមនុស្សវិញ»។ កាលព្រះយេស៊ូយាងទៅមុខបន្តិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូនកំពុងតែរៀបចំអួននៅក្នុងទូកមួយ។ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឱ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។