អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បត្ដិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយសារព្រះបុត្រាជាទីស្រឡាញ់ប្រសូតជាមនុស្ស ពន្លឺដ៏ត្រចះត្រចង់របស់ព្រះអង្គបានបំភ្លឺមនុស្សគ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្ត ដែលកំពុងតែរំដោះមនុស្សលោក សព្វថ្ងៃ។ សូមប្រោសយើងខ្ញុំឱ្យទៅដល់ពន្លឺដែលមិនចេះរលត់នៅស្ថានបរមសុខផង។

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៤,១៩-៥,៤

មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះជាម្ចាស់” តែស្អប់បងប្អូនរបស់ខ្លួនអ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះបានដែរ។ យើងបានទទួលវិន័យនេះពីព្រះអង្គថា “អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ”។ អ្នកណាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកស្រឡាញ់ ព្រះបិតាក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជាស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់មែន។ យើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើងហ្នឹងហើយដែលបានឈ្នះលោកីយ៍!។

ទំនុកតម្កើងលេខ ៧២ (៧១),១-២.១៤-១៥.១៧ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ វិន័ច្ឆ័យក្តី
តាមព្រះតម្រិះ សុចរិតវិសេស របស់ព្រះអង្គ
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់ ដោយយុត្តិធម៌
សុចរិតផូរផង់ វិសេសឥតហ្មង ត្រឹមត្រូវតាមច្បាប់
១៤. ទ្រង់នឹងរំដោះ ពួកគេឱ្យរស់ ពីពួកឧក្រិដ្ឋ ជនកាចសាហាវ
ពាលាទុច្ចរិត ព្រោះតែជីវិត ថ្លៃថ្លាក្រៃលែង
១៥. សូមឱ្យរាជា មានព្រះជន្មា យឺនយូរអង្វែង គេនឹងយកមាស
មកថ្វាយទ្រង់ផង អង្វរព្រះអង្គ ឥតមានឈប់ឈរ
១៧. សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ នាមព្រះករុណា
ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ លើដីក្រោមមេឃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ចាត់ព្រះយេស៊ូ ជាអ្នកបម្រើរបស់ព្រះអង្គឱ្យយាងមកនាំដំណឹងល្អពីការសង្គ្រោះដល់ជនក្រីក្រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,១៤-២២

ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ព្រះនាមព្រះអង្គឮល្បីល្បាញពេញតំបន់នោះ។ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងធម្មសាលារបស់គេ។ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គគ្រប់ៗគ្នា។
ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងទៅធម្មសាលាតាមទម្លាប់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ គេយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយដែលមានចែងថា៖«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។ ព្រះអង្គចាក់ប្រេងអភិសេកខ្ញុំ ឱ្យខ្ញុំនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ព្រះអង្គចាត់ខ្ញុំឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងមើលឃើញវិញ។ ព្រះអង្គចាត់ខ្ញុំឱ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិន ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា”។
លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចទ្រង់គង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងធម្មសាលាសម្លឹងមើលព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “សេចក្តីដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្តាប់ បានកើតជារូបរាងនៅថ្ងៃនេះហើយ”។ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូលស្តីអំពីព្រះហឫទ័យប្រណីសន្តោស ដែលហូរចេញពីព្រះឱរសរបស់ព្រះអង្គ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមយកនំបុ័ង និងស្រានេះ ជាព្រះអំណោយដែលយើងខ្ញុំបានទទួលពីព្រះអង្គ មកថ្វាយព្រះអង្គវិញ។ សូមប្រោសឱ្យតង្វាយទាំងនេះ បានទៅជាព្រះកាយព្រះគ្រីស្ត។ សូមប្រោសយើងខ្ញុំឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូគ្រីស្ត ក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យមានកម្លាំងចិត្ត និងកាន់កិរិយាមារយាទត្រឹមត្រូវជារៀងរាល់ថ្ងៃផង។

Facebook
Twitter
LinkedIn