អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,១៤-១៨

មនុស្សទាំងអស់ជាប់សាច់ឈាមជាមួយគ្នា​ ហេតុនេះហើយបានជាព្រះគ្រីស្តសព្វព្រះហប្ញទ័យយកឋានៈជាមនុស្សរួមជាមួយគេដែរ។ ដូច្នេះ ដោយព្រះអង្គសោយទិវង្គត ទ្រង់បានកំទេចមារដែលមានអំណាចលើសេចក្តីស្លាប់ និងបានរំដោះមនុស្សទាំងពួងដែលជាប់ជាទាសករអស់មួយជីវិតព្រោះតែខ្លាចស្លាប់។ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូតទេ គឺព្រះអង្គយាងមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ហេតុនេះហើយ បានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យដែលមានចិត្តមេត្តាករុណា និងមានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ ហើយដើម្បីរំដោះប្រជាជនឱ្យរួចផុតពីបាបផង។ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាកនៅពេលព្រះជាម្ចាស់ល្បងលព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។

ទំនុកតម្កើងលេខ ១០៥ (១០៤),១-៤.៦-៩ បទកាកគតិ

ចូរយើងតម្កើង លើកព្រះខ្ពស់ឡើង ព្រមទាំងប្រកាស
ព្រះនាមព្រះអង្គ ឱ្យបានឬច្បាស់ ពីស្នាព្រះហស្ត
ប្រាប់ជាតិនានា
ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
រៀបរាប់អំពី សព្វអស់កិច្ចការ សុទ្ធតែអស្ចារ្យ
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់
ស្វែងរកព្រះភ័ក្រ្ត របស់ព្រះអង្គ កុំនៅរេរង់
ឈប់ឈរសោះឡើយ
ពូជពង្សរបស់ អប្រាហាំទាំងអស់ នៅបម្រើស្រេច
កូនចៅយ៉ាកុប ដ៏ល្អបណ្តាច់ ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ
កុំនៅបង្អង់ រេរង់តោះតើយ គឺព្រះនោះហើយ
គ្រប់គ្រងផែនដី
ព្រះអង្គតែងខ្វល់ នឹកគិតទៅដល់ សម្ព័ន្ធមេត្រី
ជាព្រះបន្ទូល សន្យាថ្លាថ្លៃ ស្ថិតស្ថេរយូរក្រៃ
មួយពាន់តំណ
សម្ព័ន្ធមេត្រី ដែលទ្រង់លកលៃ ដោយស្ម័គ្រស្មោះសរ
នឹងអប្រាហាំ ជាបន្ទូលល្អ សន្យាស្មោះសរ
នឹងលោកអ៊ីសាក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ​ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២៩-៣៩

ព្រះយេស៊ូ និងសាវ័កនាំគ្នាចេញពីធម្មសាលាចូលទៅផ្ទះលោកស៊ីម៉ូន និងលោក​អន់ដ្រេ លោកយ៉ាកុប និងលោកយ៉ូហានក៏ទៅជាមួយដែរ។ ម្តាយក្មេករបស់លោ​ក​ស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូល​ព្រះអង្គភ្លាមថា គាត់ឈឺ។ ព្រះអង្គយាងចូលទៅជិតចាប់ដៃគាត់ឱ្យក្រោកឡើង។ គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។ លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សខ្មោចចូលទាំងអស់មករកព្រះយេស៊ូ។ អ្នកក្រុងទាំងប៉ុន្មានមកផ្តុំគ្នានៅមាត់​ទ្វារកំពែងក្រុង។ ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ដែលមានជំងឺផ្សេងៗឱ្យបានជាសះស្បើយ ហើយព្រះអង្គដេញខ្មោចជាច្រើនចេញពីមនុស្សផង។ ព្រះអង្គមិនអនុញ្ញា​ត​ឱ្យខ្មោចនិយាយជាដាច់ខាត ព្រោះពួកវាស្គាល់ឋានៈរបស់ព្រះអង្គ ។
លុះព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះទៅកន្លែងមួយស្ងាត់ ហើយព្រះអង្គអធិដ្ឋាននៅទីនោះ ។ លោកស៊ីម៉ូន និងអ្នកដែលនៅ​ជាមួយគាត់នាំគ្នាតាមរកព្រះអង្គ។ លុះបានជួបហើយ គេទូលថា៖«គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖«យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះ»។ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អនៅតាមធម្មសាលាទាំងឡាយរបស់គេ ព្រមទាំងដេញខ្មោចចេញពីមនុស្សផង។

Facebook
Twitter
LinkedIn