អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យបង្ហាញឱ្យមនុស្សលោកដឹងថា ព្រះសង្គ្រោះប្រសូតមកហើយ ហើយព្រះសង្គ្រោះនេះនៅតែបំពេញព្រះកិច្ចរបស់ព្រះអង្គក្នុងពិភពលោកសព្វថ្ងៃដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ
ឱ្យយល់អំពីសញ្ញាសម្គាល់នៃព្រះរាជ្យរបស់ព្រះអង្គផង។

អត្ថបទទី៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៥,៥-១៣

ម្នាលកូនចៅជាទីស្រឡាញ់! តើនរណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តហ្នឹងហើយដែលបានយាង មកក្នុងលោកនេះដោយទឹក និងដោយលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងដោយលោហិតផង។ ព្រះវិញ្ញាណផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ មានបន្ទាល់បី គឺព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្តល់សក្ខីភាពតែមួយ។ ព្រះជាម្ចាស់បានផ្តល់សក្ខីភាពអំពីព្រះបុត្រារបស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជាម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿលើព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្តីអំពីព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយ​ជិវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ខ្ញុំសរសេរសេចក្តីនេះមកអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់នោះ មានជីវិតអស់កល្បជានិច្ចហើយ។

ទំនុកតម្កើងលេខ ១៤៧ ,១២-១៥.១៩-២០ បទព្រហ្មគីតិ

១២. ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់
ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣. ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់
ទ្រង់ឱ្យពរដល់រាស្ត្រ ដែលរស់ពាសពេញទីក្រុង
១៤. ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់
សន្តិភាពគ្រប់ជ្រុង ស្រូវបំរុងច្រើនមហិមា
១៥. នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា
ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៩. ទ្រង់សម្តែងឱ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល
ក្រឹត្យវិន័យនិមល ឱ្យអ៊ីស្រាអែលបានដឹង
២០. ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង
ឱ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣

អលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អស្តីអំពីព្រះរាជ្យ​ ព្រះអង្គប្រោសប្រជាជនរបស់ព្រះអង្គឱ្យជាសះស្បើយពីជំងឺរោគាព្យាធិ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១២-១៦

ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ ស្រាប់តែមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖«ព្រះអម្ចាស់! ប្រសិនបើព្រះ​អង្គសព្វព្រះហឫទ័យ ព្រះអង្គអាចប្រោសទូលបង្គំឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា ៖«ខ្ញុំយល់ព្រម ចូរឱ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖«កុំនិយាយប្រាប់នរណាឱ្យដឹងឮឡើយ! ផ្ទុយទៅវិញ ត្រូវទៅ​បង្ហាញខ្លួនឱ្យលោកបូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយមែន»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្តាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសខ្លួនឱ្យបានជាពីជំងឺផ្សេងៗផង។ រីឯ ព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ដើម្បីអធិដ្ឋាន។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ យើងខ្ញុំចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត ព្រះអង្គយាងមករកយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានទៀងត្រង់។ មានតែព្រះអង្គទេដែលអាចប្រោសយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្តយ៉ាងសមសួនបាន។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួចពីអ្វីៗដែលរារាំងយើងខ្ញុំមិនឱ្យទទួលជីវិតដ៏ពេញលក្ខណៈផង។

Facebook
Twitter
LinkedIn