អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,៥-១២

ព្រះជាម្ចាស់ពុំបានប្រគល់ឱ្យពួកទេវទូតត្រួតត្រាពិភពលោកខាងមុខទេ។ ផ្ទុយ​ទៅ​វិញ មានម្នាក់បានផ្តល់សក្ខីភាពនៅក្នុងទំនុកតម្កើងមួយដែលចែងថា «តើមនុស្ស​​មានឋានៈអ្វី បានជាព្រះអង្គនឹកដល់គេដូច្នេះ? តើបុត្រមនុស្សជាអ្វីដែរ បានជា​ព្រះអង្គ​យកព្រះហប្ញទ័យទុកដាក់នឹងគេយ៉ាងនេះ ?»។ ព្រះអង្គបានធ្វើឱ្យលោកមាន​ឋានៈទាបជាងទេវទូតតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿងនិងកិត្តិយសដល់លោកទុកជាមកុដរាជ្យ ព្រះអង្គបានបង្រ្កាបអ្វីៗទាំងអស់ឱ្យនៅក្រោមជើងរបស់លោក។ ព្រះ​ជាម្ចាស់បានប​ង្រ្គាបអ្វីៗទាំងអស់ឥតទុកឱ្យមានអ្វីមួយនៅសល់ ដែល​ពុំបានចុះចូលនោះ​ឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់បុត្រមនុស្សហើយនោះទេ។ យើងឃើញថា​ ព្រះយេស៊ូដែលមានឋានៈទាបជាង​ពួក​ទេវទូតមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយ​ទិវង្គតនោះ តែឥឡូវនេះ ព្រះអង្គ​បាន​ទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដ​រាជ្យ ។ ព្រះគ្រីស្តបានសោទិវង្គត​សម្រាប់​មនុស្សគ្រប់ៗរូប ដោយសារព្រះហប្ញទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ ។ អ្វីៗទាំង​អស់កើតមកដោយសារព្រះជាម្ចាស់ និង​សម្រាប់ព្រះអង្គ ព្រះជាម្ចាស់ក៏សព្វព្រះហប្ញ​ទ័យ​នឹងនាំបុត្រធីតាជាច្រើនឱ្យទទួលសិរីរុងរឿង។ ហេតុនេះ គួរគប្បីឱ្យព្រះអង្គប្រោសប្រទានឱ្យម្ចាស់នៃការសង្រ្គោះបាន​គ្រប់លក្ខណ៍ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងមនុស្សដែលព្រះអង្គប្រោសឱ្យបាន​វិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនខ្មាស​នឹងហៅ​គេថា ជាបងប្អូនរបស់ព្រះអង្គឡើយ គឺព្រះអង្គមានព្រះបន្ទូលថា “ទូលបង្គំនឹង​ប្រកាសព្រះ​នាមរបស់ព្រះអង្គឱ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើង​ព្រះអង្គនៅ​ក្នុង​អង្គប្រជុំ”។

ទំនុកតម្កើងលេខ ៨,៤-៩ បទកាកគតិ

ពេលទូលបង្គំ សំឡឹងមើលចំ ទៅផ្ទៃមេឃា
មើលហ្វូងតារា មើលព្រះចន្ទ្រា ដ៏ស្រស់សោភា
ស្នាព្រះហស្តថ្លៃ
ខ្លួនខ្ញុំសួរថា តើមនុស្សយើងណា មានឋានៈអ្វី
បានជាព្រះអង្គ នឹកគិតរំពៃ យកព្រះហប្ញទ័យ
ទុកដាក់ដូច្នោះ ?
ព្រះអង្គប្រទាន ឱ្យមនុស្សយើងមាន កិត្តិយសខ្ពង់ខ្ពស់
ទាបជាងទេវតា បន្តិចប៉ុណ្ណោះ ទៅដល់មនុស្ស
ទុកជាមកុដរាជ្យ
ព្រះអម្ចាស់ទ្រង់ ឱ្យគេគ្រប់គ្រង រាល់ថ្ងៃព្រឹកល្ងាច
លើអ្វីទាំងអស់ ពេញដោយអំណាច ព្រមទាំងបង្រ្កាប
នៅក្រោមជើងគេ
ដោយសារអំណាច អ្វីៗមិនអាច ផ្លាស់ប្តូរប្រួលប្រែ
ទាំងចៀមទាំងគោ សត្វព្រៃផងដែរ ឱ្យមនុស្សមើលថែ
ប្រើប្រាស់គ្រប់គ្រង
ព្រមទាំងបក្សី នៅលើផែនដី នៅលើមេឃផង
ត្រីក្នុងសមុទ្រ សព្វសត្វតែម្តង សត្វលូនវារផង
មកនៅជួបជុំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស ២,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនចាត់ទុកជាពាក្យសម្តីរបស់មនុស្សទេ គឺទុកជាព្រះបន្ទូលរបស់ព្រះ​ជាម្ចាស់ផ្ទាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,២១-២៨

ព្រះយេស៊ូយាងចូលក្រុងកាផានុមជាមួយក្រុមសាវ័ក។ នៅថ្ងៃសប្ប័ទព្រះយេស៊ូ​យាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនអ្នកស្រុក។ អ្នកដែលបានស្តាប់ព្រះអង្គ​ងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកធម្មាចារ្យ។ នៅពេលនោះ ក្នុងធម្មាសាលាមាន​បុរសម្នាក់ខ្មោចចូល ស្រែកឡើងថា៖«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើ​ព្រះអង្គចង់ធ្វើអ្វីដល់យើង? ព្រះអង្គមកបំផ្លាញយើង!? ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធដែលមកពីព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោចនោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ ខ្មោចក៏ធ្វើឱ្យអ្នកនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។ មនុស្សទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖«ម្តេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅខ្មោច ហើយខ្មោចក៏ស្តាប់បង្កាប់លោក»។ ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់ស្រុកកាលីឡេ។

Facebook
Twitter
LinkedIn