ក្នុងឱកាសខួប៣០ឆ្នាំនៃការកកើតព្រះសហគមន៍បឹងទំពុន លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃពិសេសដើម្បីឆ្លងឆ្នាំ២០២៥ យើងជួបជុំគ្នានៅព្រះសហគមន៍ព្រះកុមារយេស៊ូ ដែលប្រារព្ធខួប៣០ឆ្នាំនៃការចាប់ផ្តើមប្រកាសដំណឹងល្អនៅទីនេះ។
លោកអភិបាលមានប្រសាសន៍បន្តថា លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្វីៗទាំងអស់ដែលបានកើតឡើងតាំងពីដើមរៀងមកជាមួយនឹងបងប្អូនប៉ុន្មាននាក់ ហើយរហូតដល់សព្វថ្ងៃនេះមានមហាគ្រួសារដែលមានស្នាដៃយ៉ាងច្រើន អំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ មានផ្នែកសុខភាពជួយដល់អ្នកជំងឺ មានការអប់រំសិក្សា សម្រាប់យុវជននិងអ្នកមានពិការភាពផង។
«ក្នុងតំបន់នេះយើងបានបង្ហាញអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់» លោកអភិបាលអូលីវីយ៉េបន្ថែមថា លោកសូមជូនពរដល់គ្រីស្តបរិស័ទឲ្យបន្តប្រកាសដំណឹងល្អ ឲ្យបន្តធ្វើជាសាក្សីនៃសេចក្ដីសង្ឃឹម ឲ្យបន្តស្តាប់ឮតម្រូវការរបស់បងប្អូនដើម្បីឲ្យយើងរួមគ្នាកសាងគ្រួសាររបស់ព្រះយេស៊ូគ្រីស្តនៅក្នុងព្រះសហគមន៍របស់យើង និងសម្រាប់បងប្អូនឯទៀតទៀត ដែលចេញចូលនៅទីនេះដើម្បីមើលឃើញពន្លឺមួយសម្រាប់ជីវិតរបស់គេ។
កម្មវិធីខួប៣០ឆ្នាំនេះ បានរៀបចំឡើងកាលពីថ្ងៃទី៤ ខែមករាកន្លងទៅ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពន់ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានមន្ត្រីមូលដ្ឋាន និងចៅសង្កាត់ចូលរួមផងដែរ។
លោកសួស សារិន ចៅសង្កាត់បឹងទំពន់១មានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកនៅបឹងទំពន់បានចូលរួមជួយដល់សង្គមយ៉ាងច្រើនជាពិសេសក្នុងអំឡុងពេលកូវីដ១៩ ក្នុងវិស័យសង្គមកិច្ច និងក្នុងវិស័យអប់រំ ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការអភិវឌ្ឍនិងសន្តិភាពក្នុងតំបន់។
លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល អ្នកទទួលខុសត្រូវព្រះសហគមន៍នេះ បានរយៈពេល១ឆ្នាំកន្លងទៅមានប្រសាសន៍ថា តាមការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ ព្រះសហគមន៍នេះបានរីកចម្រើនដោយសារតែកិច្ចការងារសប្បុរសធម៌របស់អង្គការកាតូលិកមួយចំនួនដែលមានសកម្មភាពក្នុងតំបន់នេះ ដែលធ្វើឲ្យលមនុស្សច្រើនចាប់ផ្ដើមចាប់អារម្មណ៍អំពីព្រះសហគមន៍។
ការទទួលនិស្សិតនិងសិស្សជាច្រើនមកពីតាមខេត្ត ឲ្យស្នាក់នៅនិងរៀននៅភ្នំពេញ បានជួយឲ្យព្រះសហគមន៍កាតូលិកទៅមុខ។ លោកបន្ថែមថា យុវជនភាគច្រើនចូលរួមក្នុងក្រុមចម្រៀងនិងសិល្បៈ ទោះបីជាមិនមែនជាគ្រីស្តបរិស័ទ ហើយបន្តិចម្តងបន្តិចម្តងពួកគាត់ចាប់អារម្មណ៍អំពីជីវិតរបស់ព្រះសហគមន៍ និងអ្នកខ្លះសុំឲ្យក្លាយទៅជាគ្រីស្តបរិស័ទ។
បច្ចុប្បន្នព្រះសហគមន៍នេះ មានគ្រីស្តបរិស័ទចាស់ក្មេងមកចូលរួមអភិបូជាថ្ងៃអាទិត្យប្រមាណ៤៥០នាក់។ លោកបូជាចារ្យទទួលខុសត្រូវឲ្យដឹងថា៖ «សម្រាប់អ្នកជិតខាង ខ្ញុំមើលឃើញថាព្រះសហគមន៍ហាក់ដូចជាពន្លឺដែលបានបំភ្លឺអ្នកជិតខាង។ យើងហាក់ដូចជាមានកេរ្តិ៍ឈ្មោះល្អដែរ ក្នុងចំណោមពួកគេ»។
លោកបានមើលឃើញថា ទោះបីជាគល្មានបូជាចារ្យទទួលខុសត្រូវ ក្នុងរយៈពេល១ឆ្នាំកន្លងទៅ ប៉ុន្តែគណៈកម្មការនិងគ្រីស្តបរិស័ទ បានយកចិត្តទុកដាក់ជួយណែនាំព្រះសហគមន៍ឲ្យទៅមុខ «ដូច្នេះខ្ញុំជឿជាក់ថា ជីវិតរបស់ព្រះសហគមន៍គឺជាជីវិតរបស់ពួកគេផ្ទាល់ខ្លួន ហើយខ្ញុំឃើញគ្រីស្តបរិស័ទភាគច្រើនមានគំនិតថ្មីៗ និងមានសកម្មភាពច្រើនដើម្បីបម្រើព្រះសហគមន៍កាន់តែល្អ»។
លោកបន្តថា លោកបានមើលឃើញស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលធ្វើការនៅក្នុងដួងចិត្តរបស់មនុស្ស ទោះបីបន្តិចម្តងៗ យើងត្រូវការពេលវេលា ក៏ប៉ុន្តែ ព្រះជាម្ចាស់បង្កើតផលផ្លែ[…] ហើយខ្ញុំសង្ឃឹមថា នៅស្រុកខ្មែរទាំងមូល ក៏មានព្រះសហគមន៍ដូចគ្នានេះផងដែរ»។
តាមប្រសាសន៍របស់អ្នកស្រី ងួន ផល្លា ជាគណៈកម្មការនៃព្រះសហគមន៍បឹងទំពន់ និងជាគ្រីស្តបរិស័ទដំបូងក្នុងចំនួន១០គ្រួសារដែលមកពីជំរំជាយដែនខ្មែរថៃបានឲ្យដឹងថា ព្រះសហគមន៍នេះបានកកើតឡើង ដោយសារតែគ្រួសារដែលមកពីជំរំ បានទៅថ្វាយអភិបូជានៅផ្សារតូច តែដោយតំបន់ដែលរស់នៅឆ្ងាយពេក ពួកគាត់ក៏សុំលោកអភិបាលបង្កើតព្រះសហគមន៍មួយក្នុងតំបន់បឹងទំពន់នេះ។
ព្រះសហគមន៍បឹងទំពន់បានកកើតឡើងក្នុងឆ្នាំ១៩៩៤ ហើយក្រោយមក ក៏មាន ផ្ទះដូនជីឧបការគុណ ហើយគ្រីស្តបរិស័ទរបស់យើងដែលរស់នៅក្នុងតំបន់នេះចេះតែខិតខំ ផ្សព្វផ្សាយដំណឹងល្អដល់អ្នកជុំវិញខ្លួនក៏ដូចជាក្រុមគ្រួសាររបស់ខ្លួនដើម្បីសហការគ្នាកសាងព្រះសហគមន៍នេះ ឲ្យបានលូតលាស់ដូចបច្ចុប្បន្ននេះ។ នេះបើតាមអ្នកស្រីផល្លា។
សព្វថ្ងៃនេះអ្នកស្រីបម្រើព្រះសហគមន៍ក្នុងតួនាទីជាគណៈកម្មការសង្គហៈ ដោយជួយអ្នកក្រីក្របួនប្រភេទ ទីមួយចាស់ជរាទីទ័លក្រ ទីពីរក្រុមគ្រួសារដែលក្រីក្រ ទីបីអ្នករើសអេតចាយ និងទីបួនគឺសម្រាប់ចាស់ៗដែលមើលចៅៗដែលរងគ្រោះដោយសារម្តាយឪពុករបស់ពួកគេប៉ះពាល់គ្រឿងញៀនហើយកំពុងស្ថិតនៅក្នុងពន្ធនាគារ។
ក្នុងនាមជាគ្រីស្តបរិស័ទនៅទីនេះ អ្នកស្រីរំភើបចិត្ត «ព្រោះដំបូងយើងមកដល់ទីនេះក្រីក្រខ្លាំង មានតែទឹកលិច ដូច្នេះពួកយើងរស់នៅដោយលំបាក ហើយនៅទីនេះឥឡូវនេះអភិវឌ្ឍបានល្អ ហើយព្រះសហគមន៍ក៏បានរីកចម្រើន»។
លាក់ លឿន អាយុ២១ឆ្នាំ ទើបទទទួលពិធីជ្រមុជទឹកកាលពីមួយឆ្នាំមុន បាននិយាយថា លោកស្គាល់ព្រះសហគមន៍នេះតាមរយៈអ៊ំដែលជាគ្រីស្តបរិស័ទ ហើយដោយសារសកម្មភាពរបស់ព្រះសហគមន៍ជួយដល់អ្នកក្រីក្រនិងអ្នកផ្សេងៗធ្វើឲ្យគាត់ចាប់អារម្មណ៍ឈ្វេងយល់បន្ថែមអំពីព្រះសហគមន៍និងគ្រីស្តសាសនាហើយក៏សម្រេចចិត្តក្លាយទៅជាគ្រីស្តបរិស័ទ។ សព្វថ្ងៃនេះ លឿនកំពុងបម្រើព្រះសហគមន៍ក្នុងក្រុមចម្រៀង បម្រើអាសនៈ និងសកម្មភាពផ្សេងៗទៀតតាមតម្រូវការរបស់ព្រះសហគមន៍។
ក្រៅពីមុខងារមូលដ្ឋាន ដែលមានពិធីបុណ្យ អប់រំជំនឿ និងសង្គហៈ ព្រះសហគមន៍នេះ មានក្រុមនិងសកម្មភាពជាច្រើនចូលរួមក្នុងកិច្ចការប្រកាសដំណឹងល្អ ដូចជា៖
១.ក្រុមបងស្រីឧបការគុណដែលជួយបម្រើកិច្ចការងារក្នុងព្រះសហគមន៍
២.មណ្ឌលក្រុមបងស្រីឧបការគុណមានទទួលកុមារនិងយុវតីឲ្យរៀននៅសាលារដ្ឋ
៣.មណ្ឌលយុវជនហ្វ្រង់ស៊ីស្កូផ្ដល់កន្លែងស្នាក់នៅសម្រាបយុវ័នរៀនចំណោះដឹងទូទៅ និងជំនាញ់បច្ចេកទេស
៤.សាលាមត្តេយ្យសន្តីលូស៊ី
៥.មណ្ឌលពន្លឺនៃមេត្តាផ្តល់កន្លែងស្នាក់នៅនិងថែទាំដល់កុមារនិងយុវជនមានពិការភាពអាចទទួលការអប់រំសមស្របទៅតាមសមត្ថភាព និងវ័យរបស់ពួកគេ
៦.មណ្ឌលអេលីសាប៊ែតជួយសម្រាលទុក្ខ និងព្យាបាល អ្នកជំងឺគ្រប់ប្រភេទជាពិសេសអ្នកជំងឺមហារីក
៧.មណ្ឌលនិសិ្សផ្តល់កន្លេងស្នាក់នៅសម្រាប់និស្សិតក្រីក្រអាចបន្ដការសិក្សានៅគ្រប់មហាវិទ្យាល័យក្នុងក្រុងភ្នំពេញ
៨.សាលាអប់រំពិសេសនៃការលូតលាស់អប់រំកុមារអូទីសឹម
៩.ក្រុមសន្តវាំងសង់ ឌឺ ប៉ូល ជួយដល់អ្នកក្រីក្រខ្វះខាត
១០.អង្គការ Il Nodo បណ្ដុះបណ្ដាលយុវជនក្រីក្រឲ្យធ្វើជាជាងទង
១១.ក្រុមបងស្រីនមស្ការជួយដល់ស្រ្តីៗឲ្យរួចផុតពីកណ្តាប់ដៃរបស់អស់អ្នកជួញដូរមនុស្សនិងផ្លូវភេទ
១២.Kampuchea Sela Handicap ជួយដល់ជនមានពិការភាពពេញវ័យឲ្យមានឯករាជ និងរស់នៅដោយខ្លួនឯងនៅក្នុងសង្គម
១៣.មណ្ឌលជនជាតិដើមភាគតិចព្នងផ្តល់កន្លែងស្នាក់នៅ និងអាហាររូបករណ៍មហាវិទ្យាល័យក្នុងរាជធានីភ្នំពេញសម្រាប់យុវជនដើមភាគតិច
១៤.អង្គការភាពញញឹមនៃកុមារជួយបណ្តុះបណ្ដាលកុមារក្រីក្រនិងរើសសំរាមឲ្យមានជំនាញនិងចំណេះដឹងទូទៅ៕
ដោយកែវ កញ្ញា