អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥

“ថ្ងៃអាទិត្យនេះ ជាថ្ងៃបង្ហើយរដូវបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃស្អែកចាប់ផ្តើមរដូវធម្មតាប្រចាំឆ្នាំ។ មុនព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា ព្រះអង្គសុំឱ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ គឺព្រះអង្គសព្វព្រះហឫទ័យចូលក្នុងចំណោមកូនចៅរបស់លោក។ គ្រីស្តបរិស័ទដើម និងអ្នកនិពន្ធគម្ពីរដំណឹងល្អយល់ឃើញថា ពេលព្រះ​​យេស៊ូ​ទទួលពិធីជ្រមុជទឹក ព្រះអង្គដូចជាត្រាស់ដឹង គឺទ្រង់ឈ្វេងយល់ច្បាស់អំពីបេសកម្មដែលព្រះអង្គត្រូវបំពេញក្នុងលោកនេះ ព្រះអង្គត្រូវប្រោសសត្វលោកតាមព្រះបំណងនៃព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះវិញ្ញាណក៏អភិសេកព្រះយេស៊ូជាព្រះគ្រីស្តដែរ។
គ្រីស្តបរិស័ទទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គក្នុង ពិភពលោកនេះ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឱ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់ និងជាព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណឱ្យប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គ និងបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤០,១-៥.៩-១១

ព្រះរបស់អ្នករាល់គ្នាមានព្រះបន្ទូលថា៖«ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង! ចូរជួយសម្រាលទុក្ខគេ! កុំបង្អង់ឡើយ! ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម ហើយប្រកាសប្រាប់គេថា ពេលវេលាដែលខ្មាំងបង្ខំឱ្យគេធ្វើការយ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ! គេរងទុក្ខទោសគ្រប់គ្រាប់ហើយ! ព្រះអម្ចាស់បានដាក់ទោសគេ ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត ហើយគេក៏បានរងទុក្ខទោសនោះមួយទ្វេជាពីរដែរ!។
មានសំឡេងមួយស្រែកថា៖«នៅវាលរហោស្ថាន ចូរបើកផ្លូវថ្វាយព្រះអម្ចាស់! ចូរកាប់ឆ្កាងព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង! ត្រូវបំពេញច្រកភ្នំទាំងឡាយ ហើយពង្រាបភ្នំតូច ភ្នំធំទាំងប៉ុន្មានឱ្យរាប កន្លែងណាមានដីខ្ពស់ទាប ត្រូវធ្វើឱ្យទៅជាវាលរាបស្មើ កន្លែងណារដិបរដុប ក៏ត្រូវពង្រាបឱ្យស្មើផងដែរ។ ពេលនោះ ព្រះអម្ចាស់នឹងសម្តែងសិរី​រុង​រឿងឱ្យមនុស្សលោកទាំងឡាយឃើញក្នុងពេលជាមួយគ្នា ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
អ្នកនាំដំណឹងល្អដល់ក្រុងស៊ីយ៉ូនអើយ! ចូរឡើងទៅលើភ្នំខ្ពស់ទៅ! អ្នកនាំដំណឹងល្អដល់ក្រុងយេរូសាឡឹមអើយ! ចូរស្រែកឱ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំង ប៉ុន្មាននៅស្រុកយូដាថា៖«មើលហ្ន៎៎! ព្រះរបស់អ្នករាល់គ្នា!។ មើលហ្ន៎៎! ព្រះជាអម្ចាស់យាងមកប្រកបដោយឫទ្ធានុភាព ព្រះអង្គយាងមកប្រកបដោយព្រះបារមី ដើម្បីគ្រង​រាជ្យ! ព្រះអង្គមានជ័យជំនះ ហើយក៏នាំអស់អ្នកដែលព្រះអង្គបានរំដោះមកជាមួយផង។ ព្រះអង្គនឹងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គ ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកព្រះហស្តឡើងប្រមូលកូនចៀម ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា ហើយព្រះអង្គថែទាំមេចៀមដែលកំពុងបំបៅកូនផងដែរ»។

ទំនុកតម្កើងលេខ ១០៤(១០៣),១-៤ បទពាក្យ ៧

១. ខ្ញុំសូមតម្កើងព្រះអម្ចាស់ ប្រសើរខ្លាំងណាស់អស់ពីចិត្ត
ព្រះអង្គជាព្រះនៃខ្ញុំពិត ឧត្តមបំផុតលើលោកា
២. ទ្រង់យកពន្លឺមកដណ្តប់ គ្រងគ្របអង្គជាប់ជាភូសា
ទ្រង់លាតអស់ទាំងហ្វូងតារា ផ្ទៃមេឃផងណាជាពន្លា
៣. ទ្រង់សង់ដំណាក់ខ្ពស់អនេក ខ្ពស់លើសផ្ទៃមេឃអ្វីនានា
ទ្រង់យកពពកវាយោជា រាជរថបរិពារជំនិះជ័យ
៤. ព្រះអង្គយកខ្យល់ឱ្យនាំសារ រន្ទះផងណាចាំរំពៃ
ទាំងផ្លេកបន្ទោរក៏ឃ្មាតឃ្មៃ បម្រើម្ចាស់ថ្លៃគ្រប់អន្លើ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតុស

ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យប្រណីសន្តោសមក ដើម្បីសង្គ្រោះមនុស្សទាំងអស់។ ព្រះហឫទ័យប្រណីសន្តោសនេះ អប់រំយើងឱ្យលះបង់ចិត្តដែលមិនចេះគោរពប្រណិ​ប័តន៍ ព្រះជាម្ចាស់ចោល ឱ្យលះបង់សេចក្តីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឱ្យយើងរស់នៅ ក្នុងលោកនេះដោយចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទន្ទឹង រង់ចាំសុភមង្គលតាមសេចក្តីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ ដ៏ឧត្តមបំផុត និងជាព្រះសង្គ្រោះនៃយើង យាងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់ យ៉ាង និងជម្រះប្រជារាស្ត្រមួយទុក្ខសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្ត អំពើល្អ។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង បានសម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក។ ព្រះអង្គក៏បានសង្គ្រោះយើងតាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើងដោយលាងជម្រះយើងឱ្យបានកើតជាថ្មី និងប្រទានឱ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ ដោយសារព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់យើង ដើម្បីឱ្យយើងបាន​សុចរិត ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គ និងឱ្យយើងទទួលជីវិតអស់កល្បជានិច្ចជាមត៌កតាមសេចក្តីសង្ឃឹមរបស់យើង។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៣,១៦-១៧; ទំន ២៨,៣

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ផ្ទៃមេឃបើកចំហ ព្រះវិញ្ញាណ​​យាងចុះមកសណ្ឋិតលើព្រះយេស៊ូ ហើយព្រះសូរសៀងរបស់ព្រះបិតាលាន់ឮ​នៅលើទឹកថា៖”លោកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង!”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៣,១៥-១៦.២១-២២

ប្រជាជនដែលមករកលោកយ៉ូហាននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកយ៉ូហាននេះជាព្រះគ្រីស្ត!។ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖«ខ្ញុំធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ»។ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិដ្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះ មានរូបរាងដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖«ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងបានបង្កើតព្រះអង្គនៅថ្ងៃនេះ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក មេឃបើកចំហដើម្បីឱ្យមនុស្សលោកអាចគាល់ព្រះអង្គបាន ដោយរួមជាមួយព្រះយេស៊ូ ជាព្រះបុត្រាក៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុំាងតង្វាយទាំងនេះ សូមបញ្ចូលយើងខ្ញុំឱ្យរួមនឹងសក្ការបូជារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ព្រោះពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹកក្នុងទន្លេរយ័រដាន់ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះវិញ្ញាណអភិសេកព្រះយេស៊ូតែងតាំងជាព្រះគ្រីស្ត និងជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីនាំដំណឹងល្អទៅប្រកាសឱ្យអ្នកក្រីក្រ។ ឥឡូវនេះ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ ដើម្បីធ្វើជាបុត្រធីតារបស់ព្រះអង្គដែរ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិត​ព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គមកណែនាំអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ សូមឱ្យ យើងខ្ញុំយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ ព្រមទាំងបន្តកិច្ចការដែលព្រះយេស៊ូចាប់ផ្តើមធ្វើផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

Facebook
Twitter
LinkedIn