អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១២-១៦

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ មុតជាង​ដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់​ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិត​នៅក្នុងជម្រៅចិត្តមនុស្ស។ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញ​ឡើយ។ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែ​សោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។​ ដោយយើងមានមហាបូជាចារ្យម្នាក់ដ៏ប្រសើរឧត្តម ដែលបានយាងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឱ្យបាន​មាំមួន ដ្បិតយើងមានមហាបូជាចារ្យដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្ស​ទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែទ្រង់មិនបាន​ប្រព្រឹត្តអំពីបាបសោះឡើយ។ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះ​ជាម្ចាស់ប្រកបដោយព្រះហប្ញទ័យប្រណីសន្តោសទាំងទុកចិត្ត ដើម្បីឱ្យព្រះអង្គមេត្តាករុណា និងប្រណីសន្តោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ ។

ទំនុកតម្កើងលេខ ១៩ (១៨),៨-១០.១៥ បទកាកគតិ

ព្រះធម្មវិន័យ ល្អល្អះឥតបី ប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត មនុស្សល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ ការគោរពកោត ព្រះអម្ចាស់សោត វិសេសយល់យង់
ស្ថិតស្ថេរចីរកាល តទៅគង់វង់ ការវិនិច្ឆ័យទ្រង់
ក៏សុទ្ធត្រឹមត្រូវ
១៥ ទ្រង់ជាថ្មដា ជាព្រះរក្សា ការពាររូបខ្ញុំ
សូមប្រោសប្រណី តាមពាក្យទូលសុំ សេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យមេត្តាករុណាយ៉ាងក្រៃលែង។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៣-១៧

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទត​ឃើញលោកលេវីជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើនមករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់ បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័ក​ថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិន​ត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្ស​សុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។

Facebook
Twitter
LinkedIn