លោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ដែលគេស្គាល់ថា ជាសាក្សីរស់នៃសង្រ្គាមស៊ីវិលនិងអំពើប្រល័យពូជសាសន៍របស់របបកម្ពុជាប្រជាធិបតេយ្យ បានទទួលមរណភាព ។
លោកបូជាចារ្យ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅប្រទេសបារាំង ក្នុងជន្មាយុ ៨៥ឆ្នាំ ។
ពាក់ព័ន្ធនឹងដំណឹងដ៏ក្រៀមក្រំនេះ លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៃប្រទេសកម្ពុជា បានប្រកាសជូនដំណឹង និង បានអញ្ជើញគ្រីស្តបរិស័ទ មកចូលរួមអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបូជាចារ្យ បានសម្រាកយ៉ាងសុខសាន្តរួមជាមួយព្រះជាម្ចាស់ជាព្រះបិតារបស់យើង។
លោកអភិបាលបានមានប្រសាសន៍ថា លោកបូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ បានលះបង់ពេញមួយជីវិតបម្រើព្រះសហគមន៍កាតូលិក និងបម្រើប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ក្នុងមុខងារជាសាសនទូតអស់រយៈកាលជាង៦០ឆ្នាំកន្លងទៅនៅលើទឹកដីប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦៥។
ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនៃសង្រ្គាមស៊ីវិលនៅកម្ពុជា លោក អភិបាលបានសង្កត់ធ្ងន់ថា លោក បូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ ត្រូវបានគេស្គាល់ពេញពិភពលោកតាមស្នាដៃ និពន្ធសៀវភៅរបស់លោក គឺ«កម្ពុជាឆ្នាំសូន្យ» ដែលជាស្នាដៃ បង្ហាញអំពីទុក្ខវេទនានិងសោកនាដកម្មរបស់ប្រជាជនកម្ពុជាក្នុងសម័យខ្មែរក្រហមប្រល័យពូជសាសន៍។
លោកអភិបាលបានមានប្រសាសន៍ថា “យើងទាំងអស់គ្នាសូមអធិដ្ឋានអស់ពីដួងចិត្ត សម្រាប់ក្រុមគ្រួសាររបស់ លោកឪពុកហ្វ្រង់ស័រ ប៉ុងសូដ៍ នៅប្រទេសបារាំង។ សូមព្រះជាម្ចាស់ជួយលួងលោមចិត្ត និងផ្តល់សេចក្តីសង្ឃឹមដល់ពួកគាត់ផង” ។
លោក បូជាចារ្យ ហ្វ្រង់ស្វ័រ ប៉ុងសូដ៍ កើតនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៣៩ ហើយបានទទួលអគ្គសញ្ញាជាលោកបូជាចារ្យនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ១៩៦៤ ។ លោកបានមកបម្រើព្រះសហគមន៍កាតូលិកនៅកម្ពុជាតាំងតែពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៦៥៕