សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកភីលេម៉ូន ភល ១,៧-២០
ជម្រាបមកលោកប្អូនជាទីស្រឡាញ់! ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឱ្យប្រជាជនដ៏វិសុទ្ធមានចិត្តស្ងប់។ ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូនក្នុងនាមព្រះគ្រីស្តឱ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្តី ក៏ខ្ញុំចូលចិត្តយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំង ព្រោះតែព្រះគ្រីស្តយេស៊ូថែមទៀត ខ្ញុំសូមអង្វរលោកប្អូនឱ្យកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។ ពីដើម គាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។ ខ្ញុំសូមចាត់គាត់ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំឱ្យវិលមករកលោកប្អូនវិញ។ ខ្ញុំមានបំណងចង់ទុកគាត់ឱ្យនៅជាមួយខ្ញុំដែរ ដើម្បីឱ្យនៅបម្រើខ្ញុំជំនួសលោកប្អូនក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អនេះ ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឱ្យលោកប្អូនធ្វើអំពើល្អ ទាំងទើសទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។ អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឱ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។ ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឱ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោកប្អូន សូមគិតទៅលើខ្ញុំចុះ។ ខ្ញុំប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (ខ្ញុំមិនបាច់រំឭកថា លោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេ គឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។ លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើឱ្យចិត្តខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រីស្តផង។
ទំនុកតម្កើងលេខ ១៤៦(១៤៥),៧-១០ បតពាក្យ៧
៧ | ព្រះអង្គរកយុតិ្តធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្ដីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | ជនខូចពាលាវិនាសបង់ | ។ | |
១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យហើយ ព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពព្រះអង្គដែរ។ សូមលើកតម្កើងព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២០-២៥
ពួកខាងគណៈផារីស៊ីទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមកតាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកឡើយ។ គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្សយាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឱ្យសោះ។ បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។