សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ៣,១-៧
បងប្អូនជាទីស្រឡាញ់!
ចូររំឭកដាស់តឿនបងប្អូនឱ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាច ឱ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ កុំឱ្យគេនិយាយអាក្រក់ពីនរណា កុំឱ្យគេបង្ករឿង តែឱ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឱ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឱ្យបានកើតជាថ្មី និងប្រទានឱ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់យើង ដើម្បីឱ្យយើងបានសុចរិត ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអង្គ និងឱ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។
ទំនុកតម្កើងលេខ ២៣(២២),១-៦ បទពាក្យ៧
១ | ឱ!ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
ឱ្យដើរតាមផ្លូវដែលសក្ដិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ | |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ | |
៣ | ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីភ្លឺចែងចាំង | |
ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ | |
៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ | |
៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ | |
៦ | ព្រះអង្គប្រទានសុភមង្គល | ហប្ញទ័យខ្វាយខ្វល់ដោយអាសូរ | |
មកទូលបង្គំជាហែរហូរ | ឥតមានឈប់ឈរមួយជីវិត | ។ | |
ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្ដឥតមានគិត | ||
ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៧,៨
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរព្រះគុណព្រះអម្ចាស់ ព្រះអង្គមានធម៌មេត្តាករុណា និងប្រព្រឹត្តស្នាព្រះហស្ដដ៏អស្ចារ្យចំពោះមនុស្សលោក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១១-១៩
កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយស្រែកឡើងថា៖«លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឱ្យពួកបូជាចារ្យឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធទាំងអស់គ្នា។ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។