សន្តម៉ាតាំង ជាអភិបាលនៅក្រុងទួរ
លោកម៉ាតាំង (ប្រ.៣១៧-៣៩៧) កើតនៅស្រុកហុងគ្រី។ កាលអាយុ ១៦ លោកធ្វើទាហាន។ ពេលនោះ គាត់នៅតែទទួលការអប់រំខាងជំនឿនៅឡើយ។ ដោយឃើញអ្នកក្រីក្រម្នាក់គ្មានអ្វីស្លៀក គាត់យកដាវកាត់អាវធំរបស់ខ្លួនចែកឱ្យគេ។ កាលលោកអាយុម្ភៃពីរឆ្នាំ គាត់ទទួលអគ្គសញ្ញាជ្រមុជទឹក ហើយលែងបម្រើកងទ័ព និងចាប់ផ្តើមរៀនទេវវិទ្យាពីសន្តហ៊ីឡែរ នៅក្រុងប៉ុយទីយេ។ លោកបង្កើតអារាមនៅលីគូសេ (ប្រទេសបារាំង) ហើយខិតខំនាំដំណឹងល្អរបស់ព្រះយេស៊ូដល់អ្នកស្រុកនោះ។ ពេលលោកហៀបនឹងទទួលមរណភាព លោកអង្វរព្រះជាម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ ប្រសិនបើប្រជារាស្ត្រព្រះអង្គត្រូវការខ្ញុំទៀត ខ្ញុំមិនបដិសេធនឹងធ្វើការទេ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ”។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកទីតុស ទត ១,១-៩
ខ្ញុំប៉ូល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្ត។ ព្រះជាម្ចាស់ចាត់ខ្ញុំឱ្យនាំអស់អ្នកដែលព្រះអង្គបានជ្រើសរើសឱ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ព្រះអង្គ។ អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់បានសន្យាតាំងពីមុនកាលសម័យទាំងអស់ ព្រះអង្គមិនកុហកទេ។ នៅពេលកំណត់ ព្រះអង្គបានសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ហើយប្រគល់ព្រះបន្ទូលនេះមកឱ្យខ្ញុំប្រកាស តាមបញ្ជារបស់ព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់យើង។ មកដល់ទីតុសជាកូនដ៏ពិតប្រាកដខាងជំនឿ ដែលយើងមានរួមគ្នា។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះនៃយើង ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់អ្នក។ ខ្ញុំបានទុកអ្នកឱ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ឱ្យមានរបៀបរៀបរយ និងតែងតាំងព្រឹទ្ធាចារ្យនៅតាមក្រុងនីមួយៗ ដូចខ្ញុំបានផ្ដាំរួចហើយ គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថាជាកូនខិលខូច មិនចេះស្ដាប់បង្គាប់។ ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់ព្រះជាម្ចាស់ អ្នកអភិបាលត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនចំណូលស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្តធ្ងន់ សុចរិត ចិត្តបរិសុទ្ធ ចេះទប់ចិត្ត ជាប់ចិត្តនឹងព្រះបន្ទូលជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឱ្យមានសមត្ថភាពដាស់តឿនអ្នកដទៃ តាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
ទំនុកតម្កើងលេខ ២៤(២៣),១-៦ បទពាក្យ៧
១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ | ជាស្នាព្រះហស្ដនៃព្រះអង្គ | ។ | |
២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយលើសមុទ្រ | ។ | |
៣ | តើនរណាអាចឡើលើភ្នំ | វិហារឧត្ដមដ៏វិសុទ្ធ | |
ដែលជាទីដ្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ដ | ។ | |
៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
មិនបណ្ដោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
៥ | ព្រះជាម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភីល ២,១៥-១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្ដល់ជីវិត ដូច្នេះ បងប្អូននឹងភ្លឺក្នុងចំណោមមនុស្សលោក ដូចពន្លឺដែលបំភ្លឺដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,១-៦
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឱ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឱ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឱ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឱ្យគាត់ទៅ។ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឱ្យគាត់ទៅ»។ ពួកគ្រីស្តទូតទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯងទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
ស – សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សន្តម៉ាតាំងបានលើកតម្កើងសិរីរុងរឿងព្រះអង្គ ទាំងរបៀបរស់នៅក្តី ទាំងនៅពេលទទួលមរណភាពក្តី។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះអង្គដោយគ្មានអ្វី (ទាំងកង្វល់នៃជីវិតក្តី ទាំងសេចក្តីស្លាប់ក្តី) អាចបំបែកយើងខ្ញុំពីព្រះអង្គបានឡើយ។
សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៦,៦-៨ ឬ ១,២០-២៤
ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួបមកថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គដើម្បីសុំរំដោះបាបឬ?ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នកឱ្យស្គាល់ការណាដែលល្អនិងការណាដែលព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកធ្វើគឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នក។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
មង្គលពេកក្រៃ | ។ | ||
២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
ឥតមានភ្លេចភ្លឹក | ។ | ||
៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
តាមកាលរដូវ | ។ | ||
៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
បាចសាចខ្ចាត់ខ្ចាយ | ។ | ||
៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
ពីអ្នកសុចរិត | |||
៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
នាំខ្លួនអន្តរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៥, ៣១-៤៦ (ឬយ៉ាងខ្លី ៣១-៤០)
«នៅពេលបុត្រមនុស្សយាងមកជាមួយពួកទេវទូតប្រកបដោយសិរីរុងរឿង លោកនឹងគង់នៅលើបល្ល័ង្កដ៏រុងរឿង។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមកផ្ដុំគ្នានៅមុខលោក លោកនឹងញែកគេចេញពីគ្នា ដូចគង្វាលញែកចៀមចេញពីពពែ គឺឱ្យចៀមនៅខាងស្ដាំ ពពែនៅខាងឆ្វេង។ ពេលនោះ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកនៅខាងស្ដាំព្រះអង្គថា “អស់អ្នកដែលព្រះបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលព្រះរាជ្យដែលព្រះអង្គបានរៀបទុកឱ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកមក ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឱ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឱ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួលយើងឱ្យស្នាក់អាស្រ័យ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានយកសម្លៀកបំពាក់មកឱ្យយើង កាលយើងមានជំងឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់ឃុំឃាំង អ្នករាល់គ្នាក៏បានមកសួរយើងដែរ”។ ពួកអ្នកសុចរិតទូលព្រះអង្គវិញថាៈ “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់?។ តើយើងខ្ញុំដែលបានឃើញព្រះអង្គជាជនបរទេស ហើយទទួលព្រះអង្គឱ្យស្នាក់អាស្រ័យ ឬឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ហើយយកសម្លៀកបំពាក់មកថ្វាយព្រះអង្គពីអង្កាល់?។ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះមហាក្សត្រនឹងមានព្រះបន្ទូលតបទៅគេថា “យើងសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្តចំពោះយើងដែរ”។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឱ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារសាតាំង និងបរិវាររបស់វានោះទៅ! ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាពុំបានឱ្យម្ហូបអាហារយើងបរិភោគទេ កាលយើងស្រេក អ្នករាល់គ្នាក៏ពុំបានឱ្យទឹកយើងពិសាដែរ កាលយើងជាជនបរទេស អ្នករាល់គ្នាពុំបានទទួលយើងឱ្យស្នាក់អាស្រ័យឡើយ កាលយើងគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាក៏ពុំបានយកសម្លៀកបំពាក់មកឱ្យយើងដែរ កាលយើងមានជំងឺ និងជាប់ឃុំឃាំង អ្នករាល់គ្នាពុំបានមកសួរសុខទុក្ខយើងទាល់តែសោះ”។ ពួកនោះនាំគ្នាទូលព្រះអង្គថា “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំមានដែលបានឃើញព្រះអង្គឃ្លាន ឃើញព្រះអង្គស្រេក ឃើញព្រះអង្គជាជនបរទេស ឃើញព្រះអង្គគ្មានសម្លៀកបំពាក់ ឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយយើងខ្ញុំមិនដែលជួយព្រះអង្គសោះពីអង្កាល់?”។ ព្រះអង្គមានព្រះបន្ទូលទៅគេថា “យើងសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលអ្នករាល់គ្នាមិនបានប្រព្រឹត្តអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាមិនបានប្រព្រឹត្តចំពោះយើងដែរ”។ អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញនឹងទទួលជីវិតអស់កល្បជានិច្ច»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយព្រះអង្គនៅថ្ងៃគោរពសន្តម៉ាតាំង។ សូមប្រោសយើងខ្ញុំឱ្យស្វែងរកព្រះអង្គជានិច្ច ទាំងនៅគ្រាស្រួល និងនៅគ្រាពិបាកផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះកាយព្រះគ្រីស្តដែលធ្វើឱ្យយើងខ្ញុំរួបរួមគ្នាជាធ្លុងតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាមួយព្រះអង្គជានិច្ច។ សូមឱ្យយើងខ្ញុំមានអំណរសប្បាយ ដោយផ្ញើជីវិតទាំងស្រុងទៅលើព្រះអង្គដូចសន្តម៉ាតាំងដែរ។