ពាក្យអធិដ្ឋានពេលចូល
ឱព្រះជាម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស ហើយដែលមានតេជានុភាពសព្វប្រការ! សូមទ្រង់ព្រះមេត្តាដកឧបសគ្គទាំងប៉ុន្មានដែលរារាំងផ្លូវយើងខ្ញុំមិនឱ្យប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះជានិច្ចផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រ ១ ពង្ស ១៧,១០-១៦
ព្យាការីអេលីធ្វើដំណើរទៅកាន់ក្រុងសារិបតា។ លុះដល់មាត់ទ្វារក្រុង លោកឃើញស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ លោកហៅស្រ្តីនោះមក ហើយនិយាយទៅកាន់នាងថា៖ «សូមទៅយកទឹកឱ្យខ្ញុំផឹកបន្តិច!»។ នាងក៏ទៅយកទឹកទៅ។ លោកស្រែកប្រាប់នាងទៀតថា៖ «សូមយកនំប័ុងឱ្យខ្ញុំមួយដុំផង!»។ នាងតបថា៖ «នាងខ្ញុំសូមជម្រាបលោក ដោយយកព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ជាព្រះរបស់លោកធ្វើជាសាក្សីថា នាងខ្ញុំគ្មាននំប័ុងទេ នាងខ្ញុំនៅសល់តែម្សៅមួយក្តាប់ក្នុងខាប់ និងប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ នាងខ្ញុំកំពុងតែរើសអុសពីរអង្កត់នេះ យកទៅដុតនំប័ុងសម្រាប់នាងខ្ញុំនឹងកូនទទួលទាន។ ពេលទទួលទានរួចហើយ យើងខ្ញុំទាំងពីរនាក់ម្តាយកូននឹងស្លាប់ទាំងអស់គ្នា»។ លោកអេលីមានប្រសាសន៍ទៅកាន់នាងថា៖ «កុំខ្លាចអ្វីឡើយ! សូមចូលទៅធ្វើតាមពាក្យនាងចុះ! តែសូមដុតនំប័ុងមួយដុំតូចយកមកឱ្យខ្ញុំជាមុនសិន រួចសឹមដុតសម្រាប់នាង និងកូនរបស់នាង ដ្បិតព្រះអម្ចាស់ជាព្រះនៃជនជាតិអុីស្រាអែល មានព្រះបន្ទូលថា “ម្សៅក្នុងខាប់នឹងមិនចេះអស់ទេ ហើយប្រេងនៅក្នុងដបក៏មិនចេះអស់ដែរ រហូតដល់ថ្ងៃព្រះអម្ចាស់បង្អុរភ្លៀងមកលើផែនដី”»។ នាងក៏ចេញទៅធ្វើតាមពាក្យដែលលោកអេលីបានប្រាប់។ ពួកគេមានអាហារបរិភោគជាយូរថ្ងៃ ទាំងនាង ទាំងកូននាង និងលោកអេលី គឺម្សៅមិនចេះរលោះពីខាប់ ប្រេងក៏មិនចេះរលោះពីដប ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បាន ថ្លែងដោយសារលោកអេលី។
ទំនុកតម្កើងលេខ ១៤៦ (១៤៥), ៥-១០ បទពាក្យ ៧
៥ | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
៦ | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
៧ | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
តែទ្រង់ធ្វើឱ្យគម្រោងការ | មនុស្សខូចពាលាវិនាសបង់ | ។ | |
១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
ឱក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,២៤-២៨
ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើងដោយដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គយាងមកតែម្តងគត់ ដើម្បីលុបបំបាត់បាបកម្ម ដោយព្រះអង្គបានបូជាព្រះជន្ម។ មនុស្សលោកទាំងអស់ត្រូវស្លាប់តែម្តង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ព្រះគ្រីស្តក៏បានបូជាព្រះជន្មតែម្តងធ្វើជាយញ្ញបូជា ដើម្បីដកបាបកម្មចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្តងទៀត តែលើកក្រោយនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គនោះ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដាក់ចិត្តជាអ្នកក្រខ្សត់ ពិតជាមានសុមភង្គល ដ្បិតអ្នកទាំងនោះបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,៣៨-៤៤ (ឬយ៉ាងខ្លី ១២,៤១-៤៤)
ព្រះយេស៊ូមានព្រះបន្ទូលបង្រៀនបណ្តាជនថា៖ «ចូរប្រយ័ត្ននឹងពួកធម្មាចារ្យឱ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឱ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងធម្មសាលា និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្រ្តីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
ប្រសិនបើអានយ៉ាងខ្លី សូមចាប់ផ្តើមពីនេះតទៅ
ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្តាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ មានស្រ្តីមេម៉ាយក្រីក្រម្នាក់មកដល់ នាងក៏យកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុតមកដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសូមប្រាប់ឱ្យអ្នករាល់គ្នាបានដឹងច្បាស់ថា ស្រ្តីមេម៉ាយក្រីក្រនេះ ដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្រ្តីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលថ្វាយអភិបូជា យើងខ្ញុំនាំគ្នាលើកតម្កើងព្រះបុត្រាដែលសោយទិវង្គត និងទទួលព្រះជន្មដ៏រុងរឿង យើងខ្ញុំក៏សូមអរព្រះគុណព្រះអង្គផង!។ សូមទ្រង់ព្រះមេត្តាលើកលែងទោសយើងខ្ញុំ សូមប្រទានសេចក្តីសុខសាន្តដ៏ពិតប្រាកដឱ្យយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានអាហារដែលពង្រឹងទឹកចិត្តយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំព្យាយាមបម្រើព្រះអង្គ ដោយចិត្តទៀងត្រង់ជានិច្ចផង។