អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

សៅរ៍ – បៃតង – រដូវធម្មតា

នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាត្រង់” ដែលនៅក្រុងរ៉ូម អភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ៤,១០-១៩

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ​មាន​អំណរ​ក្នុង​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា បង‌ប្អូន​បាន​នឹក​គិត​ដល់​ខ្ញុំ​ជា​ថ្មី​ឡើង​វិញ។ កាល​ពី​មុន បង‌ប្អូន​ក៏​បាន​នឹក​គិត​ដល់​ខ្ញុំ​ដែរ តែ​បង‌ប្អូន​គ្មាន​ឱកាស​នឹង​សម្ដែង​ទឹក​ចិត្ត​របស់​បង‌ប្អូន​ចំពោះ​ខ្ញុំ។ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឱ្យចេះ​ស្កប់​ចិត្ត ក្នុង​គ្រប់​កាលៈ‌ទេសៈ។ ទោះ‌បី​ទ័ល​ក្រ​ក្តី មាន​បរិបូណ៌​ក្តី ខ្ញុំ​ក៏​ចេះ​រស់​ដែរ។ ខ្ញុំ​បាន​អប់រំ​ចិត្ត​ក្នុង​គ្រប់​កាលៈ‌ទេសៈ និង​គ្រប់​ទី​កន្លែង គឺ​ថា​ទោះ​បី​បរិភោគ​ឆ្អែត​ក្តី អត់​ឃ្លាន​ក្តី មាន​បរិបូណ៌​ក្តី ឬ​ខ្វះ​ខាត​ក្តី ខ្ញុំ​ស្កប់​ចិត្ត​ជា‌និច្ច។ ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​ប្រទាន​កម្លាំង​ឱ្យខ្ញុំ។ ទោះ​ជា​យ៉ាង​ណា​ក្តី បង‌ប្អូន​រួម​ជា​មួយ​ខ្ញុំ​ក្នុង​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់។ បង‌ប្អូន​នៅ​ក្រុង​ភីលីព​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា តាំង​ពី​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ គឺ​តាំង​ពី​ខ្ញុំ​បាន​ចាក​ចេញ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​នោះ ក្រៅ​ពី​បង‌ប្អូន គ្មាន​ព្រះ‌សហគមន៍​ណា​បាន​ជួយ​ខ្ញុំក្នុង​ការ​ចំណាយ ឬ​ចំណូល​ឡើយ។ កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បង‌ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយតាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។ ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង‌ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឱ្យ​បង‌ប្អូន​បាន​ទទួល​ព្រះ‌ពរ​ដ៏​បរិបូណ៌។ ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ ខ្ញុំមាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង‌ប្អូន តាម‌រយៈ​លោក​អេប៉ា‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។ ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង‌ប្អូន ស្រប​តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។

ទំនុកតម្កើងលេខ ១១២(១១),១-២.៥-៦.៨-៩ បទពាក្យ៧

អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបតិ្តច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល
ជូពរបស់គេមានអំណាច ចិត្តក្លអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត
ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត
កេរិ៍ឈ្មោះរន្ទឺឮសុសសាយ ទីជិតទីឆ្ងាយមិនរលត់
ជនគ្រប់សម័យតែងចាំស្ទាត់ នឹកទៅដល់គាត់ជាច់ជានិច្ច
គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ទរត់អស់ទើបស្កប់ចិត្ត
គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្នោះសរស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដដែលមានសម្បត្តិដ៏ច្រើនទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,៩-១៥

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​យក​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែល​បញ្ឆោត​ចិត្ត​នេះទៅ​ធ្វើ​ទាន ដើម្បី​ឱ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន។ ពេល​ណា​ទ្រព្យ​នេះ​រលាយ​សូន្យ​ទៅ មិត្ត‌ភក្ដិ​ទាំង​នោះនឹង​ទទួល​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ណា​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ‌ត្រង់​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ អ្នក​ណា​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ដ៏​តូច អ្នក​នោះ​ក៏​តែង​បោក​បញ្ឆោត​ក្នុង​កិច្ច‌ការ​ធំ​ដុំ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​ក្នុង​របៀប​ប្រើ‌ប្រាស់​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ដែលបញ្ឆោត​ចិត្ត​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​ពុំ​អាច​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដ៏​ពិត​ប្រាកដ​មក​អ្នក​រាល់​គ្នា​បាន​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ‌ត្រង់​នឹង​ទ្រព្យ‌​សម្បត្តិ​អ្នក​ដទៃ​ផង ធ្វើ​ម្ដេច​ឱ្យព្រះ‌ជាម្ចាស់​ប្រទាន​ទ្រព្យ‌សម្បត្តិ​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អ្នក​រាល់​គ្នា មក​អ្នក​រាល់​គ្នា​បាន! គ្មាន​អ្នក​ណា​អាច​បម្រើ​ម្ចាស់​ពីរ​នាក់​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​ម្នាក់ ស្រឡាញ់​ម្នាក់ ស្មោះ‌ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ​លោកីយ៍​ផង​បាន​ឡើយ»។ កាល​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឱ្យ​ព្រះ‌យេស៊ូ ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖«អ្នក​រាល់​គ្នា​តែង‌តែ​សម្ដែង​ឫក‌ពា​ឱ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​ជន​សុចរិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​ឈ្វេង​យល់​ចិត្ត​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​មនុស្ស​លោក​យល់​ឃើញ​ថា​ល្អ​ប្រសើរ ព្រះ‌ជាម្ចាស់​ចាត់​ទុក​ថា​ជា​ការ​គួរឱ្យ​ស្អប់​ខ្ពើម។

ស – បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម

ថ្ងៃទី ០៩ ខែវិច្ឆិការ
បុណ្យរំឭកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង
បុណ្យគោរព
ពណ៌ស

នៅគ.ស ៣២០ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាម កុងស្តង់តាំង សាងព្រះវិហារមួយនៅភ្នំតូចហៅថា “ភ្នំឡាត្រង់” ដែលនៅក្រុងរ៉ូម អភិបាលព្រះសហគមន៍ក្រុងនោះឈ្មោះស៊ីលវ៉េស្ត្រ។ បន្ទាប់មកអភិបាលព្រះសហគមន៍ក្រុងរ៉ូមទាំងប៉ុន្មានដែលបន្តមុខតំណែងរៀងមក បានស្នាក់នៅក្នុងវិមាននោះ។ គ្រីស្តបរិស័ទតែងរាប់ព្រះវិហារនេះទុកថា “ព្រះវិហារទី ១” ក្នុងចំណោមព្រះវិហារទាំងឡាយ។ អស់លោកអភិបាល ព្រះសហគមន៍ក្នុងសកលលោកបានជួបជុំគ្នាជាមហាសន្និបាតសកលក្នុងព្រះវិហារនេះអស់ប្រាំដង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានជ្រើសរើសគ្រីស្តបរិស័ទទុកជាថ្មសិលាដែលមានជិវិត សម្រាប់កសាងព្រះដំណាក់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណយ៉ាងបរិបូរណ៍ឱ្យគ្រីស្តបរិស័ទ សូមឱ្យប្រជារាស្ត្ររបស់ព្រះអង្គចម្រើនឡើង ទាំងយកចិត្តទុកដាក់កសាងពិភពលោកថ្មី តាមព្រះហឫទ័យព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល អគ ៤៧,១-២.៨-៩.១២

 នៅពេលយប់សុបិន្តនិមិត្ត ខ្ញុំឃើញបុរសម្នាក់​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ទ្វារ​ព្រះ‌ដំណាក់​វិញ។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ទឹក​ផុស​ចេញ​ពី​ក្រោម​មាត់​ទ្វារ ហូរ​ទៅ​ទិស​ខាង​កើត ព្រោះ​ព្រះ‌ដំណាក់​បែរ​មុខ​ទៅ​ខាង​កើត។ ទឹក​ហូរ​ចុះ​ទៅ​ខាង​ស្តាំ​ព្រះ‌ដំណាក់ កាត់​តាម​ខាង​ត្បូង​អាសនៈ។ បុរស​នោះ​នាំ​ខ្ញុំ​ចេញ​ពី​ទី‌លាន​តាម​ខ្លោង​ទ្វារ​ខាង​ជើង ហើយ​នាំ​ខ្ញុំ​ដើរ​វាង​ព្រះ‌ដំណាក់ រហូត​ដល់​ខាង​ក្រៅ​ទ្វារ​ខាង​កើត។ នៅ​ទី​នោះ ទឹក​ក៏​ហូរ​ចេញ​ពី​ខាង​ស្តាំ​មក​ដែរ។ លោក​ប្រាប់​ខ្ញុំ​ថា៖«ទឹក​នេះ​ហូរ​ទៅ​ស្រុក​ខាង​កើត ចុះ​ទៅ​ដល់​តំបន់​ទន្លេ​យ័រដាន់ រួច​ហូរ​ចាក់​ទៅ​សមុទ្រ ធ្វើ​ឱ្យទឹក​សមុទ្រ​ប្រែ​ជា​ទឹក​សាប។ ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឱ្យទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។ នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្តល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទី‌សក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៣,៩គ-១១.១៦-១៧

បងប្អូនជាទីស្រឡាញ់!
ដ្បិត​យើង​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ បង‌ប្អូន​ជា​ស្រែ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ជា​ដំណាក់​ដែល​ព្រះ‌អង្គ​បាន​សង់​ដែរ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​មួយ​រូប​ដ៏​ជំនាញ តាម​ព្រះ‌អំណោយ‌ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឱ្យខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​មក​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ ដ្បិត​គ្មាន​នរណា​អាច​ចាក់​គ្រឹះ​មួយ​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ទេ ពោល​គឺ ព្រះ‌យេស៊ូ‌គ្រីស្ត។ បង‌ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ទេ​ឬ! បង‌ប្អូន​មិន​ជ្រាប​ថា​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ទេ​ឬ!។ ប្រសិន​បើ​នរណា​ម្នាក់​កម្ទេច​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​កម្ទេច​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ គឺ​បង‌ប្អូន​ហ្នឹង​ហើយ​ជា​ព្រះ‌វិហារ​នោះ។

ទំនុកតម្កើងលេខ ៤៦(៤៥), ២-៣.៥-៦.៨-១០ បទពាក្យ៧

ព្រះអម្ចាស់ជាទីជម្រក ឱ្យយើងចូលជ្រករាល់ខែឆ្នាំ
ព្រះអង្គតែងតែប្រុងប្រៀបចាំ មិនមើលបំណាំពេលអាសន្ន
ទោះបីផែនដីប្រះរញ្ជួយ ភ្នំប្រែរលួយដោយទាន់ហន់
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ ជាច្រើនរយជាន់ខ្ញុំមិនភ័យ
មានទន្លេមួយនាំអំណរ សិរីបវរស្រោចបាចសាច
បុរីព្រះម្ចាស់មានអំណាច វិសុទ្ធក្រៃពេកព្រះដំណាក់
ព្រះម្ចាស់មានអំណាច បានក្តីសុខាមិនអន់អាក់
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ តាំងពីថ្ងៃរះព្រឹកព្រលឹម
ព្រះជាអម្ចាស់នៃពិភព ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ
ព្រះលោកយ៉ាកុបមិនទន់ជ្រាយ កំពែងមាំក្រៃនៃយើងខ្ញុំ
ចូរនាំគ្នាមើលស្នាព្រះហស្ត របស់ព្រះម្ចាស់ដ៏ឧត្តម
កិច្ចការអស្ចារ្យទាំងតូចធំ ដែលទ្រង់ខិតខំលើផែនដី
១០ ទ្រង់បានប្រមូលធ្នូលំពែង ខែលដាវខ្លីវែងគ្មានសល់អ្វី
រទេះគ្រឿងក្រោះបោះទៅដី ដុតខ្ទេចគ្មានស្តាយមិនស្រណោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ របា ៧,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖«យើងបានជ្រើសរើសដំណាក់នេះ ហើយញែកផ្ទះនេះឱ្យបានវិសុទ្ធ។ យើងនឹងស្នាក់នៅដំណាក់នេះរហូតតរៀងទៅ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២,១៣-២២

បុណ្យ​ចម្លងរបស់​ជន​ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ ព្រះ‌អង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ ព្រះ‌អង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ ព្រះ‌អង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖«ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ ពួក​សាវ័ក​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖«មក​ពី​ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គបាន​ជា​គេ​ប្រហារ​ជីវិត​ទូល‌បង្គំ»​។ ពេល​នោះ ជន​ជាតិ​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖«តើ​លោក​មាន​ទី​សម្គាល់​អ្វីបង្ហាញ​ឱ្យយើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌​ឆ្លើយ​ទៅ​គេ​ថា៖«ចូរ​រុះ​ព្រះ‌វិហារនេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ ជន​ជាតិ​យូដា​តប​ថា៖«គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះ‌អង្គ​វិញ​ឯ‌ណោះ​ទេ។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សាវ័ក​នឹក​ឃើញ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍ជួបជុំគោរពបម្រើព្រះអង្គក្នុងដំណាក់តែមួយ រួមជាមួយព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ។ យើងខ្ញុំគ្មានអ្វីថ្វាយព្រះអង្គក្រៅពី កាយ វាចា ចិត្ត រួមជាមួយនឹងសក្ការបូជារបស់ព្រះយេស៊ូ​គ្រីស្ត សូមព្រះអង្គទទួលដោយអនុគ្រោះ។

បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយមានតេជានុភាពសព្វប្រការ។ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ សូមលើកតម្កើងព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាប្រជារាស្ត្រតែមួយដែលគោរពបម្រើព្រះអង្គ។ ព្រះសហគមន៍ពិតជាមហាគ្រួសាររបស់ព្រះអង្គ ដែលកំពុងធ្វើដំណើរទៅកាន់ព្រះអង្គ។ ព្រះសហគមន៍ពិតជាសញ្ញាសម្គាល់បង្ហាញការសង្គ្រោះរបស់ព្រះអង្គឱ្យមនុស្សលោក។ ព្រះអង្គក៏ប្រទានជិវិតថ្មីឱ្យមនុស្សលោកដោយសារព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្តដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះជាម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលេង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយព្រះបុត្រាព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំទាំងអស់គ្នាជាគ្រីស្តបរិស័ទ ដើម្បីឱ្យព្រះសហគមន៍អាចធ្វើជាសញ្ញាសម្គាល់បញ្ជាក់អំពីពិភពលោកថ្មី សាងតាមព្រះហឫទ័យព្រះអង្គ។

Facebook
Twitter
LinkedIn