អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ៣,៣-៨

បងប្អូនជាទីស្រឡាញ់!
យើង​ឯ‌ណេះ​វិញ​ទេដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ​ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រីស្ត​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។ ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹត‌តែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត គឺ​ខ្ញុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ពេល​ខ្ញុំ​កើត​បាន​ប្រាំ​បី​ថ្ងៃ ខ្ញុំ​ជា​ពូជ​សាសន៍​អ៊ីស្រា‌អែល​ក្នុង​កុល​សម្ព័ន្ធ​បេន‌យ៉ាមីន ខ្ញុំ​ជា​ហេប្រឺ កើត​ពី​ជាតិ​ហេប្រឺ។ រីឯ​ផ្នែក​គោរព​គម្ពីរ‌វិន័យវិញ ខ្ញុំ​នៅ​ខាង​គណៈ​ផារីស៊ី បើ​និយាយ​ពី​ចិត្ត​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ព្រះ‌សហគមន៍​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិតដែល​មក​ពី​ការ​កាន់​តាម​វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។ ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថាឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រីស្ត គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះ‌គ្រីស្ត‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ព្រោះ​តែ​ព្រះ‌អង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាមឱ្យតែ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ត។

ទំនុកតម្កើងលេខ ១០៥(១០៤),២-៧ បទកាកគតិ

ចូរច្រៀងបងថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
រៀបរាប់អំពី សព្វអស់ការងារ អស្ចារ្យគ្រប់គ្រា
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ត
កុំបីសៅហ្មង
ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់
ស្វែងរកព្រះភក្រ្ត របស់ព្រះអង្គ កុំនៅរេរង់
ឈប់ឈរសោះឡើយ
សូមនឹកដល់ការ សម្បើមអស្ចារ្យ ទ្រង់បានធ្វើហើយ
នឹកដល់បាដិហារិយ៍ កុំនៅកន្ដើយ និងការវិនិច្ឆ័យ
ដែលទ្រង់សម្រេច
ពូជពង្សរបស់ អប្រាហាំទាំងអស់ នៅបម្រើស្រេច
កូនចៅយ៉ាកុប ដ៏ល្អបណ្ដាច់ ព្រះអង្គសម្រេច
ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ
កុំនៅបង្អង់ រេរង់តោះតើយ គឺទ្រង់នោះហើយ
គ្រប់គ្រងផែនដី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៩,១០

អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សបានមកស្វែងរក និងសង្គ្រោះមនុស្ស​ដែលវិនាសអន្ដរាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៥,១-១០

មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យរអ៊ូ‌រទាំ​ថា៖«មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេជា​ប្រស្នា​នេះ​ថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ ក ត្រឡប់​មក​ផ្ទះ​វិញ ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះ‌អង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ ដែល​មិន​ត្រូវ​ការ​កែ‌ប្រែ​ចិត្ត​គំនិត»។ «ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀងបោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។ លុះ​រក​ឃើញ​ហើយ គាត់​ក៏​ហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ប្រាក់​ដួងដែល​ខ្ញុំ​បាត់​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវទូតរបស់​ព្រះ‌ជាម្ចាស់​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត»។

Facebook
Twitter
LinkedIn