អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ២,៥-១១

បងប្អូនជាទីស្រឡាញ់!
ព្រះ‌គ្រីស្ត‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង‌ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។ ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះទុក​ជា​កម្ម‌សិទ្ធិ​ដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករ ព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។ព្រះ‌អង្គ​បាន​ដាក់​ខ្លួនធ្វើ​តាម​ព្រះ‌បញ្ជារហូត​ដល់​សោយ​ទិវង្គត គឺ​រហូត​ដល់​សោយ​ទិវង្គត​លើ​ឈើ​ឆ្កាងថែម​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់លើក​តម្កើង​ព្រះ‌អង្គ​ឡើង​យ៉ាង​ខ្ពង់‌ខ្ពស់​បំផុត ព្រម​ទាំង​ប្រោស​ប្រទាន​ឱ្យព្រះ‌អង្គមាន​ព្រះ‌នាម​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ដើម្បី​ឱ្យអ្វីៗ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ក្រោម​ដី នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ នៅ​ពេល​ណា​ឮ​ព្រះ‌នាម​ព្រះ‌យេស៊ូ និងឱ្យមនុស្ស​គ្រប់​ភាសាប្រកាស​ឡើងថា ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា។

ទំនុកតម្កើងលេខ ២២(២១),២៦-២៩.៣១-៣២ បទកាកគតិ

២៦ ព្រះអង្គបានប្រោស ប្រណីសន្ដោស ជាម្លប់ត្រជាក់
ខ្ញុំលើកតម្កើង ដោយចិត្តស្មោះស្ម័គ្រ នៅមុខអស់អ្នក
ក្នុងអង្គប្រជុំ
២៧ មនុស្សទន់ទាប ស្លូតបូតសុភាព បានក្ដីសុខដុម
បរិភោគឆ្អែតឆ្អល់ ឥតព្រួយបារម្ភ រកព្រះឧត្តម
សរសើរបារមី
២៨ មនុស្សទាំងប៉ុន្មាន ដែលរស់សុខសាន្ដ នៅលើផែនដី
នឹកឃើញព្រះម្ចាស់ ត្រឡប់វល់វៃ នាំគ្នាឃ្មាខ្មី
ក្រាបថ្វាយបង្គំ
២៩ ព្រះជាអម្ចាស់ ជាមហាក្សត្រច្បាស់ ប្រពៃសក្ដិសម
គ្រប់គ្រងទាំងអស់ លើជាតិតូចធំ រស់នៅជួបជុំ
ក្សេមក្សាន្ដរមនា
៣១ ជនជំនាន់ក្រោយ គោរពព្រះដោយ ចិត្តមិនបែកបែរ
បម្រើព្រះម្ចាស់ មិនមានវៀចវេរ ហើយគេតែងតែ
ថ្លែងប្រាប់កូនចៅ
៣២ គេប្រកាសប្រាប់ ឱ្យប្រជាស្ដាប់ តអស់ពង្សផៅ
ពីក្ដីសុចរិត ទៀងត្រង់ត្រឹមត្រូវ ទ្រង់ត្រួសត្រាយផ្លូវ
រំដោះប្រជា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៣,២៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅយើងជាមនុស្សមកពីទិសទាំងបួន ឱ្យចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១៥-២៤

ពេលនោះ ព្រះយេស៊ូកំពុងសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់។ បុរស​ម្នាក់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖«អ្នក​ណា​បាន​ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«មាន​បុរស​ម្នាក់​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ ហើយ​លោក​បាន​អញ្ជើញ​ភ្ញៀវ​ជា​ច្រើន។ លុះ​ដល់​ម៉ោង​ជប់‌លៀង លោក​ចាត់​អ្នក​បម្រើ​ឱ្យទៅ​ប្រាប់​ភ្ញៀវ​ថា “ម្ហូប​អាហារ​បាន​រៀប‌ចំ​ស្រេច​ហើយ សូម​អញ្ជើញ​មក!”។ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​ដោះ‌សា​បន្ដ​បន្ទាប់​គ្នា ម្នាក់​និយាយ​ទៅ​កាន់​អ្នក​បម្រើ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​ដី​ចម្ការ​មួយ​កន្លែង ខ្ញុំ​ត្រូវ​តែ​ចេញ​ទៅ​មើល​ឥឡូវ​នេះ សូម​មេត្តា​អភ័យ​ទោស​ឱ្យ​ខ្ញុំ​ផង”។ ម្នាក់​និយាយ​ថា “ខ្ញុំ​ទើប​នឹង​ទិញ​គោ​ប្រាំ​នឹម ខ្ញុំ​ត្រូវ​តែ​ទៅ​ទឹម​វា​សាក​ល​មើល សូម​មេត្តា​អភ័យ​ទោស​ឱ្យ​ខ្ញុំ​ផង”។ម្នាក់​ទៀត​ពោល​ថា “ខ្ញុំ​ទើប​នឹង​រៀប‌ការ​ប្រពន្ធ ខ្ញុំ​ពុំ​អាច​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ឡើយ”។ អ្នក​បម្រើ​វិល​ទៅ​ជួប​ម្ចាស់​របស់​ខ្លួន​វិញ ហើយ​ជម្រាប​លោក​តាម​ដំណើរ​រឿង។ ម្ចាស់​ផ្ទះ​ក៏​ខឹង លោក​ប្រាប់​ទៅ​អ្នក​បម្រើ​ថា “ចូរ​ប្រញាប់​ចេញ​ទៅ​តាម​ទី​ផ្សារ ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទី‌ក្រុង ហើយ​ប្រមូល​មនុស្ស​ក្រីក្រ មនុស្ស​ពិការ និង​មនុស្ស​ខ្វាក់​ខ្វិន​មក”។ បន្ដិច​ក្រោយ​មក អ្នក​បម្រើ​ជម្រាប​ចៅហ្វាយ​វិញ​ថា “លោក​ម្ចាស់! ខ្ញុំ​បាទ​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​ហើយ តែ​កន្លែង​អង្គុយ​នៅ​មាន​សល់​ទៀត”។ ម្ចាស់​ផ្ទះ​ប្រាប់​ទៅ​អ្នក​បម្រើ​ទៀត​ថា “ចូរ​ទៅ​តាម​ផ្លូវ​ស្រុក​ស្រែ តាម​កៀន​របង ហើយ​បង្ខំ​មនុស្ស‌ម្នា​ឱ្យ​ចូល​មក​ពេញ​ផ្ទះ​ខ្ញុំ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​កាល​ពី​មុន​នោះ គ្មាន​នរណា​ម្នាក់​បាន​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​របស់​ខ្ញុំ​ឡើយ!”»។

Facebook
Twitter
LinkedIn