សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ១,១៨-២៦
បងប្អូនជាទីស្រឡាញ់!
ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្តី ស្មោះសរក្តី ក៏គេផ្សាយដំណឹងអំពីព្រះគ្រីស្តដែរ ខ្ញុំសប្បាយចិត្តនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្តតទៅមុខទៀត ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឱ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរព្រះជាម្ចាស់ឱ្យខ្ញុំ ហើយដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូគ្រីស្តជួយខ្ញុំដែរ។ ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ត និងសង្ឃឹមលើព្រះអង្គ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្តរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្តី ខ្ញុំនឹងលើកតម្កើងព្រះគ្រីស្តក្នុងរូបកាយខ្ញុំ។ ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយព្រះគ្រីស្ត ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ ប៉ុន្តែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឱ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ ចិត្តខ្ញុំរារែកទាំងសងខាង គឺម្យ៉ាង ខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះទៅនៅជាមួយព្រះគ្រីស្ត នោះប្រសើរជាងឆ្ងាយណាស់ ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ ខ្ញុំជឿជាក់ និងដឹងថា ខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឱ្យបងប្អូនបានចម្រើនឡើង ទាំងមានអំណរមកពីជំនឿ និងដើម្បីឱ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀត ដោយបានរួមជាមួយព្រះគ្រីស្តយេស៊ូ ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
ទំនុកតម្កើងលេខ ៤២(៤១),២-៣.៥ បទពាក្យ៧
២ | បពិត្រព្រះជាម្ចាស់ | ខ្ញុំប្រាថ្នាណាស់ | ចង់នៅជាមួយ |
គិតដេកមិនលក់ | យប់នឹកថ្ងៃព្រួយ | ចង់នៅជាមួយ | |
ដូចក្ដាន់រកទឹក | ។ | ||
៣ | ខ្ញុំស្រេកខ្ញុំឃ្លាន | ព្រះជាម្ចាស់ដ៏មាន | បារមីមានប្ញទិ |
ព្រះជន្មគង់នៅ | ស្ថិតស្ថេរពិតៗ | ខ្ញុំចង់នៅជិត | |
ព្រះភក្រ្តព្រះអង្គ | ។ | ||
៥ | ខ្ញុំយំខ្ញុំសោក | ស្រណោះស្រណោក | នឹកឃើញកាលគ្រា |
ខ្ញុំដឹកនាំមុខ | អស់ទាំងប្រជា | ច្រើនឥតគណនា | |
ឆ្ពោះទៅដំណាក់ | ។ | ||
គេស្រែកគេហ៊ោរ | គេមានអំណារ | ក្អាកក្អាយឱ្យឥតអាក់ | |
គេអរព្រះគុណ | ព្រះខ្ពស់ហួសថ្នាក់ | មិនដែលអន់អាក់ | |
សប្បាយពេកក្រៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨
អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើងដើម្បីអង្គុយលើបល័ង្គ រួមជាមួយសេ្ដចនានា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១១
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ីម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖«បើមានគេអញ្ជើញអ្នកទៅជប់លៀងក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀតមានឋានៈខ្ពស់ជាងអ្នក។ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឱ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។