អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៦,១០-២០

បងប្អូនជាទីស្រឡាញ់!
ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌អង្គ។ ចូរ​បង‌ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្តិ‌សិទ្ធិទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូបិយ​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ ហេតុ​នេះ ចូរ​បង‌ប្អូន​ប្រើ​គ្រឿង​សាស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឱ្យ​បង‌ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង‌ល្អអំពី​សេចក្ដី​សុខ‌សាន្ត​មក​ពាក់​ជា​ស្បែក​ជើង។ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឱ្យ​បង‌ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារកំណាច។ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ចូរ​អធិស្ឋាន​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជាជន​ដ៏‌វិសុទ្ធទាំង​អស់។ ចូរ​អង្វរ​ព្រះ‌អង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះ‌អង្គ​ប្រទាន​ឱ្យខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឱ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឱ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះ‌អង្គ​ឱ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

ទំនុកតម្កើងលេខ ១៤៤(១៤៣) ,១-២.៩-១០ បទព្រហ្មគិតិ

-សូមលើកតម្កើងព្រះ ជាអម្ចាស់ដ៏ឧត្តម
ជាថ្មដានៃខ្ញុំ ធំរឹងមាំមួនបំផុត
ព្រះអង្គបានបង្ហាត់ ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធ្វើសឹកឥតភ័យស្លុត ចេញតយុទ្ធខ្មាំងជិតជុំ
ទ្រង់សម្ដែងហប្ញទ័យ ករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំ ការពារខ្ញុំយ៉ាងអង់អាច
ព្រះអង្គជាជម្រក ខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគល់អំណាច ឱ្យខ្ញុំអាចមានថ្វីដៃ
បពិត្រព្រះម្ចាស់អើយ ខ្ញុំច្រៀងថ្វាយព្រះម្ចាស់
និងប្រគុំតន្រ្ដី ពិរោះក្រៃថ្វាយព្រះម្ចាស់
១០ ព្រះអង្គបានប្រទាន ឱ្យសេចក្ដីមានជ័យជម្នះ
ព្រះអង្គបានសង្គ្រោះ ដាវីឌរស់មានសេរី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១៩,៣៨

អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្ររបស់យើង គឺព្រះមហាក្សត្រដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,៣១-៣៥

នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ីខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖«សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖«ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូចនោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​ខ្មោច ខ្ញុំ​មើល​អ្នក​ជំងឺ​ឱ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ច‌ការ​របស់​ខ្ញុំ។ ប៉ុន្តែ នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ដ​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​ឱ្យ​ព្យាការី​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នកដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឱ្យមក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ‌បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ “សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់ព្រះ‌អង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់!”​»។

Facebook
Twitter
LinkedIn