អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៥,២១-៣៣

បងប្អូនជាទីស្រឡាញ់!
បង‌ប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រីស្ត ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។ បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមីត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ស្វាមី​នាំ​មុខ​ភរិយា ដូច​ព្រះ‌គ្រីស្ត​នាំ​មុខ​ព្រះ‌សហគមន៍ ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ព្រះ‌សហគមន៍​ដែល​ជា​ព្រះ‌កាយ​ព្រះ‌អង្គ។ ហេតុ​នេះ ព្រះ‌សហគមន៍​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួនក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ចំពោះ​បង‌ប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​ព្រះ‌សហគមន៍​ដែរ ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់សម្រាប់​ព្រះ‌សហគមន៍ ដើម្បី​ប្រោសឱ្យ​ព្រះ‌សហគមន៍​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ព្រះ‌សហគមន៍​នេះ​មក​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សហគមន៍​ដ៏​រុង‌រឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឱ្យ​ទៅ​ជា​វិសុទ្ធ ឥត​សៅ‌ហ្មង។ ដូច្នេះ ស្វាមី​ត្រូវ​ស្រឡាញ់​ភរិយាឱ្យបាន​ដូច​ស្រឡាញ់​រូប​កាយ​របស់​ខ្លួន​ដែរ។ អ្នក​ណា​ស្រឡាញ់​ភរិយា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង។ ពុំ​ដែល​មាន​នរណា​ម្នាក់​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយ​ទៅ​វិញ គេ​តែង​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​រូប​កាយ​នោះ ដូច​ព្រះ‌គ្រីស្ត​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា​ព្រះ‌សហគមន៍ ព្រោះ​យើង​ទាំង​អស់​គ្នា​ជា​សរីរាង្គ​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​បាន​ទៅ​ជា​រូប​កាយ​តែ​មួយ​។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថ‌ន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះសំដៅ​លើ​ព្រះ‌គ្រីស្ត និង​ព្រះ‌សហគមន៍​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង‌ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។

ទំនុកតម្កើងលេខ ១២៨(១២៧) ,១-៥ បទកាកគតិ

អ្នកណាកោតខ្លាច គោរពអំណាច ព្រះជាអម្ចាស់
ដើរតាមគន្លង មាគ៌ានៃព្រះ អ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួល បានឥតប្រែប្រួល យកនូវភោគផល
ចេញពីកិច្ចការ គ្រប់ពេលរៀងរាល់ នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នក ដែលនៅក្នុងផ្ទះ ដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែ ស្រគាលទុំខ្ចី កូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយ ទ្រង់ប្រទានឱ្យ គេបានសម្រេច
ដល់អ្នកកោតខ្លាច ប្ញទី្ធអំណាច ផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទិ្ធ ពរជ័យវិចិត្រ ពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃ កុំបាច់លៃលក ដើរតត្រុករក
ក្នុងជីវិតអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែ​ងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១៨-២១

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖«តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យនៅ​តាម​មែក​របស់​វា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖«តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឱ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

Facebook
Twitter
LinkedIn