ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច!។ ព្រះអង្គបានបង្កើតយើងខ្ញុំ និងមានព្រះបន្ទូលសន្យាថា នឹងប្រទានសុភមង្គលយ៉ាងពេញលេញ ដោយយើងខ្ញុំស្រឡាញ់ព្រះអង្គ និងដោយស្រឡាញ់អ្នកដទៃផង។ សូមទ្រង់ព្រះមេត្តាបន្ថែមជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់សេចក្តីដែលព្រះអង្គបញ្ជា ដើម្បីនឹងទទួលសុភមង្គលតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,៧-៩
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវ ចូរអបអរសាទរកូនចៅយ៉ាកុប! ចូរទទួលប្រជាជាតិដែលជាមេដឹកនាំនៃប្រជាជាតិទាំងឡាយឱ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអម្ចាស់ ហើយពោលថា “ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជាជនរបស់ព្រះអង្គផង គឺជនជាតិអុីស្រាអែលដែលនៅសេសសល់!”។ យើងនឹងនាំពួកគេមកពីស្រុកខាងជើង ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាលនៃផែនដីមកវិញដែរ។ ពួកគេមកទាំងអស់គ្នា គឺមានទាំងមនុស្សខ្វាក់ មនុស្សខ្វិន ស្រ្តីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូន។ ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។ ពួកគេមកដល់ទាំងយំផង ទាំងទូលអង្វរផង។ យើងនឹងដឹកនាំពួកគេតាមផ្លូវរាបស្មើ គ្មានអ្វីបណ្តាលឱ្យជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអុីស្រាអែល ហើយអេប្រាអុីម ជាកូនច្បងរបស់យើង។
ទំនុកតម្កើងលេខ ១២៦ (១២៥), ១-៦ បទព្រហ្មគីតិ
១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
២ | យើងសើចហ៊ោសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
ស្រែកជយឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា | ||
«ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ | |
៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម្ល៉េះទេ | |
យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៥,១-៦
ជនជាតិអុីស្រាអែលតែងតែជ្រើសរើសមហាបូជាចារ្យទាំងអស់ពីចំណោមមនុស្ស ហើយតែងតាំងដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការទាក់ទងជាមួយព្រះជាម្ចាស់។ លោកត្រូវថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ មហាបូជាចារ្យមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយដែរ។ ដោយលោកទន់ខ្សោយដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឱ្យខ្លួនលោកផ្ទាល់ និងប្រជារាស្រ្តបានរួចពីបាប។ គ្មាននរណាតាំងខ្លួនឯងឱ្យបំពេញមុខងារដ៏ប្រសើរនេះឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអរ៉ុន ទើបបំពេញបាន។ រីឯព្រះគ្រីស្តវិញ ក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យទេ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះគ្រីស្តធ្វើជាបូជាចារ្យ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៦៨.៧៩
អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់យើង ព្រះអង្គប្រោសឱ្យពន្លឺបំភ្លឺអស់អ្នកដែលរស់នៅភាពងងឹត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ១០,៤៦-៥២
ព្រះយេស៊ូយាងចេញពីទីក្រុងយេរីខូជាមួយក្រុមសាវ័ក និងបណ្តាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ កាលគាត់ឮថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង»។ មនុស្សជាច្រើនគំរាមគាត់ឱ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ព្រះយេស៊ូក៏ឈប់ ហើយមានព្រះបន្ទូលថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹម ចូរក្រោកឡើង លោកហៅអ្នក»។ គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើងតម្រង់ទៅរកព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឱ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសឱ្យភ្នែកទូលបង្គំបានភ្លឺផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់មើលឃើញភ្លាម ហើយដើរតាមផ្លូវជាមួយព្រះយេស៊ូទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមយកកាយ វាចា ចិត្ត មកថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលត្រាស់ហៅយើងខ្ញុំ ឱ្យមកទទួលព្រះកាយ និងព្រះលោហិតព្រះគ្រីស្តជាអាហារដែលផ្តល់ជីវិត។ សូមប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា ព្រមទាំងស្រឡាញ់អ្នកដទៃដូចខ្លួនឯងផង។