អត្ថបទព្រះកម្ពីរ ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,៧-១៦

បងប្អូនជាទីស្រឡាញ់!
ព្រះ‌អង្គ​បាន​បាន​ប្រណី‌សន្ដោស​យើង​ម្នាក់ៗ​តាម​កម្រិត​ព្រះ‌អំណោយ​ទានដែល​ព្រះ‌គ្រីស្ត​ប្រទាន​មក​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​ថា «ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​នាំ​ពួក​ជាប់​ជា​ឈ្លើយ​ទៅ​ជា​មួយ ហើយ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌អំណោយ​ទានផ្សេងៗ​ដល់​មនុស្ស​លោក»។ ពាក្យ​ថា “យាង​ឡើង​ទៅ”នោះ បាន​សេចក្ដី​ថា​ដូច​ម្ដេច? គឺ​បាន​សេចក្ដី​ថា ព្រះ‌អង្គ​បាន​យាង​ចុះ​មក​ផែន‌ដី​ដ៏​ទាប​នេះ​ជា​មុន​សិន។ ព្រះ‌អង្គ​ដែល​បាន​យាង​ចុះ​មក​នោះ ជា​ព្រះ‌អង្គ​ដែល​បាន​យាង​ឡើង​ទៅ​ទី​ដ៏​ខ្ពស់​បំផុត​នៃ​ស្ថាន​បរម‌សុខ ដើម្បី​បំពេញ​អ្វីៗ​ទាំង​អស់។ គឺ​ព្រះ‌អង្គ​ហើយដែល​បាន​ប្រទាន​ឱ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​គ្រីស្តទូតឱ្យអ្នក​ខ្លះ​ថ្លែង​ព្រះ‌បន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ អ្នក​ខ្លះ​ជា​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន ដើម្បី​រៀបចំ​ប្រជាជន​ដ៏‌វិសុទ្ធ​ឱ្យ​បំពេញ​មុខ‌ងារ​បម្រើ និង​កសាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត​ឡើង រហូត​ដល់​យើង​ទាំង​អស់​រួម​គ្នាមាន​ជំនឿ​តែ​មួយ មាន​គំនិត​តែ​មួយ ក្នុង​ការ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​មនុស្ស​ពេញ​វ័យ ឡើង​ដល់​កម្ពស់​របស់​ព្រះ‌គ្រីស្ត​ដែល​បំពេញ​អ្វីៗ​ទាំង​អស់​។ ដូច្នេះ យើង​មិន​មែន​ជា​កូន​ក្មេង​ដែល​រេរា ត្រូវ​ខ្យល់​នៃ​គោល‌លទ្ធិ​នានាផាត់​ចុះ​ផាត់​ឡើង​នោះ​ទៀត​ឡើយ ហើយ​ក៏​លែង​ចាញ់​បោក ឬ​ចាញ់​កល‌ល្បិច​មនុស្ស​ដែល​ពូកែ​នាំ​ឱ្យ​វង្វេង​នោះ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្រឡាញ់ យើង​នឹង​បាន​ចម្រើន​ឡើង​គ្រប់​វិស័យ​ទាំង​អស់ ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រីស្ត​ជា​សិរសា គឺ​ព្រះ‌អង្គ​ហើយដែល​ធ្វើ​ឱ្យ​ព្រះ‌កាយ​ទាំង​មូល​បាន​ផ្គុំ​គ្នា និង​ភ្ជាប់​គ្នា​ឡើង​យ៉ាង​មាំ ដោយ‌សារ​សន្លាក់​ឆ្អឹង​ទាំង​ប៉ុន្មាន​ដែល​បម្រើ​ព្រះ‌កាយ តាម​កម្រិត​សមត្ថ‌ភាព​របស់​សរីរាង្គ​នីមួយៗ ដើម្បីឱ្យ​ព្រះ‌កាយ​នោះ​ចម្រើន និង​កសាង​ឡើងក្នុង​សេចក្ដី​ស្រឡាញ់។

ទំនុកតម្កើងលេខ ១២២(១២១) ,១-៥ បទកាកគតិ

គេប្រាប់ខ្ញុំថា យើងគ្រប់កាយា ទៅព្រះដំណាក់
ទីដែលព្រះជា អម្ចាស់គង់ស្នាក់ ល្អស្អាតត្រជាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹម ភក្ត្រអ្នកប៉ប្រិម ឥតមានទាស់អ្វី
យើងនាំគ្នាឈាន ជើងចូលដល់ដី ដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹម ជាក្រុងមួយធំ សែនស្រស់សង្ហា
ដែលសង់ឡើងបាន រឹងមាំក្រៃណា កំពែងអស្ចារ្យ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ពន្ធ នានារួសរាន់ នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើង ព្រះម្ចាស់មានឫទ្ធិ តាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
ទីនេះក៏មាន បល្ល័ង្កថ្កើងថ្កាន នៃរាជវង្សដែល
ជាស្តេចដាវីឌ បារមីក្រាស់ក្រែល គ្រប់គ្រងក្រវែល
រាស្រ្តដោយយុត្តិធម៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៣៣,១១

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបបាត់បង់ជីវិតឡើយ គឺទ្រង់សព្វព្រះហប្ញទ័យឱ្យគេងចាកចេញពីផ្លូវអាក្រក់របស់ខ្លួនវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១-៩

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូអំពី​អ្នក​ស្រុក​កាលី‌ឡេដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖«តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​ អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ? ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។ ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀតៗ​ឬ? ទេ មិន‌មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ‌ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖«មាន​ឧទុម្ពរ​មួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។ អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។ ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។

Facebook
Twitter
LinkedIn