សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,១-៦
បងប្អូនជាទីស្រឡាញ់!
ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់។ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
ទំនុកតម្កើងលេខ ២៤(២៣),១-៦ បទពាក្យ៧
១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ | ជាស្នាព្រះហស្ដនៃព្រះអង្គ | ។ | |
២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រាយជ្រុង | |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយស្វឹងលើសមុទ្រ | ។ | |
៣ | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ដ | ។ | |
៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
មិនបណ្ដោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
៥ | ព្រះជាម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
៦ | អ្នកទាំងអស់នេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភ័ក្រ្តល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៥៤-៥៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖«កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថា មុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត?ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទនៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឱ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួនឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។