អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៣,១៤-២១

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូម​ក្រាប​ថ្វាយ‌បង្គំ​​ព្រះ‌បិតា ដែល​ជា​ប្រភព​នៃ​ក្រុម​គ្រួសារ​ទាំង​អស់ ទាំង​នៅ​ស្ថាន​បរម‌សុខ ទាំង​នៅ​ផែន‌ដី សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​បង‌ប្អូនឱ្យមាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ត​ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​ចិត្ត​បង‌ប្អូន​ដោយ​ជំនឿ និង​សូម​ឱ្យ​បង‌ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឱ្យបង‌ប្អូន​មាន​សមត្ថ‌​ភាព​អាច​យល់ រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់ គឺឱ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ត ដែល​ប្រសើរ​ហួស​ពី​ការ​យល់​ឃើញ​របស់​មនុស្ស ដើម្បី​ឱ្យបង‌ប្អូន​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់។ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ក្នុង​ព្រះ‌សហគមន៍ និង​ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ នៅ​គ្រប់​ជំនាន់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។

ទំនុកតម្កើងលេខ ៣៣(៣២),១-២.៤-៥.១១-១២.១៨-១៩ បទព្រហ្មគីតិ

មនុស្សដែលសុចរិត អបអរពិតលើកតម្កើង
មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ
លេងចាប៉ីបណ្តើរ ដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់
ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា
សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌
ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ
ពីហឫទ័យបវរ ករុណាល្អព្រះជាម្ចាស់
១១ ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្តរាយ
កម្រោងការទាំងឡាយ មិនរលាយនៅស្ថិតស្ថេរ
១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ
ទុកជាព្រះឥតប្រែ នោះជួយតែសុខគ្រប់គ្រា
ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា
ជារាស្រ្តផ្ទាល់អង្គា នោះមុខជារូចផុតទុក្ខ
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ
អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា
១៩ ព្រះអង្គបានសង្គ្រោះ ឱ្យគេរស់មានសង្ខារ
ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៤៩-៥៣

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ៏កថា៖«ខ្ញុំ​មកដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ត​ហើយ​។ ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ត​ក្រៃ‌លែង ចង់​តែ​ឱ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់ៗ។ កុំ​នឹក​ស្មាន​ថា ខ្ញុំ​មកដើម្បី​ផ្ដល់​សន្តិ‌ភាព​ឱ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់‌បែក​មក​ទេ​តើ។ ចាប់​ពី​ពេល​នេះ​ត​ទៅ ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់‌បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។

Facebook
Twitter
LinkedIn