អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤

លោកយ៉ូហាន (១៣៨៦-១៤៥៦) ជាអភិបាលក្រុងប៉េរូសា (ប្រទេសអ៊ីតាលី)។ កាលអាយុសាមសិប លោកចូលបួសក្នុងក្រុមគ្រួសារសន្ត ហ្វ្រង់សីស្កូ រួចលោកដើរពាសពេញទ្វីបអឺរ៉ុប ទាំងដាស់តឿនគ្រីស្តបរិស័ទឱ្យគោរពព្រះនាមព្រះយេស៊ូ។ លោកខិតខំធ្វើឱ្យព្រះសហគមន៍ដែលបែកបាក់គ្នាចូលរួមគ្នាវិញ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៣,២-១២

បងប្អូនជាទីស្រឡាញ់!
បងប្អូនបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសប្រគល់ឱ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូនហើយ គឺព្រះអង្គបាន​បង្ហាញគម្រោងការដ៏លាក់កំបាំងឱ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះ​ស្រាប់។ ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពី គម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ដ។ នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់ គម្រោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញឱ្យក្រុមសាសនទូត និងព្យាការីដ៏វិសុទ្ធ​របស់ព្រះអង្គនាបច្ចុប្បន្នកាល ស្គាល់ដោយសារព្រះវិញ្ញាណនោះឡើយ គឺថាដោយសារ​ដំណឹងល្អ សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទិ្ធចូលរួមក្នុងព្រះកាយតែ​មួយ​​​​នឹងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យា រួមជាមួយសាសន៍អ៊ីស្រាអែលក្នុងអង្គព្រះ​គ្រីស្ដយេស៊ូដែរ។ ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះ​ហប្ញទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែល ព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយប្ញទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ទោះបី ខ្ញុំមាន​​ឋានៈតូចជាងគេបំផុត ក្នុងចំណោមប្រជាជនដ៏វិសុទ្ធក្ដី ក៏ព្រះជាម្ចាស់បានប្រណីសន្ដោស​ប្រគល់ឱ្យខ្ញុំនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់​​ព្រះ​គ្រីស្ដដែលមនុស្សលោកគិតមិនដល់នោះដែរ។ ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឱ្យខ្ញុំ​បភ្លឺមនុស្សទាំងអស់ ឱ្យស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុកតាំង​ពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ដែលទ្រង់បានបង្កើតសព្វសារពើ។នៅពេលនេះ ដោយសារព្រះសហគមន៍ វត្ថុស័ក្ដិសិទ្ធិ និងអំណាចនានានៅស្ថានលើ​​បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ តាមផែនការដែលព្រះអង្គបាន​គ្រោងទុកតាំងពីអស់កល្បជានិច្ចរៀងមក ហើយដែលទ្រង់បានសម្រេចដោយសារ​ព្រះគ្រីស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។ ដោយរួមក្នុងអង្គព្រះគ្រីស្ដ និងដោយមាន ជំនឿលើព្រះអង្គ យើងមានចិត្តអង់អាច និងមានផ្លូវចូលទៅកាន់ព្រះជាម្ចាស់ទាំងទុក​ចិត្ត។

ទំនុកតម្កើងអេសាយ ១២,២-៦ បទពាក្យ៧

ព្រះអម្ចាស់ជាព្រះសង្គ្រោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ
ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា ផុតទុក្ខគ្រប់គ្រារស់សុខដុម
ចូរទៅដងទឹកត្រជាក់ជុំ ចេញពីជើងភ្នំសង្គ្រោះផង
ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ
ថ្លែងស្នាព្រះហស្ដអស្ចារ្យទ្រង់ ប្រាប់ប្រជាជនផងទាំងឡាយ
ចូរស្មូត្រទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃ ឱ្យមនុស្សលើដីបានដឹងផង
អុះឱ!អ្នកក្រុងស៊ីយ៉ូនអើយ! ចូរកំកន្ដើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទិ្ធឥតហ្មងព្រះនៃយើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតី អធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៩-៤៨

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឱ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។ លោក​សិលា​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់! តើ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប​ដែរ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖«បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឱ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗក្នុង​ការ​ចែក​ម្ហូប​អាហារ​ឱ្យគេតាម​ពេល​កំណត់​ជា​មិន​ខាន។ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល។ ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឱ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី​ឯ​ទៀតៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឱ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។ អ្នក​បម្រើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្ដិច​ទេ។ បើ​គេ​ឱ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ច‌ការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។

Facebook
Twitter
LinkedIn