សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១២-២២
បងប្អូនជាទីស្រឡាញ់!
កាលពីមុន បងប្អូននៅឆ្ងាយពីព្រះគ្រីស្ដ គ្មានសិទិ្ធចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចង់ឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ បងប្អូនរស់នៅក្នុងលោកនេះដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។ កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រីស្ដ បងប្អូនបានមកនៅជិត ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ដ គឺព្រះគ្រីស្ដ ហើយដែលជាសន្ដិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឱ្យរួមគ្នាមកជាប្រជារាស្រ្ដតែមួយ។ ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីរំលំជញ្ជំាងដែលធ្វើឱ្យសាសន៍ទាំងពីរនៅដាច់ពីគ្នា ហើយជាបច្ចាមិត្តនឹងគ្នា។ ព្រះអង្គបានលុបបំបាត់វិន័យដែលមានបទបញ្ញត្តិ និងបទបញ្ជាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឱ្យទៅជាមនុស្សថ្មីតែមួយក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្ដិភាពមកផង។ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ទ្រង់បានសម្រុះសម្រួលសាសន៍ទាំងពីរឱ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឱ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ព្រះគ្រីស្ដយាងមក ទាំងនាំដំណឹងល្អអំពីសន្ដិភាពមកឱ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្ដិភាពមកឱ្យអស់អ្នកដែលនៅជិតដែរ។ ដោយសារព្រះគ្រីស្ដនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។ ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអនិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយជនដ៏វិសុទ្ធ និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាសនទូត និងព្យាការីជាគ្រឹះ និងមានព្រះគ្រីស្ដយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់ គឺព្រះគ្រីស្ដហើយដែលធ្វើឱ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឱ្យចម្រើនឡើងទៅជាព្រះវិហារដ៏វិសុទ្ធមួយ ដោយសារព្រះអម្ចាស់។ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ក្នុងព្រះវិញ្ញាណ។
ទំនុកតម្កើងលេខ ៨៥ (៨៤) ,៩.១០-១៤ បទកាកគតិ
៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្ដាប់ | បន្ទូលព្រះអង្គ |
ទ្រង់នឹងប្រទាន | សុខសាន្ដគ្មានហ្មង | លើរាស្រ្ដទ្រង់ផង | |
ដែលមិនលេលា | ។ | ||
១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
នៅលើដីយើង | ។ | ||
១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុតិ្ដធម៌កើតឡើង | |
នៅលើលោកីយ៍ | ។ | ||
១២ | សេចក្ដីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
សេចក្ដីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
ចុះជួយរក្សា | ។ | ||
១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
សំបូរមិនខ្វះ | ។ | ||
១៤ | សេចក្ដីសុចរិត | យុតិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
សុខសាន្ដតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
សុខសាន្ដរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលាពិតជាមានសុភមង្គល ដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៣៥-៣៨
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ចូរប្រុងប្រៀបខ្លួន ហើយទុកឱ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ចូរប្រព្រឹត្តឱ្យបានដូចពួកអ្នកបម្រើដែលរងចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរងចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ! ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឱ្យអ្នកបម្រើនោះអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរងចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គលហើយ»។