អត្ថបទព្រះកម្ពីរ ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

មានសមាជិកក្រុមគ្រួសារសហជីវិនព្រះយេស៊ូជាតិបារាំងប្រាំបីនាក់ ទៅប្រកាសដំណឹងល្អនៅប្រទេសកាណាដា និងស្រុកអាមេរិកខាងជើងមុនគេបង្អស់។ អ្នកប្រឆាំងគ្រីស្តសាសនាប្រហារជិវិតទាំងប្រាំបីនាក់ក្នុងអំឡុងឆ្នាំ ១៦៤២-១៦៤៩។ ក្នុងចំណោមអ្នកទាំងនោះ មានលោកអ៊ីសាកយ៉ូក (១៦០៧-១៦៤៦) និងលោកយ៉ូហាន ដឺប្រេប៊ឺហ្វ (១៦៤៩)។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ១,១៥-២៣

បងប្អូនជាទីស្រឡាញ់!
តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន​ដោយរួមជាមួយព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះ​ជនដ៏វិសុទ្ធទាំងអស់នោះ ខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរព្រោះតែបងប្អូន។ ពេលខ្ញុំ​អធិដ្ឋាន ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច សូមឱ្យព្រះរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់​នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឱ្យបងប្អូនមានប្រាជ្ញា​នឹងសម្ដែងឱ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឱ្យ​យល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់​ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏​ប្រសើរលើសលប់យ៉ាងណាដែរ!។ សូមទ្រង់ប្រទានឱ្យបងប្អូនយល់ទៀតថា ប្ញទ្ធានុភាព​ដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្ដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំ​ធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលទ្រង់បានសម្ដែង​ក្នុងអង្គព្រះគ្រីស្ដ។ ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្ដឱ្យទទួល​ព្រះជន្មដ៏រុងរឿង និងឱ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិ​គ្រប់យ៉ាង មានទាំងយមយក្ស អារុក្ខអារក្ស អ្នកតា ទេវតាថែរក្សាព្រៃភ្នំជាដើម និង​ខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀត​ផង។ ​ព្រះជាម្ចាស់បានបង្ក្រាប់អ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ដ ព្រម​ទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ ដែលជា​ព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះ បានពោរពេញដោគ្រប់លក្ខណៈសម្បត្តិ​របស់ព្រះគ្រីស្ដ ហើយព្រះគ្រីស្ដផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណៈសម្បត្តិរបស់​ព្រះជាម្ចាស់ដែរ។

ទំនុកតម្កើងលេខ ៨,២-៧ បទកាកគតិ

ឱ!ព្រះអម្ចាស់ ព្រះអង្គជាព្រះ របស់យើងខ្ញុំ
ព្រះនាមព្រះអង្គ រុងរឿងឧត្តម ពាសពេញជិតជុំ
ផ្ទៃមេឃផែនដី
ព្រះអង្គបានប្រើ ពាក្យកោតសរសើរ តម្កើងថ្លាថ្លៃ
របស់ក្មេងៗ និងទារកក្ដី ជាកម្លាំងជ័យ
លើសត្រូវមារ
ពេលទូលបង្គំ សម្លឹងមើលចំ ទៅផ្ទៃមេឃា
មើលហ្វូងតារា មើលព្រះចន្ទ្រា ដ៏ស្រស់សោភា
ស្នាព្រះហស្ដថ្លៃ
ខ្លួនខ្ញុំសួរថា តើមនុស្សយើងណា មានឋានៈអ្វី
បានជាព្រះអង្គ នឹកគិតរំពៃ យកព្រះហប្ញទ័យ
ទុកដាក់ដូច្នោះ?
ព្រះអង្គប្រទាន ឱ្យមនុស្សយើងមាន កិត្តិយសខ្ពង់ខ្ពស់
ទាបជាងទេវតា បន្ដិចប៉ុណ្ណោះ ទៅដល់មនុស្ស
ទុកជាមកុដរាជ្យ
ព្រះអម្ចាស់ទ្រង់ ឱ្យគេគ្រប់គ្រង់ រាល់ថ្ងៃព្រឹកល្ងាច
លើអ្វីទាំងអស់ ពេញដោយអំណាច ព្រមទាំងបង្រ្កាប
នៅក្រោមជើងគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,២៦-២៧

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមប្រទានព្រះវិញ្ញាណនៃសេចក្ដីពិតឱ្យយើងខ្ញុំផង! សូមព្រះវិញ្ញាណធ្វើសាក្សីក្នុងចិត្តយើងខ្ញុំ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៨-១២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួល​ស្គាល់ខ្ញុំ​នៅចំពោះមុខមនុស្សលោក បុត្រមនុស្សនឹងទទួលស្គាល់អ្នកនោះនៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ រីឯអ្នកណាមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខ​មនុស្សលោក បុត្រមនុស្សក៏នឹងមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះ​ជាម្ចាស់នឹងលើកលែង​ទោសឱ្យ ប៉ុន្ដែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ ព្រះអង្គមិនលើក​លែង​ទោសឱ្យឡើយ។ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោសក្នុងធម្មសាលា​ ឬនៅមុខចៅក្រម ឬអ្នកកាន់អំណាច កុំភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ​នឹងបំភ្លឺអ្នករាល់គ្នា ឱ្យដឹងសេចក្ដីដែលត្រូវនិយាយនៅពេលនោះឯង»។

 

Facebook
Twitter
LinkedIn