ពុធ – បៃតង – រដូវធម្មតា
ពណ៌បៃតង
ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១៨-២៥
បងប្អូនជាទីស្រលាញ់!
ដោយព្រះវិញ្ញាណណែនាំបងប្អូនហើយ បងប្អូនមិននៅក្រោមអំណាចរបស់ធម្មវិន័យទៀតទេ! យើងស្គាល់ច្បាស់នៅអំពើផ្សេងៗដែលកើតចេញមកពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ការឈ្លោះប្រកែក បាក់បែកគ្នា ច្រណែនឈ្នានីសគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែង ប្រឆាំងគ្នា ប្រកាន់បក្សពួក ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឱ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹងសេចក្ដីទាំងនេះទេ។ អស់អ្នកដែលរួមជាមួយព្រះគ្រីស្ដយេស៊ូ សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នោះចោលហើយ។ ប្រសិនបើព្រះវិញ្ញាណពិតជាប្រទានជីវិតឱ្យយើងមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។
ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ
១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្ដាប់ទូន្មាន |
ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
មង្គលពេកក្រៃ | ។ | ||
២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
ឥតមានភ្លេចភឹ្លក | ។ | ||
៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
តាមកាលរដូវ | ។ | ||
៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្ដិ៍ឈ្មោះអាស្រូវ |
ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
បាចសាចខ្ចាត់ខ្ចាយ | ។ | ||
៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
ពីអ្នកសុចរិត | ។ | ||
៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
នាំខ្លួនអន្ដរាយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យចិត្តមនុស្សមានអំណរសប្បាយ ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំនិតគេឱ្យយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៤២-៤៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖«ពួកផារីស៊ីអើយ! អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងល័ក្ខ និងបន្លែគ្រប់មុខមួយភាពដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដ៏ទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងធម្មសាលា ហើយចូលចិត្តឱ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នាត្រូវវេទនាជាពំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោចដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ! ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង»។