អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤

អង្គារ – បៃតង – រដូវធម្មតា

នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែទម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសានិពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជា​ម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះជា “គ្រូបាធ្យាយនៃព្រះសហគមន៍”។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៥,១-៦

បងប្អូនជាទីស្រលាញ់!
ព្រះគ្រីស្តបានរំដោះយើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាទាសករទៀតឡើយ!។ រីឯខ្ញុំប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួល​ពិធីកាត់ស្បែកនោះ ព្រះគ្រីស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ!។ ចំពោះអស់អ្នកដែលចង់ទទួលពីធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា ត្រូវតែ​កាន់តាមធម្មវិន័យទាំងស្រុងផងទៅ។​ ប្រសិនបើបងប្អូនណាចង់បានសុចរិត ដោយ​ព្រមកាន់ធម្មវិន័យ បងប្អូននោះបែកចេញពីព្រះគ្រីស្ត ហើយក៏ដាច់ចេញពីព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណ​ជួយយើងឱ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ស្របតាមសេចក្តីសង្ឃឹម​របស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រីស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលប្រព្រឹត្តកិច្ចការដោយចិត្ត​ស្រឡាញ់ទើបសំខាន់។

ទំនុកតម្កើងលេខ ១១៩ (១១៨) ,៤១.៤៣-៤៥.៤៧-៤៨ បទពាក្យ ៧

៤១ ឱព្រះម្ចាស់អើយសូមប្រណី សម្ដែងព្រះទ័យឥតមានហ្មង
សង្រ្គោះមកទូលបង្គំផង តាមបន្ទូលទ្រង់បានសន្យា
៤៣ សូមកុំបណ្ដាយខ្ញុំស្រដី ពាក្យមិនប្រព្រៃមិនត្រឹមត្រង់
ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ ការសម្រេចទ្រង់ឥតសង្ស័យ
៤៤ ទូលបង្គំនឹងគោរពតាម បញ្ញត្ដិបម្រាមទាំងវិន័យ
របស់ព្រះអង្គរៀងរាល់ថ្ងៃ ជានិច្ចលុះក្ស័យសូន្យជីវី
៤៥ ខ្ញុំចង់រស់នៅដោយមានន័យ និងមានសេរីភាពពេញទី
ដ្បិតទូលបង្គំស្វែងសំភី រកច្បាប់គ្រប់ទីរបស់ទ្រង់
៤៧ ខ្ញុំពេញចិត្តណាស់នឹងវិន័យ ពេញចិត្តរាល់ថ្ងៃមិនកន្ដើយ
ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ វិន័យនេះហើយខ្ញុំសុខសាន្ដ
៤៨ ទូលបង្គំលើដៃឡើងប្រណម្យ គោរពទាំងព្រមមិនខកខាន
ស្រឡាញ់វិន័យមិនស្រាកស្រាន្ដ ចង់គិតចង់បានក្រឹត្យវិន័យ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៣៧-៤១

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានបុរសម្នាក់ខាងគណៈផារីស៊ីសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមជាមួយ​គាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាង​ព្រះហស្ដមុនពេល​សោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ! អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកក្រៅប៉ុណ្ណោះទេ ប៉ុន្ដែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាង​ក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដារ​ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។

ស – សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី

នាងតេរេសា (១៥១៥-១៥៨២) កើតនៅក្រុងអាវីឡា (ប្រទេសអេស្ប៉ាញ)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ នាងចូលបួសនៅអារាមកាមែល នៅក្រុងអាវីឡា។ ម្ភៃប្រាំពីរឆ្នាំក្រោយមក សន្តីតេរេសាស្ម័គ្រចិត្ត “ឬរងទុក្ខ ឬស្លាប់” ថ្វាយព្រះយេស៊ូ។ គាត់បានកែទម្រង់វិន័យក្រុមគ្រួសារកាមែលឱ្យបានស្របតាមក្បួនដើម ដោយបានបង្កើតអារាមជាច្រើនផង។ សន្តីតេរេសានិពន្ធសៀវភៅតំណាលអំពីដំណើរថ្វាយខ្លួនទៅព្រះជា​ម្ចាស់ ជាពិសេសអំពីការអប់រំអធិដ្ឋាន។ នៅឆ្នាំ ១៩៧០ សម្តេចប៉ាបប្រកាសថា សន្តីតេរេសានេះជា “គ្រូបាធ្យាយនៃព្រះសហគមន៍”។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះវិញ្ញាណព្រះអង្គបំភ្លឺចិត្តគំនិតសន្តីតេរេសា ដើម្បីបង្ហាញផ្លូវគ្រីស្តបរិស័ទឱ្យតាមឋានៈជាបុត្រធីតាយ៉ាងពេញលក្ខណៈ។ សូមទ្រង់មេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យមានចំណងចង់រស់តាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គ និងចះអធិដ្ឋានដូចសន្តីតេរេសា។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រ៉ូ ៨,២២-២៧

យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព‌លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ មិន​ត្រឹម​តែ​ពិភព‌លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើងដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឱ្យ​ទៅ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ​តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះមិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។ យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋានដូច​ម្ដេច ដើម្បី​ឱ្យបាន​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ព្រះ‌អង្គ​ទូល‌អង្វរ​ឱ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ រីឯ​ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះ‌អង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឱ្យប្រជាជន​ដ៏‌វិសុទ្ធស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ១៩(១៨), ៨-១១ បទពាក្យ ៧

ព្រះធម្មវិន័យ ល្អល្អះប្រពៃ ប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្ត ឥតមានស្រាកស្រាន្ត អ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ ព្រះម្ចាស់ទាំងអស់ ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរ សប្បាយក្រៃណា បំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ ការគោរពកោត ព្រះអម្ចាស់លោត វិសេសយល់យង់
ស្ថិតស្ថេចិរកាល តទៅគង់វង្ស ការវិនិច្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ
១១ គួរឱ្យប្រាថ្នា ចង់បានណាស់ណា ជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំ ខែចែត្រខែក្តៅ ហូរជោរចេញទៅ
ចាកពីបង្គង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ៦, ៤៣-៤៥ ឬ ១៥,១-៨

«ដើម​ឈើ​ល្អមិន​ដែលឱ្យផ្លែ​អាក្រក់​ឡើយ ឯ​ដើម​ឈើ​អាក្រក់​វិញក៏​មិន​ដែល​ឱ្យផ្លែ​ល្អ​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​បានដោយ‌សារ​ផ្លែ​វា។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពី​គុម្ព​បន្លា​ឡើយ។ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​អំពើ​ល្អ ព្រោះ​ចិត្ត​របស់​គេ​ល្អ រីឯ​មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ចិត្ត​របស់​គេ​អាក្រក់ ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណាដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន»។ មាន​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ទាំង​អស់នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ពួក​ខាង​គណៈ‌ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យ​រអ៊ូ‌រទាំ​ថា៖«មើល៍! អ្នក​នេះ​រាក់‌ទាក់​នឹង​មនុស្ស​បាប ព្រម​ទាំង​បរិភោគ​ជា​មួយ​គេ​ផង!»។ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេជា​ប្រស្នា​នេះ​ថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឧបមា​ថា មាន​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល បើ​គាត់​បាត់​ចៀម​មួយ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះរហូត​ទាល់​តែ​បាន​ឃើញ​វិញ។កាល​រក​ឃើញ​ហើយ គាត់​ត្រេក​អរ​ណាស់ គាត់​ក៏​លើក​ចៀម​ដាក់​លើ ក ត្រឡប់​មក​ផ្ទះ​វិញហៅ​មិត្ត‌ភក្ដិ និង​អ្នក​ជិត​ខាង​ប្រាប់​ថា “សូម​ជួយ​អរ​សប្បាយ​ជា​មួយ​ខ្ញុំ​ផង ដ្បិត​ចៀម​របស់​ខ្ញុំ​ដែល​បាត់​ទៅ​នោះ ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​មាន​អំណរ​សប្បាយ ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ‌ប្រែ​ចិត្ត​គំនិត ខ្លាំង​ជាង​ព្រះ‌អង្គ​សប្បាយ​នឹង​មនុស្ស​សុចរិត​កៅ‌សិប​ប្រាំ​បួន​នាក់ដែល​មិន​ត្រូវ​ការ​កែ‌ប្រែ​ចិត្ត​គំនិត»។ «ម្យ៉ាង​ទៀត ឧបមា​ថា ស្ត្រី​ម្នាក់​មាន​ប្រាក់​ដប់​ដួង ហើយ​បាត់​មួយ​ដួង គាត់​មុខ​ជា​អុជ​ចង្កៀងបោស​ផ្ទះ​រក​ប្រាក់​នោះ គ្រប់​កៀន​កោះ​រហូត​ទាល់​តែ​បាន​ឃើញ​វិញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជានេះដោយអនុគ្រោះ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ សូមប្រោសយើងខ្ញុំឱ្យរស់តាមរបៀបដែលគាប់តាមព្រះហឫទ័យព្រះអង្គ ដូចសន្តីតេរេសា ដោយថ្វាយខ្លួនទាំងស្រុងចំពោះព្រះអង្គផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារដែលផ្ដល់កម្លាំង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបម្រើព្រះអង្គអស់ពីចិត្តគំនិត អស់អំពីប្រាជ្ញា និងអស់ពីកម្លាំងជានិច្ច ដូចសន្តីតេរេសាផង។

Facebook
Twitter
LinkedIn