បៃតង – រដូវធម្មតា
ឬសន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
មុនដំបូង លោកកាលីទូសជាទាសាគេ រួចលោកទៅជាឧបដ្ឋាករបស់សម្តេចប៉ាបសេភីរិន។ លោកចាត់ចែងទីស្មសានសម្រាប់បញ្ចុសពគ្រីស្តបរិស័ទ។ គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូមនៅឆ្នាំ ២១៧។ តែពេលនោះលោកអ៊ីប៉ូលិតតាំងខ្លួនជាសម្តេចប៉ាបដែរ ហើយជំទាស់នឹងលោក។ ទោះបីលោកអ៊ីប៉ូលិតស្តីបន្ទោសជាខ្លាំងក៏ដោយ ក៏លោកកាលីទូសអនុញាតឱ្យគ្រីស្តបរិស័ទដែលក្បត់ជំនឿនៅពេលរដ្ឋអំណាចបៀតបៀនធ្វើបាប ឱ្យចូលព្រះសហគមន៍វិញបាន។ គេប្រហារជិវិតលោកនៅឆ្នាំ ២២២ ពេលកើតចលាចលប្រឆាំងនឹងគ្រីស្តបរិស័ទ។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៤,២២-២៤.២៦-២៧.៣១-៥,១
បងប្អូនជាទីស្រលាញ់!
ក្នុងគម្ពីរមានចែងទុកមកថា លោកអប្រាហាំមានកូនប្រុសពីរនាក់ គឺម្នាក់ជាកូនរបស់ស្រ្តីអ្នកងារ ម្នាក់ទៀតជាកូនរបស់ស្រ្តីអ្នកជា។ ក៏ប៉ុន្តែ កូនរបស់ស្រ្តីអ្នកងារនោះ ជាកូនកើតមកតាមធម្មតា រីឯកូនរបស់ស្ដ្រីអ្នកជាវិញ កើតមកតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ យើងអាចចាត់ទុករឿងនេះជានិមិត្តរូមមួយដែរ ដ្បិតស្រ្តីទាំងពីរនេះជាតំណាងសម្ពន្ធមេត្រីពីរ ម្នាក់ជាតំណាងនៃសម្ពន្ធមេត្រីដែលចងនៅភ្នំស៊ីណៃ គឺនាងហាការដែលបង្កើតកូនជាខ្ញុំបម្រើ។ រីឯក្រុងយេរូសាឡឹមនៅស្ថានលើវិញ គឺស្រ្តីអ្នកជាដែលជាមាតារបស់យើងហ្នឹងហើយ ដ្បិតមានចែងទុកមកថា «នាងជាស្រ្តីអារ នាងជាស្រ្តីមិនបានបង្កើតកូនអើយ! ចូរអរសប្បាយឡើង! នាងពុំធ្លាប់ឈឺផ្ទៃអើយ! ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ដ្បិតកូនរបស់ស្រ្តីដែលប្តីបោះបង់ចោលនោះ នឹងមានចំនួនច្រើនជាងកូនរបស់ស្រ្តីដែលមានប្តីទៅទៀត»។ ហេតុនេះ យើងមិនមែនជាកូនរបស់ស្រ្តីអ្នកងារទេ គឺជាកូនរបស់ស្រ្តីអ្នកជា។ ព្រះគ្រីស្តបានរំដោះយើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ!។
ទំនុកតម្កើងលេខ ១១៣ (១១២),១-៧ បទព្រហ្មគីតិ
១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្ដៅ | |
ទល់ពេលថ្ងៃលិចទៅ | សរសើរនៅយ៉ាងស្ម័គ្រស្មោះ | ។ | |
៤ | ព្រះអម្ចាស់គង់ស្ថិត | លើប្រជាជាតិទាំងអស់ | |
សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
៥ | តើមាននរណាមួយ | អាចធ្វើឱ្យដូចព្រះម្ចាស់ | |
ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី | |
លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ | |
៧ | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្តោយឱ្យឈឺស្លាំង | |
លើកផុតពីភក់ជ្រាំ | ផុតអស់ទាំងធូលីដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២
ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាសឡើយ។ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិតនៅពេលឮសេចក្តីដែលព្យាការីយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសព្យាការីយ៉ូណាសទៅទៀត!»។
ក្រហម – សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
មុនដំបូង លោកកាលីទូសជាទាសាគេ រួចលោកទៅជាឧបដ្ឋាករបស់សម្តេចប៉ាបសេភីរិន។ លោកចាត់ចែងទីស្មសានសម្រាប់បញ្ចុសពគ្រីស្តបរិស័ទ។ គ្រីស្តបរិស័ទបោះឆ្នោតជ្រើសរើសលោកឱ្យបំពេញមុខងារជាអភិបាលក្រុងរ៉ូមនៅឆ្នាំ ២១៧។ តែពេលនោះលោកអ៊ីប៉ូលិតតាំងខ្លួនជាសម្តេចប៉ាបដែរ ហើយជំទាស់នឹងលោក។ ទោះបីលោកអ៊ីប៉ូលិតស្តីបន្ទោសជាខ្លាំងក៏ដោយ ក៏លោកកាលីទូសអនុញាតឱ្យគ្រីស្តបរិស័ទដែលក្បត់ជំនឿនៅពេលរដ្ឋអំណាចបៀតបៀនធ្វើបាប ឱ្យចូលព្រះសហគមន៍វិញបាន។ គេប្រហារជិវិតលោកនៅឆ្នាំ ២២២ ពេលកើតចលាចលប្រឆាំងនឹងគ្រីស្តបរិស័ទ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នានឹងរឭកដល់កំណើតសន្តកាលីទូសនៅស្ថានបរមសុខ។ សូមទ្រង់ព្រះមេត្តាណែនាំព្រះសហគមន៍ជានិច្ច សូមឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទសម័យឥឡូវនេះ មានចិត្តអង់អាចដូចគ្រីស្តបរិស័ទជំនាន់ដើម សុខចិត្តបូជាជីវិតថ្វាយព្រះអង្គផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ២ករ ៣,១-៦
បងប្អូនជាទីស្រឡាញ់!
តើយើងចាប់ផ្ដើមតែងតាំងខ្លួនឯងសាជាថ្មីទៀតឬ? ឬមួយក៏យើងត្រូវតែធ្វើដូចអ្នកខ្លះ គឺត្រូវការយកលិខិតតែងតាំងមកជូនបងប្អូន ឬសុំលិខិតតែងតាំងពីបងប្អូនវិញ? បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ បងប្អូនពិតជាលិខិតរបស់ព្រះគ្រីស្តមែន ជាលិខិតដែលព្រះអង្គសរសេរផ្ញើមកតាមកិច្ចការដែលយើងបំពេញ។ លិខិតនេះមិនមែនសរសេរដោយទឹកខ្មៅទេ គឺសរសេរឡើងដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ មិនមែនជាលិខិតសរសេរនៅលើផ្ទាំងថ្មទេ គឺសរសេរក្នុងសាច់ ក្នុងដួងចិត្តរបស់បងប្អូន។ យើងមានសេចក្ដីទុកចិត្តដ៏មុតមាំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់បែបនេះ ក៏ព្រោះតែព្រះគ្រីស្តនេះហើយ។ យើងមិនអាចចាត់ទុកថា ខ្លួនយើងមានសមត្ថភាពនឹងធ្វើកិច្ចការអ្វីមួយបានដោយខ្លួនយើងផ្ទាល់ឡើយ គឺព្រះជាម្ចាស់ឯណោះដែលប្រទានឱ្យយើងមានសមត្ថភាពអាចធ្វើបាន។ ព្រះអង្គក៏ប្រទានឱ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើសម្ពន្ធមេត្រីថ្មីដែរ ជាសម្ពន្ធមេត្រីដែលមិនមែនចងឡើងដោយសរសេរជាលាយលក្ខណ៍អក្សរនោះទេ គឺចងឡើងដោយព្រះវិញ្ញាណវិញ ដ្បិតវិន័យដែលសរសេរជាលាយលក្ខណ៍អក្សរបណ្ដាលឱ្យស្លាប់ រីឯព្រះវិញ្ញាណព្រះអង្គប្រទានជីវិត។
ទំនុកតម្កើងលេខ ៤០ (៣៩), ២-៤.៧-១០ បទពាក្យ ៧
២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ||
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហឫទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២១,១៥-១៧
លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនសិលាថា៖«ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖«ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកសិលាទូលថា៖«ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖«ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកសិលាព្រួយចិត្តណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា “អ្នកស្រឡាញ់ខ្ញុំឬទេ” ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។