អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៣,៦-១៤

បងប្អូនជាទីស្រឡាញ់! លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោស​លោកឱ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ។ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណា​មានជំនឿអ្នកនោះហើយ ជាកូនចៅរបស់លោកអប្រាហាំ។ ក្នុងគម្ពីរមានគ្រោងទុកជា​មុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃ ឱ្យបានសុចរិតដោយសារជំនឿ ហើយលោក​អប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា ជាតិសាសន៍ទាំងអស់នឹងទទួលពរដោយសារ​អ្នក។ ​ហេតុនេះ អស់អ្នកដែលមានជំនឿ ក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ​ដែលជាអ្នកមានជំនឿនោះដែរ។ រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមធម្ម​វិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា៖«អ្នកណាមិនប្រតិបិត្ត​តាមសេចក្ដីទាំងប៉ុន្មាន​​ដែលមានចែងទុកក្នុងគម្ពីរធម្មវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នក​នោះត្រូវបណ្ដាសាហើយ»។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បាន​សុចរិតនៅចំពោះព្រះភក្រ្ដព្រះជាម្ចាស់ ដោយសារធម្មវិន័យនោះឡើយ ដ្បិតម​នុស្ស​សុចរិតដោយសារជំនឿនឹងមានជីវិត។ រីឯធម្មវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមាន​ចែងថា អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិត ដោយបានប្រព្រឹត្ត​តាមសេចក្ដីទាំងនេះ។ ដោយព្រះគ្រីស្ដបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះ​យើងឱ្យរួចផុតពីបណ្ដាសា ដែលមកពីធម្មវិន័យ ដ្បិតមានចែងទុកមកថា៖«អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។ ហេតុការណ៍នេះកើត​មានដូច្នេះ ដើម្បីឱ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ​ដោយសារព្រះគ្រីស្ដយេស៊ូដែរ ហើយឱ្យយើងទទួលព្រះវិញ្ញាណ ដែលព្រះជាម្ចាស់បាន​សន្យាប្រទានមក ដោយយើងមានជំនឿ។

ទំនុកតម្កើងលេខ ១១១ (១១០) ,១-៦ បទពាក្យ ៧

ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់
គ្រប់ស្នាព្រហស្ដព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្ដទ្រង់ ស្វះស្វែងយល់ផងកុំរារែក
គ្រប់ស្នាព្រះហស្ដបានបញ្ចេញ រស្មីចិញ្ចែងភ្លឺអនេក
សេចក្ដីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ ឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុត ហប្ញទ័យអាណិតចិត្តអាសូរ
ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី
ព្រះអង្គដម្ដែងអានុភាព ឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់គ្រងរាជ្យ ហើយព្រះគ្រីស្ដរបស់ព្រះអង្គក៏បង្ហាញប្ញទ្ធានុភាពដែរ។ សូមលើកតម្កើងព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៥-២៦

ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់។ ប៉ុន្ដែ ​មានអ្នកខ្លះនិយាយថា៖«អ្នកនេះ​ដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឱ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គក៏សូមឱ្យព្រះអង្គសម្ដែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ​ ទ្រង់មានព្រះបន្ទូលទៅគេថា៖«​នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់​បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណា​មិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង​ ធ្វើម្ដេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នា​ថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នា​ ដេញខ្មោចដោយអំណាចនរណាវិញ?។ ​ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោចដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះអង្គមក​ដល់អ្នករាល់គ្នាហើយ! បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន​​ ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។ ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាង​មកវាយ​យកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បតិ្តពីអ្នកនោះ​យកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ​ហើយ អ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែស្វែងរកទីជម្រកនៅវាលហួតហែង តែ​ប្រសិនបើវារកពុំឃើញទេនោះ វាមុខជានិយាយថា៖«អញនឹងវិលត្រឡប់ទៅផ្ទះដែល​​អញទើបនឹងចេញមក»។ លុះទៅដល់ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អវានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ​បណ្ដាលឱ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។

Facebook
Twitter
LinkedIn