អត្ថបទព្រះកម្ពីរ ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

ប្រហែលនៅឆ្នាំ ២៥៨ លោកឌឺនិស ជាអភិបាលព្រះសហគមន៍មុនគេនៅក្រុងប៉ារីស (ប្រទេសបារាំង) ត្រូវអាជ្ញាធរប្រហារជិវិតរួមជាមួយលោកបូជាចារ្យអេលើថែរ និងលោកឧបដ្ឋាករូស្ទីក។
លោកយ៉ូហានលេអូណារឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយ ដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាព ពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ២,១-២.៧-១៤

បងប្អូនជាទីស្រលាញ់!
ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏ឡើងទៅក្រុងយេរូសាឡឹមម្ដងទៀត ជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ ខ្ញុំឡើងទៅ​ក្រុងយេរូសាឡឹម ដូច្នេះ មកពីព្រះជាម្ចាស់បានបំភ្លឺចិត្តឱ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបាន​រៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោកជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឱ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយត្រឡប់ទៅជាអសារឥតការវិញ។ ​ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារប្រកាសដំណឹងល្អដល់​សាសន៍ដទៃមកឱ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារប្រកាសដំណឹងល្អដល់សាសន៍យូដា​ឱ្យលោកសិលាដែរ ដ្បិតព្រះជាម្ចាស់ដែលបានប្រោសប្រទានឱ្យលោកសិលាអាចបំពេញ​មុខងារជាសាសនទូតសម្រាប់សានន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឱ្យខ្ញុំអាច​បំពេញមុខងារជាសាសនទូតសម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ កាលលោកយ៉ាកុប​លោកកេផាស និងលោកយ៉ូហានដែលពួកបងប្អូនចាត់ទុកដូចជាសសររបស់ព្រះ​សហគមន៍ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោស ដល់ខ្ញុំដូច្នេះ អស់លោកក៏ចាប់​​ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាបញ្ជាក់ថា យើងរួបរួមគ្នា គឺលោក​បារណាបាស និងខ្ញុំទៅប្រកាសដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅ​ប្រកាសដំណឹងល្អដល់សាសន៍យូដា។ ពួកលោកគ្រាន់តែសុំឱ្យយើងគិតគូរដល់ជនក្រីក្រ​ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។ ក៏ប៉ុន្ដែ នៅពេលដែលលោកកេផាសមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ លោកយ៉ាកុបបានចាត់​អ្នកខ្លះឱ្យមក។ មុនពេលដែលអ្នកទាំងនោះមកដល់ លោកកេផាសតែងបរិភោគ​រួមជាមួយ បងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយ​ចេញដាច់ឡែកពីបងប្អូនសាសន៍ដ៏ទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា។ បងប្អូន​សាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាស់​ក៏ត្រូវគេអូសទាញឱ្យលាក់ ពុតដូចគេដែរ។ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរ​ត្រង់ តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកកេផាសនៅមុខគេឯង​ទាំងអស់គ្នាថា៖«បើលោកដែលជាសាសន៍យូដា លែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃ​ឱ្យធ្វើដូចសាសន៍យូដាដូចម្ដេចកើត?»។

ទំនុកតម្កើងលេខ ១១៧ (១១៦),១-២ បទព្រហ្មគីតិ

ឱ!ប្រជាជនទាំងឡាយអើយ ចូរសរសើរហើយលើកតម្កើង
អស់ប្រជារាស្រ្ដកុំឆ្មៃឆ្មើង តម្កើងសិរីនៃព្រះអង្គ
ដ្បិតព្រះអង្គមានហប្ញទ័យ ករុណាប្រណីពេកកន្លង
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង នឹងយើងរហូតតរៀងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណ ដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! ដោយព្រះវិញ្ញានេះ យើងបន្លឺសំឡេងឡើងថា៖«អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-៤

មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ​ មានសាវ័កម្នាក់ទូលព្រះអង្គថា៖«បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឱ្យចេះ​អធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖«ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា៖«ឱព្រះបិតាអើយ! ​សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ សូមឱ្យព្រះរាជ្យព្រះអង្គ​បានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់​ទោសឱ្យយើងខ្ញុំបានរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់់អ្នកដែលបានប្រព្រឹត្តខុស​នឹងយើងខ្ញុំ។ សូមកុំបណ្ដោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ!»។

ក្រហម – សន្តឌីនីស និងសហការី

ប្រហែលនៅឆ្នាំ ២៥៨ លោកឌឺនិស ជាអភិបាលព្រះសហគមន៍មុនគេនៅក្រុងប៉ារីស (ប្រទេសបារាំង) ត្រូវអាជ្ញាធរប្រហារជិវិតរួមជាមួយលោកបូជាចារ្យអេលើថែរ និងលោកឧបដ្ឋាករូស្ទីក។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យចាត់សន្តដឹនីស និងសហការីរបស់លោកឱ្យប្រកាស​ដំណឹងល្អដល់ប្រជាជនដែលមិនស្គាល់ព្រះអង្គ។ ព្រះអង្គក៏បានប្រោសឱ្យសន្តបុគ្គលទាំងនោះមានជំនឿ និងចិត្តអង់អាច សុខចិត្តបូជាជិវិតថ្វាយព្រះអង្គផង។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យលែងជាប់ចិត្តនឹងកិត្តិយសនៃលោកីយ៍នេះ ហើយមិនខ្លាចញញើតអ្នកប្រឆាំងឡើយ។

សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១៧,២២-៣៤

លោក​ប៉ូល​ក្រោក​ឈរនៅ​កណ្ដាល​អង្គ​ប្រជុំនៅ​ទួល​អារ៉ែស ហើយ​មាន​ប្រសាសន៍​ថា៖«អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​ អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព‌លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព‌លោក​នេះ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ និង​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី ព្រះ‌អង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ការ​ឱ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះ‌អង្គ​ដែរ ព្រោះ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ព្រះ‌អង្គ​ប្រទាន​ឱ្យ​ប្រជា‌ជាតិ​នានាកើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឱ្យ​គេ​រស់​នៅ​ពាស‌​ពេញ​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌អង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឱ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឱ្យ​គេ​ស្វែង​រក​ព្រះ‌អង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះ‌អង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ”។ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា ព្រះ‌អង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាកធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើងតាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែងឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត ដោយ‌​សារ​បុរស​ម្នាក់​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង។ ព្រះ‌អង្គ​បាន​ប្រោស​បុរស​នោះ​ឱ្យរស់​ឡើង​វិញ ទុក​ជា​ភស្តុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអកឱ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖«ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ដឺនីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អារ៉ែស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។

ទំនុកតម្កើងលេខ ១២៦ (១២៥),១-៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា ៖
«ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ»
ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១៣-១៦

«អ្នក​រាល់​គ្នា​ជា​អំបិលសម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឱ្យ​ប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅឱ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​ជា​ពន្លឺសម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ចូរ​ឱ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នាបំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នាដែល​គង់​នៅ​ស្ថាន​បរម‌សុខ»។

ស – ឬសន្តយ៉ូហាន លេអូណាឌី

បុណ្យរម្លឹកដោយជ្រើសរើស

លោកយ៉ូហានលេអូណារឌី (១៥៤១-១៦០៩) បង្កើតក្រុមគ្រួសារបព្វជិតមួយ ដើម្បីការពារជំនឿនៅប្រទេសអ៊ីតាលី។ លោកក៏បានបង្កើតទេវវិទ្យាល័យដើម្បីអប់រំបូជាចារ្យសម្រាប់ប្រទេសដែលមិនទាន់មានព្រះសហគមន៍ពេញលេញនៅឡើយ។ លោកទទួលមរណភាព ពេលព្យាបាលអ្នកមានអាសន្នរោគដោយជំងឺឆ្លង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាប្រភពនៃព្រះអំណោយទានគ្រប់យ៉ាង! ព្រះអង្គបានប្រទានឱ្យសន្តយ៉ូហាន លេអូ​ណាឌីយកចិត្តទុកដាក់ចាត់ចែងឱ្យមានបូជាចារ្យសម្រាប់ដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោស ព្រះសហគមន៍ឱ្យលូតលាស់ឡើងនៅគ្រប់ប្រទេស សូមឱ្យយើងខ្ញុំមានចិត្តឧស្សាហ៍ប្រកាសដំណឹងល្អរបស់ព្រះអង្គគ្រប់វេលាផង។

សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ១៩,១-២.១៧-១៨

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖«ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង‌ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។ កុំ​សង‌សឹកឱ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឱ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

ទំនុកតម្កើងលេខ ១៥ (១៤),២-៥ បទព្រហ្មគីតិ

គឺមានតែមនុស្ស ដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិត និយាយពិតជាដរាប
គេមិននិយាយមួល បង្កាច់ផ្តួលមិនធ្វើបាប
បងប្អូនដែលទន់ទាប មិនបអ្អាប់កិត្តិយស
គេមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយស អ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វី ឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់ គេគោរពពាក្យសម្តី
បើមាននរណាម្នាក់ មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកំរៃ ច្រើនតិចក្តីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះ ជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមក នឹងបានសុខជានិរន្តរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៥,១-១១

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​កេនេ‌សា‌រ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះ‌អង្គ​សុំ​ឱ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖«ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖«លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឱ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរស្ទើរ​តែ​នឹង​លិច។ ពេល​លោក​ស៊ីម៉ូន‌សិលា​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូទូល​ព្រះ‌អង្គ​ថា៖«ព្រះ‌អម្ចាស់​អើយ សូម​យាងឱ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​បាប»។ លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំងនៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហានជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូនក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖«កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

Facebook
Twitter
LinkedIn