បៃតង – រដូវធម្មតា
ព្រះនាងព្រហ្មចារិនីម៉ារី តាមមាលា
ព្រះនាងម៉ារីជាគំរូគ្រីស្តបរិស័ទ ព្រោះព្រះនាងមានជំនឿលើព្រះជាម្ចាស់ដោយចិត្តស្មោះ។ តាំងពីយូរសតវត្សមកហើយ គ្រីស្តបរិស័ទធ្លាប់សរសើរលើកតម្កើងព្រះជាម្ចាស់ ដោយរួមចិត្តជាមួយព្រះនាងម៉ារីតាមព្រឹត្តិការណ៍ដ៏អស្ចារ្យដែលកើតមានឡើងក្នុងជិវិតរបស់ព្រះនាង ទាំងនឹករឭកពាក្យជម្រាបសួររបស់ទេវទូត និងរបស់នាងអេលីសាបិតផង។ គេហៅរបៀបអធិដ្ឋាននេះថា៖ “សូត្រផ្គាំ” ឬ “សូត្រមាលា” ព្រោះគ្រីស្តបរិស័ទដូចជាយកភួងផ្កាមកបំពាក់ព្រះនាម៉ារី។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ១,៦-១២
បងប្អូនជាទីស្រលាញ់!
ខ្ញុំឆ្ងល់ណាស់ ដោយឃើញបងប្អូនឆាប់ងាកចេញពីព្រះជាម្ចាស់ដែលបានត្រាស់ហៅបងប្អូនតាមព្រះហឬទ័យប្រណីសន្តោសរបស់ព្រះគ្រីស្ត។ បងប្អូនក៏បែរទៅរកដំណឹងល្អមួយផ្សេងទៀត។ តាមពិត គ្មានដំណឹងល្អណាមួយផ្សេងទៀតឡើយ! គឺមានតែអ្នកខ្លះបានធ្វើឱ្យកើតវឹកវរ និងចង់បំភ្លៃដំណឹងល្អរបស់ព្រះគ្រីស្តប៉ុណ្ណោះ។ ប្រសិនបើមាននរណាម្នាក់ ទោះបីយើងក្តី ឬទេវទូតណាមួយពីស្ថានបរមសុខក្តី នាំដំណឹងល្អណាផ្សេងមកប្រាប់បងប្អូន ខុសប្លែកពីដំណឹងល្អដែលយើងបាននាំមកជូនបងប្អូន សូមឱ្យអ្នកនោះត្រូវបណា្តសាទៅចុះ!។ ដូចយើងបានជម្រាបមកស្រាប់ហើយ តែខ្ញុំក៏សូមជម្រាបម្តងទៀតថា ប្រសិនបើនរណាម្នាក់នាំដំណឹងល្អផ្សេងមកជូនបងប្អូន ខុសប្លែកពីដំណឹងល្អដែលបងប្អូនធ្លាប់ទទួល សូមឱ្យអ្នកនោះត្រូវបណ្តាសាទៅចុះ!។ ឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬចង់ឱ្យគាប់ព្រះហប្ញទ័យព្រះជាម្ចាស់? តើខ្ញុំស្វែងរកឱ្យមនុស្សពេញចិត្តឬ? ប្រសិនបើខ្ញុំនៅតែចង់ឱ្យមនុស្សពេញចិត្តនោះមានន័យថា ខ្ញុំលែងបម្រើព្រះគ្រីស្តទៀតហើយ!។
បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនថា ដំណឹងល្អដែលខ្ញុំបាននាំមកជូនបងប្អូន មិនមែនមានប្រភពចេញមកពីមនុស្សលោកទេ រីឯខ្ញុំផ្ទាល់ ខ្ញុំក៏ពុំបានទទួល ឬរៀនពីមនុស្សណាម្នាក់ដែរ គឺព្រះយេស៊ូគ្រីស្ដឯណោះទេដែលបានសម្ដែងឱ្យខ្ញុំស្គាល់។
ទំនុកតម្កើងលេខ ១១១ (១១០) ,១-២.៧-១០ បទពាក្យ ៧
១ | ចូរលើកតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ | ។ | |
២ | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង | |
អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
៧ | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
៨ | បញ្ជាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
៩ | ព្រះអង្គរំដោះប្រជារាស្រ្ត | ពួកគេទាំងអស់មានសេរី | |
ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្រ្តប្រុសស្រីរហូតទៅ | ។ | |
ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
១០ | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
អ្នកប្រតិបត្តិតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,២១
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យថ្មីឱ្យយើង គឺអ្នកដែលស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២៥-៣៧
ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកមកដូចម្ដេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ប៉ុន្តែ បណ្ឌិតខាងវិន័យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖«តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឱ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យមួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវីដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រាចាក់ពីលើមុខរបួស រុំរបួសឱ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឱ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ បណ្ឌិតខាងវិន័យឆ្លើយថា៖«គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឱ្យបានដូចអ្នកនោះទៅ»។
ស – ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានអំណរឱ្យយើងខ្ញុំ ដោយទេវទូតនាំដំណឹងអំពីព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ចាប់កំណើតជាមនុស្ស។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំឱ្យរួមជាមួយព្រះអង្គដែលសោយទុក្ខលំបាក និងសោយទិវង្គត ព្រមទាំងឱ្យទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែលទទួលព្រះជន្មថ្មីដ៏រុងរឿងផង គឺព្រះអង្គដែលមានព្រះជន្មគង់នៅ និងសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ១,១២-១៤
ពេលនោះ ក្រុមគ្រីស្ដទូតនាំគ្នាវិលត្រឡប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡឹមវិញ ដែលមានចម្ងាយផ្លូវប្រមាណមួយគីឡូម៉ែត្រ។ លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ គ្រីស្ដទូតទាំងនោះ គឺលោកសិលា លោកយ៉ូហាន លោកយ៉ាកុប លោកអន់ដ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់លោកយ៉ាកុប។ ពួកគេរួមចិត្តគំនិតគ្នា ព្យាយាមអធិស្ឋាន ដោយមានស្ត្រីឯទៀតៗ មាននាងម៉ារីជាមាតារបស់ព្រះយេស៊ូ និងមានបងប្អូនរបស់ព្រះអង្គមកចូលរួមជាមួយផងដែរ។
ទំនុកតម្កើងរបស់ព្រះនាងម៉ារី ១.៤៧-៥៥ បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្តែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកបរិសុទ្ធ | គោរពកោតទ្រង់រហូត | ។ | |
៥១ | ព្រះអង្គសម្តែងឫទ្ធិ | អស្ចារ្យពិតមិនរបូត | |
ការពារមនុស្សស្លូត | កម្ចាត់ហូតអ្នកឫកខែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតពេញប្រៀប | |
អ្នកមានធនធានពាប | ទ្រង់ដេញរាបដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្រ្ត | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
ស្រាអែលដែលនៅក្បែរ | អ្នកពូកែបម្រើខ្លាំង | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាក់ថ្នាំង | |
ជាមួយអប្រាហាំ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,២៨
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមមានអំណរសប្បាយ! ព្រះអម្ចាស់គង់ជាមួយនាង ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨
ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖«ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្ដេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ទេវទូតឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖«នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តគំនិតស្របតាមសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ។ ដោយយើងខ្ញុំនាំគ្នាលើកតម្កើងព្រឹត្តការណ៍ដ៏អស្ចារ្យ ដែលកើតឡើងនៅពេលព្រះបុត្រារស់នៅក្នុងលោកនេះ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលសុភមង្គលតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង។
ធម៌លើតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តពិតជាខាងដើម និងខាងចុងបំផុតនៃអ្វីៗទាំងអស់។ ព្រះអង្គពិតជាម្ចាស់នៃពេលវេលា ព្រះអង្គក៏យាងមកប្រមែប្រមូលអ្វីៗទាំងអស់ឱ្យស្ថិតនៅក្រោមអំណាចព្រះអម្ចាស់តែមួយដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និង សន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះបុត្រាឱ្យយើងខ្ញុំទទួលបានក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់យ៉ាងជិតស្និទ្ធជាមួយព្រះបុត្រា ដែលប្រសូតមកជាមនុស្ស ដែលសោយទុក្ខលំបាក និងសោយទិវង្គត ដើម្បីឱ្យយើងខ្ញុំទទួលសិរីរុងរឿងនៅថ្ងៃណាមួយ រួមជាមួយព្រះអង្គដែលទទួលព្រះជន្មថ្មីដ៏រុងរឿង ហើយដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។