ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គតែងតែប្រទានព្រះអំណោយទានដល់អស់អ្នកដែលអង្វរព្រះអង្គ ហួសពីសេចក្តីសុំរបស់គេ ហើយហួសពីបំណងប្រាថ្នារបស់គេទៀតផង។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំ សូមប្រោសប្រណីមកយើងខ្ញុំឱ្យរួចពីបាបនានា សូមប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២,១៨-២៤
កាលពីដើមដំបូងបង្អស់ គឺនៅពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គមានព្រះបន្ទូលថា៖ «បើមនុស្សនៅម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតម្នាក់ទៀតឱ្យជួយ និងបានជាគ្នា»។ ព្រះជាអម្ចាស់យកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់មុខ ដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឱ្យមនុស្ស ដោយចង់ជ្រាបថា គេនឹងដាក់ឈ្មោះឱ្យសត្វទាំងនោះយ៉ាងណា។ សត្វទាំងអស់ក៏មានឈ្មោះតាមមនុស្សដាក់ឱ្យ។ មនុស្សដាក់ឈ្មោះឱ្យសត្វស្រុកទាំងអស់ ដាក់ឈ្មោះឱ្យបក្សាបក្សីដែលហើរនៅលើមេឃ និងដាក់ឈ្មោះឱ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ ដូច្នេះ ព្រះជាអម្ចាស់សណ្តំមនុស្សឱ្យដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្សប្រុសមកធ្វើជាមនុស្សស្រី រួចព្រះអង្គនាំនាងមកជួប គាត់។ បុរសក៏ពោលឡើងថា៖ «លើកនេះ ពិតជាឆ្អឹងដែលកើតចេញមកពីឆ្អឹងអញ ជាសាច់ដែលកើតចេញមកពីសាច់អញ ត្រូវហៅនាងថា “ស្រ្តី” ព្រោះនាងបានកើតចេញពីបុរសមក។ ហេតុនេះហើយ បានជាបុរសចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយា ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
ទំនុកតម្កើងលេខ ១២៨ (១២៧),១-៦ បទកាកគតិ
១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
ពោរពេញមង្គល | ។ | ||
២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
ចម្រើនពេកក្រៃ | ។ | ||
៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
ដូចដើមឈើតូច | ។ | ||
៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
មិនពិបាករក | ។ | ||
៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
ក្នុងជីវិតអ្នក | ។ | ||
៦ | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
ឱ្យអុីស្រាអែល | បានសុខឥតអាក់ | គ្មានគ្រោះឧបសគ្គ | |
ជួបតែសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ២,៩-១១
ព្រះយេស៊ូមានឋានៈទាបជាងពួកទេវទូតតែមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គត។ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប ដោយសារព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់។ អ្វីៗទាំងអស់កើតមកដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឱ្យទទួលសិរីរុងរឿង។ ហេតុនេះ គួរគប្បីព្រះអង្គប្រោសប្រទានឱ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។ ព្រះយេស៊ូដែលប្រោសមនុស្សឱ្យបានវិសុទ្ធ និងមនុស្សដែលព្រះអង្គប្រោសឱ្យបានវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយ បានជាព្រះយេស៊ូមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់ព្រះអង្គឡើយ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្ថិតនៅជាប់ក្នុងសេចក្តីស្រឡាញ់ យើងនឹងស្ថិតនៅជាប់ក្នុងព្រះជាម្ចាស់! ព្រះអម្ចាស់ជាសេចក្តីស្រឡាញ់។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,២-១៦ (ឬយ៉ាងខ្លី ១០,២-១២)
មានថ្ងៃមួយ ពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ក្នុងគោបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាធ្វើអ្វី?»។ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឱ្យស្វាមីធ្វើលិខិតលែងលះភរិយាបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងវិន័យនេះឱ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរស ជាស្ត្រី។ ហេតុនេះហើយ បានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ ទៅជារូបកាយតែមួយ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ក្រុមសាវ័កទូលសួរព្រះយេស៊ូអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្រ្តីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្រ្តីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
ប្រសិនបើអានយ៉ាងខ្លី សូមអានត្រៀមនេះ
មានមនុស្សម្នានាំក្មេងតូចៗមកឱ្យព្រះយេស៊ូដាក់ព្រះហស្តលើពួកវា ប៉ុន្តែ ក្រុមសាវ័កស្តីបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឱ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គបានឡើយ»។ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឱ្យពួកវា ដោយដាក់ព្រះហស្តពីលើ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! រាល់ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំតែងតែនឹករឭកអំពីធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះគ្រីស្ត ដែលសព្វព្រះហប្ញទ័យបូជាព្រះជន្មសម្រាប់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់កាន់តែច្បាស់ឡើង ថា គ្មាននរណាស្រឡាញ់អ្នកដទៃខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិត ដើម្បីជាប្រយោជន៍ដល់អ្នកដែលខ្លួនស្រឡាញ់នោះទេ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រទានអាហារដែលផ្តល់ជីវិត និងព្រះលោហិតដែលចងសម្ពន្ធមេត្រីអស់កល្បជានិច្ចឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំគោរពព្រះអង្គដោយចិត្តស្មោះ និងស្រឡាញ់អ្នកដទៃកាន់ តែខ្លាំងឡើងៗផង។