បៃតង – រដូវធម្មតា
សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស
លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ឆ្អឹងជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។
សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ៣៨,១-៣.១២-២១; ៤០,៣-៥
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖«ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឱ្យយើងដឹងផង!។ តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជាឱ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឱ្យថ្ងៃរះឡើងបំភ្លឺជាយផែនដី និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ? ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។ រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ ដៃដែលធ្លាប់ធើ្វបាបអ្នកដ៏ទៃនឹងត្រូវបាក់។ តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ? តើមាននរណាបង្ហាញឱ្យអ្នកឃើញទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ? តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា? បើអ្នកដឹង ចូរនិយាយមកចុះ! តើពន្លឺស្ថិតនៅកន្លែងណា? តើសេចក្ដីងងឹតនៅឯណា? បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។ អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ! លោកយ៉ូបទូលព្រះអម្ចាស់ថា៖«ទូលបង្គំជាមនុស្សទន់ទាបណាស់ តើឱ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
ទំនុកតម្កើងលេខ ១៣៩ (១៣៨),១-២.៥.៧-១៤ បទពាក្យ ៧
១ | បពិត្រព្រះម្ចាស់ដ៏សប្បុរស | ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត | |
នៃទូលបង្គំដែលមានពិត | ព្រះអង្គស្គាល់ឥតសល់ចន្លោះ | ។ | |
២ | ទ្រង់ជ្រាបឥតបីមានសង្ស័យ | ក្រោកឈរអង្គុយគ្រប់ទាំងអស់ | |
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ | ពីមុនទាំងអស់ស្រេចទៅហើយ | ។ | |
៥ | ព្រះអង្គនៅពាំងទាំងមុខក្រោយ | ការពារមិនឱ្យមានកង្វល់ | |
មិនឱ្យខ្ញុំជួបគ្រោះអំពល់ | ព្រោះតែទ្រង់ផ្ដល់បារមីថ្លៃ | ។ | |
៧ | តើទូលបង្គំអាចទៅណា | ឆ្ងាយពីព្រះភក្រ្តាព្រះអង្គនោះ | |
គេចទៅទីណាមិនផុតសោះ | ព្រះអង្គជ្រាបអស់សព្វទិសា | ។ | |
៨ | បើខ្ញុំនឹងឡើងទៅលើមេឃ | ក៏មិនផុតភ្នែកផុតនេត្រ្តា | |
បើទៅនៅស្ថានមនុស្សមរណា | ក៏ជួបភក្ត្រាទ្រង់ជានិច្ច | ។ | |
៩ | ទោះបីជាខ្ញុំពាក់ស្លាបហោះ | ទៅកន្លែងរះព្រះអាទិត្យ | |
ឬទោះបីខ្ញុំចង់រត់គេច | ទៅរស់ឯលិចនាយសមុទ្រ | ។ | |
១០ | ក៏ព្រះអង្គគង់នៅទីនោះ | ឥតមានចន្លោះឬគេចផុត | |
ជួយដឹកនាំខ្ញុំលែងតក់ស្លុត | ដោយបារមីប្ញទ្ធិដ៏ឧត្តម | ។ | |
១១ | ប្រសិនបើខ្ញុំពោលឡើងថា | សូមឱ្យអន្ធិកាគ្របលើខ្ញុំ | |
ពន្លឺថ្ងៃដែលនៅជិតជុំ | ប្រែក្លាយយប់ផ្ដុំឥតពន្លឺ | ។ | |
១២ | ទោះបីងងឹតយ៉ាងណាក្ដី | ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ | |
ពេលយប់ដូចថ្ងៃជះរន្ទឺ | ងងឹតប្រែភ្លឺមានរស្មី | ។ | |
១៣ | ព្រះអង្គបង្កើតខ្ញុំបានសុខ | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
អ្នកម្ដាយមានគុណយូរខែថ្ងៃ | សន្ដោសប្រណីគ្រប់កាយា | ។ | |
១៤ | ខ្ញុំសូមលើកតម្កើងព្រះអង្គ | ស្នាព្រះហស្ដទ្រង់ដ៏អស្ចារ្យ | |
ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៣-១៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម្ល៉េះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះហើយ បានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ! អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកមិនព្រមទទួលអ្នករាល់គ្នា ក៏ដូចជាមិនព្រមទទួលខ្ញុំដែរ ហើយអ្នកមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ»។
ស – សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គបានបំភ្លឺចិត្តគំនិតសន្តហ្វ្រង់ស៊ីស្កូឱ្យដាក់ខ្លួនជាជនក្រីក្រ និងជនសុភាពរាបសា យកតម្រាប់រស់តាមព្រះយេស៊ូ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តលះបង់សេចក្តីលោភលន់ និងសុខចិត្តចែកចាយទ្រព្យរបស់ខ្លួនដល់អ្នកដែលត្រូវការ ដើម្បីឱ្យយើងខ្ញុំបានអំណរសប្បាយដ៏ពិតប្រាកដអស់កល្បជានិច្ចផង។
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៦,១៤-១៨
បងប្អូនជាទីស្រលាញ់!
រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនអំពីអ្វីក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោកលែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯណោះទើបសំខាន់។ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត និងមេត្តាករុណាដល់អស់អ្នកដែលអនុវត្តតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រាអែលរបស់ព្រះអង្គ។ អំណើះតទៅ សូមកុំឱ្យនរណាម្នាក់ធ្វើឱ្យខ្ញុំពិបាកចិត្តទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូនៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ បងប្អូនអើយ សូមព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់វិញ្ញាណរបស់បងប្អូន។ អាម៉ែន។
ទំនុកតម្កើងលេខ ១៦(១៥),១-២.៥.៧-១១ បទពាក្យ ៧
១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១១, ២៥-៣០
នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖«បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ «អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនឹករឭកដល់សន្តហ្វ្រង់ស៊ីស្កូ សូមប្រោសយើងខ្ញុំឱ្យសុខចិត្តបូជាជិវិតថ្វាយព្រះអង្គដូចលោកផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានជ្រើសរើសខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តសទ្ធាជ្រះថ្លា និងយកចិត្តទុកដាក់ប្រកាសដំណឹងល្អរបស់ព្រះគ្រីស្តដល់មនុស្សទាំងឡាយ ដូនសន្តហ្វ្រង់ស៊ីស្កូផង។