សូមថ្លែងព្រះគម្ពីរលោកយ៉ូប យប ១៩,២១-២៧
លោកយ៉ូបមានប្រសាសន៍ទៅកាន់អ្នកដែលបន្ទោសលោកថា៖«មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។ ហេតុអ្វីបានជាអស់លោកដេញតាមខ្ញុំដូចព្រះជាម្ចាស់យ៉ាងនេះ អស់លោកធ្វើទុក្ខខ្ញុំប៉ុណ្ណឹងហើយមិនល្មមទេឬ? សូមឱ្យពាក្យពេចន៍របស់ខ្ញុំបានសរសេរទុក គឺចារទុកនៅក្នុងក្រាំងមួយ! សូមឱ្យគេចារឹកពាក្យនេះដោយដែកឆ្លាក់ និងសំណទុកនៅលើផ្ទាំងថ្មរហូតតទៅ។ ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មគង់នៅ ព្រះអង្គនឹងក្រោកឈរឡើងក្រោយគេបង្អស់នៅលើផែនដី។ ក្រោយពេលរូបកាយរបស់ខ្ញុំរលាយបាត់ទៅ នោះខ្ញុំផ្ទាល់នឹងឃើញព្រះភក្ត្រព្រះជាម្ចាស់ ខ្ញុំនឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក គឺព្រះអង្គដែលខ្ញុំធ្លាប់ស្គាល់ ចិត្តខ្ញុំរំជួលរង់ចាំពេលនោះ។
ទំនុកតម្កើងលេខ ២៧ (២៦),៧-៩.១៣-១៤ បទពាក្យ ៧
៧ | ឱព្រះម្ចាស់អើយសូមសណ្ដាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្ដើយ | ។ | |
៨ | ខ្ញុំនឹកទៅដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភក្រ្ត | ។ | |
៩ | សូមទ្រង់អាណិតដល់រូបខ្ញុំ | កុំពួនសំងំនៅលួចលាក់ | |
កុំព្រះពិរោធកុំអន់អាក់ | កុំបណ្ដេញអ្នកបម្រើចោល | ។ | |
ព្រះអង្គសង្គ្រោះទូលបង្គំ | កុំទុករូបខ្ញុំនៅតែលតោល | ||
ឱព្រះសង្គ្រោះដូចស្រមោល | កុំទុកខ្ញុំចោលដូច្នេះណា | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្ដមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ចូរនាំគ្នាជឿដំណឹងល្អចុះ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២
ក្នុងចំនោមសាវ័កទាំងប៉ុន្មាន ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយព្រះអង្គចាត់គេពីរនាក់ៗឱ្យទៅតាមភូមិតាមស្រុកនានាដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ស្រូវដែលត្រូវច្រូតមានច្រើនណាស់តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា៖« សូមឱ្យអ្នកក្នុងផ្ទះនេះ បានប្រកបដោយសេចក្ដីសុខសាន្ដ»។ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដនឹងសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធើ្វការតែងតែទទួលឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា៖«ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតដល់អ្នករាល់គ្នាហើយ»។ ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសនៅតាមទីផ្សារថា៖«សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែសូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់បានមកជិតបង្កើយហើយ»។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិឆ្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ»។